វៀតណាម​និង​ចិន​កំពុង​ឆ្លងឆ្លើយ​គ្នា បន្ទាប់​ពី​នាវា​ចិន​និង​ទូក​នេសាទ​វៀតណាម​បុក​គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង

211
ចែករម្លែក

​វៀតណាម​បាន​និយាយថា នាវា​ចិន​មួយ​បាន​បុក​ពន្លិច​ទូក​របស់​ខ្លួន​នៅ​ជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល និង​បាន​ចាប់​ឃាត់​ទុក​ខ្លួន​នាវិក​៨​នាក់​នៃ​ទូក​ដែល​លិច​នោះ រួម​ទាំង​ទូក​២​ទៀត​ដែល​ចូល​ទៅ​សង្គ្រោះ​​តែ​រដ្ឋាភិបាល​ចិន​បាន​អះអាង​ថា គឺ​ទូក​វៀតណាម​ទេ​ដែល​បាន​បត់​ឆែវ​ភ្លាមៗ​ពីមុខ​នាវា​របស់ខ្លួន​ហើយ​បុក​នាវា​ចិន ដែល​បាន​ព្យាយាម​គេច​ពី​ទូក​វៀតណាម​។​

​ង្វៀន វ៉ាន់ ហៃ មន្ត្រី​វៀតណាម​នៅ​ខេត្ត​ក្វាង ង៉ា​យ បាន​អះអាង​ថា ទូក​នេសាទ​វៀតណាម​ជាមួយ​នាវិក​៨​នាក់​ត្រូវ​បុក​ពន្លិច​ដោយ​នាវា​ចិន​នៅ​ជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​។​«​នេះ​ជា​លើកដំបូង​ដែល​នាវា​​ចិន​បុក​ពន្លិច​ទូក​នៅ​ក្នុង​ឃុំ​របស់​យើង​នៅ​ឆ្នាំនេះ​»​។​

​ហៃ បាន​និយាយថា ទូក​នេះ​ត្រូវ​បាន​បុក​លិច​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​មេសា មុនពេល​ចាប់ខ្លួន​សមាជិក​ទូក​ទៅ​ដាក់​លើ​កោះ​ជិត​នោះ​មួយ​។​

​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី ហួរ ជុន​យី​ង កាលពី​ថ្ងៃ​សុក្រ​ទី​០៣​មេសា​បាន​និយាយថា ទូក​នេសាទ​វៀតណាម​មិន​ព្រម​ចាក​ចេញពី​តំបន់​នេះ នៅពេល​នាវា​ឆ្មាំ​សមុទ្រ​ចិន​​បញ្ជា​អោយ​ចាកចេញ​។​លោកស្រី​បាន​បន្ថែមថា ទូក​វៀតណាម បាន​បត់​ឆែវ​កាត់ទ​ទឹកមុខ​នាវា​ចិន និង​បុក​នាវា​ចិន​ដែល​ព្យាយាម​គេច​ពី​វា​។​

​សារព័ត៌មាន​វៀតណាម​ដែល​បាន​ស្រង់​សម្តី​ប្រភព​ព័ត៌មាន​មូលដ្ឋាន បាន​និយាយថា ទូក​នេសាទ​វៀតណាម​២​ទៀត​បាន​ចូល​ទៅ​ជួយ​អ្នកនេសាទ​៨​នាក់ តែ​ក៏​ត្រូវ​ចិន​ឃាត់ទុក តែ​ចិន​បាន​ដោះលែង​អ្នក​​នេសាទ​ទាំង​៨​នាក់​និង​ទូក​សង្គ្រោះ​ពីរ​របស់​វៀតណាម​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។​

​ទោះជា​យ៉ាងណា តាមរយៈ​កំណត់ហេតុ​ទូត​មួយ​បញ្ជូនទៅ​អោយ​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​សុក្រ វៀតណាម​ទាមទារ​អោយ​រដ្ឋាភិបាល​ចិន​ចាត់ការ​លើ​នាវា​ឆ្មាំ​សមុទ្រ​ចិន​ដែល​ខ្លួន​អះអាង​​ថា​បាន​បុក​ពន្លិច​ទូក​នេសាទ​វៀតណាម​និង​សង​ការខូចខាត​របស់​អ្នកនេសាទ​៕​ប្រែ​សម្រួល​៖​វាសនា​

ទូក​នេសាទ​វៀតណាម​នៅ​សមុទ្រ​ចិន​ខាងត្បូង ។​ក្រោយ​ឧបទ្ទវហេតុ​កណ្តាល​សមុទ្រ មិនដឹង​ខាង​ណា​សង​ខាង​ណា​ទេ ពីព្រោះ​ម្ខាងៗ​អះអាង​ថា​ហេតុការណ៍​បាន​កើត​ឡើង​ក្នុង​ដែនសមុទ្រ​របស់​ខ្លួន​និង​ខ្លួន​​អ្នក​អ្នករងគ្រោះ​ពី​ភាគី​ម្ខាង​ទៀត​