វី​ង​និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​សហការគ្នា​លើ​ការទូទាត់​ប្រាក់​ឌីជីថល​

153
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ធនាគារ​ឯកទេស​វី​ង​ដែលជា​អ្នកផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​កាលពី​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០២០​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​អំពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ថ្មី​ដើម្បី​ផ្តល់នូវ​មធ្យោបាយ​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើងដល់​សមាជិក​ខ្លួន​តាមរយៈ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ឌីជីថល​របស់​វី​ង​។​

​តាមរយៈ​ភាពជា​ដៃគូ​នេះ​សមាជិក​របស់​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​នឹង​អាច​ទទួលបាន​បទពិសោធ​ន៍​ជាមួយ​ផលិតផល​និង​សេវាកម្ម​របស់​វី​ង​ដែល​ប្រកបទៅដោយ​ភាព​ច្នៃប្រឌិត​ហើយ​ត្រូវបាន​រៀបចំឡើង​។​ជាពិសេស​សម្រាប់​អតិថិជន​សហគ្រាស​ខ្នាត​មីក្រូ​តូច​និង​មធ្យម​ព្រមទាំង​អតិថិជន​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ដោយ​ផ្តល់ជូន​ពួកគេ​នូវ​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​ប្រចាំថ្ងៃ​។​ទាំង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​រឹងមាំ និង​បណ្តាញ​ភ្នាក់ងារ​វី​ង​ជាង ៧.៥០០​កន្លែង​ទូទាំងប្រទេស​។​

​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បាន​មាន​ប្រសា​ស​ន៏​ថា​៖ «​ខ្ញុំ​ជឿជាក់ថា​ភាពជា​ដៃគូ​នេះ​នឹង​នាំមក​នូវ​បច្ចេកវិទ្យា​ឈានមុខ​គេ​នៃ​សេវាកម្ម​ហិរញ្ញវត្ថុ​ឌីជីថល​របស់​វី​ង​ដែល​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សមាជិក​។​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​និង​ធ្វើ​សមាហរណកម្ម​នៅក្នុង​តំបន់​ខណៈពេលដែល​ប្រទេស​កម្ពុជា​ក៏ដូចជា​ប្រទេស​ជាច្រើន​ទៀត​កំពុង​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​នាពេល​ដ៏​ឆាប់​ខាងមុខនេះ​»​។​

​ដោយ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១០​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​គឺជា​បណ្តុំ​នៃ​អាជីវកម្ម​ធុន​តូច​មធ្យម​នៅ​កម្ពុ​ជាមាន​សមាជិក​ជាង​៣០០​ដែលជា​ម្ចាស់​នៃ​ក្រុមហ៊ុន​ជំនួញ​ផ្សេងៗ​ជាច្រើន​នៅ​ទូទាំងប្រទេស​កម្ពុជា​។​សហព័ន្ធ​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​តាមរយៈ​ការធ្វើសមាហរណកម្ម​ទីផ្សារ​ក្នុង​តំបន់​ក៏ដូចជា​ទីផ្សារ​សកល​។​

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​មានប្រសាសន៍ថា​៖ «​សហគ្រាស​ធុន​តូច​និង​មធ្យម​បានរួម​ចំណែក​យ៉ាងសំខាន់​ចំពោះ​ភាពរឹងមាំ​និង​ស្ថិរភាព​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។​យើង​បាន​យល់ដឹង​យ៉ាងច្បាស់​នូវ​បញ្ហា​ប្រឈម​របស់​សហគ្រាស​ខ្នាត​មីក្រូ តូច​និង​មធ្យម ក៏ដូចជា​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​កំពុងតែជួបប្រទះ​ចំពោះ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ ហេតុ​ដូច​ច្នេះ​ហើយ យើង​បាន​ផ្តួចផ្តើម​គំនិត​ថ្មីៗ​ដែលជា​ដំណោះស្រាយ​ដ៏​ល្អ​ក្នុងការ​ដោះ​បន្ទុក​ទាំងនេះ ដើម្បី​ឲ្យ​ពួកគេ​អាច​ផ្តោតលើ​ការ​ការពង្រីក​អាជីវកម្ម​ជាង​មុន​»​។​

​វី​ង​បានផ្តល់​ជូន​នូវ​ផលិតផល​និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដែលមាន​ប្រសិទ្ធ​ផល​និង​ប្រសិទ្ធភាព ក្នុងការ​គ្រប់គ្រង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​សហគ្រាស​ធុន​តូច និង​មធ្យម ប្រកប​ភាពងាយស្រួល និង​មាន​ការធានា​។​ផលិតផល​និង​សេវាកម្ម​ទាំងនេះ​រួមមាន​៖​សេវាកម្ម​បើកប្រាក់​បៀវត្ស​ដែលមាន​ភាពងាយស្រួល​និង​រហ័ស​សេវា​ទូទាត់​វិក្កយបត្រ​សេវា​ទូទាត់​ចំណាយ​តាម​អន​ឡាយ​ជាមួយនឹង​ដំណោះស្រាយ​នៃ​ការទូទាត់​ផ្សេងៗ​ទៀត​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដែល​បានផ្តល់​ឲ្យ​ពួកគេ​នូវ​ជម្រើស​ហិរញ្ញវត្ថុ​កាន់​ត​អស្ចារ្យ​ជាមុន​។​

​ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ឥឡូវនេះ​វី​ង​គឺជា​ស្លាក​យីហោ​មួយ​ដែល​ត្រូវបាន​ទទួលស្គាល់​និង​ទុកចិត្ត​បំផុត​ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត​និង​អេ​ឡិច​ត្រូ​និ​ច ហើយ​បាន​ចាប់​ដៃគូ​ជាមួយ​ពាណិជ្ជករ​ជាង ៤ ម៉ឺន​ក្រុមហ៊ុន និង​បាន​សហការ​ជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ជាដើម​៕S/

​ចំណងជើង​រូបថត​៖​វី​ង​និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​សហការគ្នា​លើ​ការទូទាត់​ប្រាក់​ឌីជីថល​(​រូបៈ​សុផល​)​