វៀតណាម​ឃាត់​ជនជាតិ​ចិន​២​នាក់​ដាក់​នៅ​ដាច់​ពី​គេ នៅ​ពេល​ថៃ​សម្តែង​ការព្រួយបារម្ភ​អំពី​ជំងឺរលាក​សួត​អាថ៌កំបាំង​

255
ចែករម្លែក

​ជនជាតិ​ចិន​ពីរ​នាក់​មក​ពី​ក្រុង​វូ​ហាន​ដែល​មាន​រោគសញ្ញា​គ្រុ​នក្តៅ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​បន្ទាប់ពី​ពួកគេ​បាន​ទៅ​ដល់​អាកាសយានដ្ឋាន​ក្រុង​ដា​ណាំង​​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​មករា​។​

​ឥឡូវ​ឈាម​របស់​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅ​ពិនិត្យរ​ក​មូលហេតុ​ដែលនាំឲ្យ​ពួកគេ​ក្តៅខ្លួន​។​វា​ជា​ករណី​ដំបូង​ដែល​ជនបរទេស​ចូល​ក្នុង​ប្រទេស​វៀតណាម​កើត​​មាន​រោគសញ្ញា​រលាក​សួត​ចាប់តាំងពី​ពេល​វា​បាន​ផ្ទុះឡើង​នៅ​ចិន​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​។​

​ក្រុង​វូ​ហាន​ ជា​ប្រភព​ផ្ទុះ​ជំងឺងឺ​រលាក​សួត​ដែល​បាន​រាលដាល​នៅ​ចិន​និង​ត្រូវបាន​រក​ឃើញ​ក្នុង​ភ្ញៀវ​ចិន​នៅ​ថៃ​និង​ចុងក្រោយ​លើ​អ្នកដំណើរ​ជប៉ុន​ដែល​មក​ពី​ក្រុង​​វូ​ហាន​។​

​សូមបញ្ជាក់​ថា មនុស្ស​៤១​នាក់​ត្រូវបាន​រកឃើញ​ថា​ឆ្លង​ជំងឺនេះ​នៅ​វូ​ហាន ហើយ​បុរស​វ័យ​៦១​ឆ្នាំ​ម្នាក់​ស្លាប់​ដោយសារ​វា​។​

​អាកាសយានដ្ឋាន​ក្រុង​ហាណូយ ក្រុង​ហូជីមិញ និង​ខេត្ត​ខាញ់ ហ័​រ ដែល​ជា​ទីតាំង​សំខាន់​សម្រាប់អ្នកទេសចរ​ចិន បាន​បំពាក់​គ្រឿង​បរិក្ខា​រសម្រាប់​ត្រួតពិនិត្យ​កំដៅ​​ខ្លួន​របស់​អ្នកដំណើរ​។​

បុរស​ចិន​(​ឆ្វេង​)​ត្រូវបាន​សមត្ថកិច្ច​សុំអោយ​ឈប់​ដើម្បី​ពិនិត្យ​កំដៅ​ក្នុង​ខ្លួន​នៅ​អាកាសយានដ្ឋាន កាំ​រ៉ាញ់ ក្នុង​ខេត្ត​ខាញ់ ហ័រ​កាលពី​ថ្ងៃ​១៣​មករា​

​ជំងឺរលាក​សួត​បច្ចុប្បន្ន ដែល​បង្កឡើង​ដោយ​វីរុស​ថ្មី​មួយ​ក្នុង​ក្រុម​កូរ៉ូណា​វីរុស ដែល​បាន​បង្ក​ជំងឺសា​(​ជំងឺរលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​)​នៅ​ចិន និងជំងឺងឺ​មឺ​ស​(​ជំងឺផ្លូវ​​ដង្ហើម​មជ្ឈិមបូព៌ា​) បាន​ចម្លង​ទៅ​ស្រី​ចិន​ម្នាក់ ហើយ​ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​នៅ​ពេល​នាង​បាន​ទៅ​ដល់​ថៃ​នៅ​ខែ​នេះ​។​

​ដោយ​អាច​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស ជំងឺ​ថ្មី​នេះ​មិន​ទាន់​មាន​ឱសថ​ព្យាបាល​នៅឡើយ​ទេ តែ​គ្រូពេទ្យ​អាច​ប្រើ​ឱសថ​ប្រឆាំង​វីរុស​។​អាជ្ញាធរ​វៀតណាម​បាន​ណែនាំ​ប្រ​​ជា​ជន​នៅ​ឆ្ងាយ​ពី​អ្នក​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ និង​ពាក់​ម៉ាស​មុខ​បើ​និយាយ​ជាមួយ​អ្នក​ជម្ងឺ​។​

​ការរក្សា​កំដៅ​ខ្លួន មាន​អនាម័យ ជាពិសេស​លាងដៃ​ជាប្រចាំ​ជាមួយ​សាប៊ូ​និង​ខ្ពុលមាត់​ជាមួយ​នឹង​ទឹក​សម្លាប់​មេរោគ​ក៏​ជា​វិធី​បង្ការ​ដែល​ត្រូវ​បាន​ណែនាំ​ឲ្យ​​អនុវត្ត​ផង​ដែរ​។​

​ក្នុងពេល​ជាមួយគ្នា មន្ត្រី​សុខាភិបាល​ថៃ​កំពុង​បង្កើន​ការត្រួតពិនិត្យ​នៅ​តាម​អាកាសយានដ្ឋាន ដើម្បី​រក​ជនសង្ស័យ​កើត​ជំងឺ​នេះ ជាពិសេស​ភ្ញៀវ​មក​ពី​ចិន នៅ​​មុន​ចូលឆ្នាំ​ចិន ជា​ពេល​ដែល​អ្នកទេសចរ​ចិន​សម្រុកចូល​មក​ក្នុងប្រទេស​នេះ​។​

​ប្រធាន​ទេសចរណ៍​ថៃ បាន​ប្រាប់​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ពុធ​ថា អ្នកទេសចរ​ចិន​ប្រមាណ​៨​សែន​នាក់​អាច​នឹង​ចូលមក​ថៃ​នៅ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ថ្មី​នៅ​ចុង​​ខែ​នេះ​។​ក្រសួង​សុខាភិបាល​បាន​បង្កើន​ការត្រួតពិនិត្យ​នៅ​អាកាសយានដ្ឋាន​៤​ដែលមាន​ជើងហោះហើរ​មក​ពី​ក្រុង​វូ​ហាន​។​

​ពិភពលោក​ប្រយ័ត្នប្រយែង​អំពី​ជំងឺរលាក​សួត​អាថ៌កំបាំង​នេះ ដោយសារ​តែ​វា​បង្កឡើង​ពី​វីរុស​ថ្មី​មួយ​ក្នុង​គ្រួសារ​កូរ៉ូណា​វីរុស ដែល​បាន​បង្ក​ជំងឺសា​នៅ​ចិន​កាលពី​ឆ្នាំ​២០០២-២០០៣ និង​សម្លាប់​មនុស្ស​ជិត​៨០០​នាក់​នៅ​ទូទាំង​ពិភពលោក​៕​ប្រែ​សម្រួល​៖​វាសនា​/Ha