វៀតណាម​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូ​ណាទី​៣៥ ក្រោយ​​រក​ឃើញអ្នកឆ្លង​ថ្មី​មកពី​អឺរ៉ុប​

180
ចែករម្លែក

​នៅ​ពេល​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ប្រកាសថា​បាន​ព្យាបាល​ជា​អស់អ្នក​ជម្ងឺ​កូវី​ដ​-១៩​ទាំង​១៦​នាក់ វៀតណាម​ឥឡូវ​ស្រាប់តែ​ជួប​កំណើន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​​នេះ ក្រោយ​ពី​រក​ឃើញ​អ្នក​ឆ្លង​វីរុស​មកពី​អង់គ្លេស​។​

​ក្រសួង​សុខាភិបាល​វៀត​ណា​ម​នៅ​ថ្ងៃ​ពុធ​ទី​១១​មីនា បាន​ប្រកាស​ថា​អ្នក​ឆ្លង​វីរុស​នេះ​សរុប​មាន​ចំនួន​៣៥​នាក់​។​

​អ្នកដំណើរ​១៣​នាក់​ជិះ​ក្នុង​យន្តហោះ​មួយ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ក្នុង​ដំណើរ​ពី​ក្រុង​ឡុង​ដ៍​មក​កាន់​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​០២​មីនា ត្រូវ​បាន​ពិនិត្យ​​ឃើញកូ​វីដ​-១៩ ភាគច្រើន​ជា​ជនជាតិ​អង់គ្លេស​ឬ​វៀតណាម​ដែល​បាន​ធ្វើដំណើរ​ទៅ​អឺរ៉ុប រួមមាន​ប្រទេស​អ៊ីតាលី​។​

​អ្នក​ផ្ទុក​វីរុស​កូរ៉ូ​ណាទី​៣៥ គឺជា​ស្ត្រី​អ្នកលក់ដូរ​ម្នាក់​នៅ​ក្រុង​ដា​ណាំង​ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នកទេសចរ​អង់គ្លេស​ដែល​មាន​មក​ដល់​វៀតណាម​កាលពី​ថ្ងៃ​០៤​មីនា​។​​តែ​អ្នក​ជម្ងឺ​ទី​៣៤ ជា​ស្ត្រី​អ្នកជំនួញ​ម្នាក់​ដែល​បាន​ធ្វើដំណើរ​មកពី​អាម៉េរិក​។​ស្ត្រី​វ័យ​៥១​ឆ្នាំ​នេះ​បាន​ធ្វើដំណើរ​ពី​ក្រុង​ញូវយ៉ក​មក​កាន់​ទីក្រុង​ហូ​ជី​មី​ញ​កាលពី​ថ្ងៃ​២២​កុម្ភៈ ដោយ​ត​ជើង​យន្តហោះ​នៅ​កូរ៉េខាងត្បូង​។​

​វៀតណាម​នៅ​មិនទាន់​មាន​អ្នកស្លាប់​ដោយ​វីរុស​នេះ​ទេ​។​កាលពី​ថ្ងៃ​ចន្ទ វៀតណាម​បាន​ផ្អាក​ការមិន​យក​ទិដ្ឋាការ​លើ​ពលរដ្ឋ​មកពី​ប្រទេស​អឺរ៉ុប​ចំនួន​៨​ដោយសារតែ​​ការផ្ទុះ​កូរ៉ូ​ណានេះ​។​ប្រទេស​ទាំង​៨​រួមមាន ដា​ណឺ​ម៉ាក ន័​រវេស ហ្វាំង​ឡ​ង់ ស៊ុយអែត អង់គ្លេស អាឡឺម៉ង់ បារាំង​និង​អេ​ស្ប៉ា​ញ​៕​ប្រែ​សម្រួល​៖​វាសនា​

បុគ្គលិក​ពេទ្យ​ត្រៀម​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តំបន់​ជុំវិញ​កន្លែង​ស្នាក់នៅ​របស់​អ្នក​ផ្ទុក​វីរុស​កូរ៉ូ​ណាទី​៣៤​នៅ​ខេត្ត ប៊ិញ​ធួន​កាលពី​ថ្ងៃ​១០​មីនា​