វេជ្ជបណ្ឌិត​រុស្ស៊ី ដែល​បាន​ជួប​ប្រធានាធិបតី​ពូ​ទីន ​កើតកូ​វីដ​១៩

654
ចែករម្លែក

​ប្រធាន​មន្ទីរពេទ្យ​ផ្នែក​ព្យាបាល​កូវី​ដ​១៩​នៃ​ទីក្រុង​ម៉ូស្គូ ដែល​បាន​ជួប​ជាមួយ ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាល​ពី​មួយ​សប្តាហ៍​មុន បាន​ធ្វើតេស្តិ៍​វិជ្ជមាន​នៃ​វីរុស​កូវី​ដ​១៩​ ខណៈ​ដែល​វិមាន​​ក្រឹម​ឡាំង​បានប្រកាសថា សុខភាព​របស់​មេដឹកនាំ​រុស្ស៊ី​នេះគឺ​ល្អ​ជា​ធម្មតា​។​

​កាលពី​ថ្ងៃ​អង្គារ វេជ្ជបណ្ឌិត ដេ​នីស ប្រូត​សេន​កូ​ ប្រធាន​មន្ទីរពេទ្យ​ផ្នែក​ព្យាបាល​កូវី​ដ​១៩ នេះ​បាន​ជួប​ជាមួយលោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​បាន​ទៅ​ពិនិត្យ​មើល​មន្ទីរពេទ្យ​​មួយ​ដោយ​ពាក់អាវ​ពេទ្យ​ការពារ​ផងដែរ​នៅពេលនោះ​។​

​ប៉ុន្តែ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អាយុ​៦៧​ឆ្នាំនេះ ត្រូវបាន​គេ​ឃើញ​និយាយ​ជាមួយ​វេជ្ជបណ្ឌិត​ដេ​នីស ប្រូត​សេន​កូ ដោយ​មិនបាន​ពាក់អាវ​ពេទ្យ​ការពារនោះទេ​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង បាន​ប្រាប់​សារព័ត៌មាន​រុស្ស៊ី​ថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ធ្វើតេស្តិ៍​ជា​ទៀងទាត់​ ហើយ​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​អំពី​សុខភាព​របស់​លោក​ឡើយ​។​

​វេជ្ជបណ្ឌិត ដេ​នីស ប្រូត​សេន​កូ បាន​និយាយថា គាត់​បាន​ធ្វើតេស្តិ៍​វិជ្ជមាន ប៉ុន្តែ​មាន​សុខភាព​ល្អ​ជា​ធម្មតា​ទេ​។​

​វេ​ជ្ជ​ដេ​នីស ប្រូត​សេន​កូ ជា​វេជ្ជបណ្ឌិត​ដ៏​សំខាន​នៅ​ជួរ​មុខ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​វីរុស​កូវី​ដ​១៩ នៅ​ប្រទេស​រុស្ស៊ី ។​

​នៅ​ប្រទេស​រុស្ស៊ី ដោយ​គិត​រហូត​មកដល់ពេលនេះ មាន​ករណី​ឆ្លង​សរុប​ចំនួន​២.៣៣៧​នាក់​និង​មាន​អ្នកស្លាប់​ដោយ​វីរុស​នេះ ចំនួន​១៧​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (​រូប​ស្តាំ​) ចាប់​ដៃ​និង​និយាយ​ជាមួយ​វេជ្ជបណ្ឌិត​ដេ​នីស ប្រូត​សេន​កូ​ក្នុងអំឡុង​ពិនិត្យមើល​មន្ទីរពេទ្យ​មួយ​នៅក្រៅ​ទីក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃទី​២៤​ខែ​មីនា​ឆ្នាំ​២០២០