សកម្មជន​ការពារ​សត្វ សង្គ្រោះ​ឆ្កែ ១.២០០ ក្បាល មុនពេល​គេ​យក​វា​ទៅ​សម្លាប់​សម្រាប់​ធ្វើបុណ្យ​ស៊ីសាច់​ឆ្កែ​

1217
ចែករម្លែក

​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ មុន​ឈានដល់​ពិធីបុណ្យ​ស៊ីសាច់​ឆ្កែ ហៅថា បុណ្យ​សាច់​ឆ្កែ​យូ​លីន សកម្មជន​ការពារ​សត្វ​ចិន​បាន​ស្កាត់​រថយន្ត​មួយគ្រឿង ដឹក​ឆ្កែ​ជាង ១.០០០ ក្បាល សម្រាប់​យកទៅ​សម្លាប់​ធ្វើ​សាច់​ស៊ី​។​

​រថយន្ត​នេះ​ត្រូវបាន​ប្រទះឃើញ​បើក​លើផ្លូវ​ហាយវ៉េ​មួយ​ក្នុង​ខេត្ត​ក្វាង​ទុង ដោយ​សកម្មជន​ពីរ​នាក់ ដែល​តេ​ហៅ​គ្នា​មកជួយ​យ៉ាង​លឿន​។ នៅពេល​រថយន្ត​នោះ​ឈប់​ចាក់​សាំង​នៅ​សង្កាត់​បៃ​យ៉ុ​ន ក្រុង​ក្វាង​ចូ​វ រថយន្ត​នោះ​ត្រូវបាន​ឡោមព័ទ្ធ​ជិត​ដោយ​រថយន្ត​ជាច្រើន​គ្រឿង​របស់​សកម្មជន​។ នេះ​បើតាម​កាសែត​អន​ឡាញ NetEase​។​

​ដោយ​បដិសេធ​មិនឱ្យ​អ្នកបើកបរ​ចាកចេញ សកម្មជន​ទាំងនោះ​បានទាមទារ​ឱ្យ​បង្ហាញ​លិខិតបញ្ជាក់​ពី​ការពិនិត្យ​សុខភាព​សត្វ និង លិខិត​ដឹកជញ្ជូន​សត្វ​។ នៅពេល​អ្នកបើកបរ​មិនមាន​លិខិត​ទាំងនេះ ពួក​សកម្មជន​ក៏បាន​តេ​ហៅ​អាជ្ញាធរ​ក្នុងស្រុក​។​

​ការប្រឈមមុខគ្នា​បានអូសបន្លាយ​ដល់ពេល​យប់ ជាមួយ​អ្នកស្ម័គ្រចិត្ត​ជាច្រើន​បាន​ប្រឈម​ជាមួយ​ប៉ូលិស ដោយ​ជំរុញ​ពួក​ប៉ូលិស​អនុវត្ត​តាមច្បាប់​គ្រប់គ្រង​សត្វ​របស់​ចិន និង ព្រលែង​សុនខ​ឱ្យមាន​សេរីភាព​។ ទីបំផុត ការព្រមព្រៀង​គ្នា​ក៏​សម្រេចបាន បន្ទាប់ពី​សកម្មជន​នាំគ្នា​ដោះលែង​ឆ្កែ​ចេញពី​ទ្រុង​នៅ​ជម្រក​សត្វ​មួយ​នៅ​ក្រុង​ក្វាង​ចូ​វ​៕

​ឆ្កែ​ជាង ១.២០០ ក្បាល​ត្រូវបាន​សង្គ្រោះ​នៅ​ក្វាង​ចូ​វ