សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨

1220
ចែករម្លែក

ដោយ : វិបុល / ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ រួមមាន​ដូចតទៅ ៖

*​កំណាត់​ផ្លូវជាតិ​លេខ​៥(​ព្រែក​ក្តាម​-​ធ្លា​ម្អម​) បើក​ការដ្ឋាន​សាងសង់​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​នេះ​

​ក្រោម​អធិបតីភាព​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ព្រែក​ក្តាម​ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល ដល់​ធ្លា​ម្អម​ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់​មាន​ប្រវែង ១៣៥,២៥ គីឡូម៉ែត្រ​បាន​ប្រារព្ធ​បើក​ការដ្ឋាន​ស្ថាបនា​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី ២១ ខែ ឧសភា​នេះ ដោយ​ប្រើ​រយៈពេល​៤​ឆ្នាំ និង​ចំណាយ​ទឹកប្រាក់​២៤៦.៣៥​លាន​ដុល្លារ​ជា​ឥណទាន​សម្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន ។ កំណាត់​ផ្លូវជាតិ​លេខ ៥ ពី​ព្រែក​ក្តាម​-​ធ្លា​ម្អម​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់ ការដឹកជញ្ជូន​នៅក្នុង​ស្រុក​ក៏ដូចជា​ការតភ្ជាប់​វិស័យ​ដឹកជញ្ជូន​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​និង​មហា​អនុ​តំប ន់​មេគង្គ​និង​បាន​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​ផ្លូវ​អាស៊ាន​ហាយ​វេ​លេខ​១ (Asian Highway 1) ប្រចាំ​តំបន់​អាស៊ី ៕

*​សម្តេច​តេ​ជោ​សំណូមពរ​ឲ្យ​ឥណ្ឌា​ជួយ​កម្ពុជា​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​និង​ទីផ្សារ​នាំចេញ​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សំណូមពរ​ដល់​ឥណ្ឌា ឲ្យ​ជួយ​ដល់​កម្ពុជា​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ក៏ដូចជា​ជំរុញ​ស្វែងរក​ទីផ្សារ សម្រាប់​កសិផល​របស់​កម្ពុជា​ផងដែរ​។ ជាមួយនេះ​សម្តេច​ក៏បាន​លើកឡើង​ផងដែរ​ថា ប្រសិនបើ​មានការ​ហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា​មែន​នោះ​កម្ពុជា​ពិតជា​នឹង​ទទួលបាន​នូវ​កំណើន​ភ្ញៀវទេសចរ​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត​ជាក់​ជាមិនខាន ។ ការលើកឡើង​របស់​ស​ម្ដេច​បែបនេះ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ ទី​២១ ខែ ឧសភា​នេះ​សម្តេច​ខណៈដែល​សម្ដេច​អនុញ្ញាត​ឲ្យ​លោក ស៊ុយ រ៉េ​ប្រា​ប៊ូ (Suresh Prabhu ) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម នៃ​សាធារណរដ្ឋ​ឥណ្ឌា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ៕

*​ក្រសួងសុខាភិបាល​ព្រមាន​ចាត់វិធានការ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក ២ ដែល​លក់​ផលិតផល​ខុសច្បាប់​

​ក្រសួងសុខាភិបាល​បានប្រកាសថា នឹងមាន​វិធានការ​តឹងរឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន ២ គឺ ១. ឈ្មោះ Leense’ Original Cambodia ដែល​នាំចូល ផ្សព្វផ្សាយ លក់ ឬ ចែកចាយ​ឱសថ​សម្រក​ទម្ងន់​ឈ្មោះ Leense’ នាំចូល​ពី​ប្រទេស ថៃ ដោយ​ពុំបាន​ចុះបញ្ជី​កា និង គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។ ២. ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ មន្ត​ស្នេហ៍​បុរស Mona Lika, a NY F C ដែល​បាន​កំពុង​ផ្សព្វផ្សាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ KING MAN ផលិត​នៅ​ប្រទេស​អាមេរិក ដែល​គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ចុះបញ្ជី​កា គ្មាន​ការត្រួតពិនិត្យ និង គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។ នេះ​បើតាម​សេចក្តីប្រកាស​ដាច់ដោយឡែក​ពីគ្នា​ចំនួន ២ របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​នៅ​ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨ នេះ ៕

