សកម្មជន​ហុងកុង ទៅ​តៃវ៉ាន់​ដើម្បី​ពន្យុះ​ប្រជាជន​ចិន​កោះ​តៃវ៉ាន់​អោយ​ប្រឆាំង​រដ្ឋអំណាច​ចិន​ដីគោក​

2753
ចែករម្លែក

​សកម្មជន​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង លោកចូ​សួរ វ៉ុង​( Joshua Wong )​ដែល​ជា​មេដឹកនាំ​សំខាន់​នៅក្នុង​ការតវ៉ា​ដែល​កំពុង​កើង​ឡើង​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​នៅ​ទីក្រុង​ហុងកុង​នោះ​កាលពី​ថ្ងៃ​អង្គារ​ទី​០៣​កញ្ញា បាន​ជំរុញ​ប្រជាជន​តៃវ៉ាន់​ឱ្យធ្វើ​បាតុកម្ម​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅ​ពេល​ពួកគេ​ប្រឈម​មុខ​នឹង​សម្ពាធ​កាន់តែខ្លាំង​​ឡើង​ពី​ចិន​។​

​លោក Joshua Wong ជា​អគ្គលេខាធិការ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ហុងកុង​ហៅថា​Demosisto​បាន​ទៅ​ដល់​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ​សម្រាប់​ព្រឹត្តិការណ៍​ជា​បន្ត​បន្តាប់​ជាច្រើន​​ដែល​រៀបចំឡើង​ដោយ​ក្រុម​នយោបាយ​ក្នុងស្រុក​។​

​លោក Joshua Wong អាយុ​២២​ឆ្នាំនេះ បាន​និយាយ​នៅ​សន្និសីទកាសែត​នៅ​ទីក្រុង​តៃប៉ិះ​កោះ​តៃ​វ៉ាន់ថា “​យើង​សង្ឃឹមថា​នៅមុន​ថ្ងៃបុណ្យ​ជាតិចិន​កុ​ម្មុយ​និស្ត​នៅ​ថ្ងៃទី​ ១​ខែ​តុលា​នោះ មិត្តភក្តិ​របស់​យើង​នៅ​តៃវ៉ាន់​អាច​សម្តែង​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​ក្រុង​ហុងកុង​តាមរយៈ​ការតវ៉ា​តាម​ដងផ្លូវ​”​។​

​សកម្មជន​មួយចំនួន​នៅ​ក្រុង​ហុងកុង​មាន​ការភ័យខ្លាច​ថា​ក្រុង​អាជ្ញាធរ​ចិន​នឹង​បង្ក្រាប​ការតវ៉ា​នៅ​មុន​ថ្ងៃ​បុណ្យ​ជាតិ​នោះ​ដែល​ឆ្នាំ​នេះ​ជា​ខួប​លើក​ទី​៧០ នៃ​ការគ្រប់គ្រង​​កុ​ម្មុយ​និស្ត​នៅ​ប្រទេស​ចិន​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​អះអាង​អធិបតេយ្យភាព​លើ​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​នេះ ចាប់តាំងពី​ប្រទេស​ទាំង​២​បាន​បែងចែក​ដាច់​ពីគ្នា​ក្រោយ​សង្គ្រាម​ស៊ីវិល​​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៤០ ហើយ​បាន​គំរាម​ការប្រើប្រាស់​កម្លាំង​ទ័ព​ប្រសិន បើ​ចាំបាច់​ដើម្បី​បង្រួបបង្រួម​ភាគី​ទាំង​២​នេះ​វិញ​៕ដោយ៖សុខា/sn

លោក Joshua Wong (​រូប​កណ្តាល​) និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ជាមួយ​លោក Luo Wen-jia (​រូប​ស្តាំ​)​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​តៃវ៉ាន់​(DPP)​បន្ទាប់ពី​ជួប​ក្រុម​មេដឹកនាំ​គណបក្ស​នេះ នៅ​ទីក្រុង​តៃប៉ិះ​កាលពី​ថ្ងៃ​អង្គារ​