*​កម្ពុជា​ចាត់ទុក​វេទិកា​ធុរកិច្ច India-CLMV ជា​ផែនការ​ចង្អុល​ផ្លូវ​យ៉ាងសំខាន់ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​ឥណ្ឌា​និង​ប្រទេស CLMV

​ខណៈដែល​ប្រទេស​កម្ពុជា​បាន​ក្លាយជា​ម្ចាស់​រៀបចំ​កិច្ច​ជំនួប​ពាណិជ្ជកម្ម ឥណ្ឌា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម (India-CLMV) លើក​ទី​៥ ត្រូវបាន​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា លើកឡើងថា វេទិកា​ធុរកិច្ច India-CLMV នេះ ជា​ផែនការ​ចង្អុល​ផ្លូវ​យ៉ាងសំខាន់​សម្រាប់​ការអភិវឌ្ឍ សេដ្ឋកិច្ច រវាង​ឥណ្ឌា​និង​ប្រទេស CLMV ៕

*​គ​.​ជ​.​ប ទទួលស្គាល់​ចុះបញ្ជី​គណបក្សនយោបាយ​ចំនួន​១៦ និង​គណបក្ស​៤​ទៀត បំពេញ​ឯកសារ​មិន​គ្រប់​លក្ខខណ្ឌ​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានសម្រេច​ទទួលស្គាល់​ចុះបញ្ជី​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច មួយទៀត​ហើយ នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ នេះ​។​

​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គឺជា​គណបក្ស​ទី​១៦ ដែល​គ​.​ជ​.​ប បានទទួល​ចុះបញ្ជី​។ ចំណែក​គណបក្សនយោបាយ​ចំនួន​៤​ទៀត គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​រស្មី​ខេមរា គណបក្ស​ខ្មែរ​សាធារណរដ្ឋ និង​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា គឺ​គ​.​ជ​.​ប មិនទាន់​ទទួលស្គាល់​ចុះបញ្ជី​នៅឡើយ​ទេ ដោយសារតែ​បំពេញ​ឯកសារ​មិនបាន​គ្រប់​លក្ខខណ្ឌ ៕

*​ចាប់ពី​ថ្ងៃទី​២២ ឧសភា ដល់​ថ្ងៃទី​១ មិថុនា តម្លៃ​ប្រេងឥន្ធនៈ​នៅ​បន្ត​ឡើងថ្លៃ​ទៀត​

​រ​សួង​ពាណិជ្ជកម្ម​កម្ពុជា​នៅ​រសៀល​ថ្ងៃនេះ​បាន​ឲ្យ​ដឹងថា សម្រាប់​ការអនុវត្ត ពីថ្ងៃ​ទី​២២ ខែឧសភា ដល់​ថ្ងៃទី​១ ខែមិថុនា តម្លៃ​ប្រេងឥន្ធនៈ​នឹង​បន្ត​ការឡើង​ថ្លៃ​។​

​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ​របស់​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​នៅ​រសៀល​ថ្ងៃទី​២១ ខែឧសភា​នេះ បានបញ្ជាក់​ទៀតថា បើ​យោង​ប្រកាស​អន្តរ ក្រសួងពាណិជ្ជកម្ម​, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ​និង​ថាមពល ស្តីពី​ការកំណត់​រូបមន្ត សម្រាប់​អនុវត្ត​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថា​សម្រាប់​តម្លៃ​ប្រេង សាំង​ធម្មតា​គ្រោង​នឹង​អនុវត្តន៍​នា​ថ្ងៃស្អែក​នេះ ថ្លៃ ៤.៣០០​រៀល ដោយឡែក​តម្លៃ​ប្រេងម៉ាស៊ូត​ថ្លៃ ៤.១០០​រៀល ក្នុង​មួយ​លីត្រ​។​

​គួររម្លឹកថា គិត​ចន្លោះ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២១ ខែឧសភា តម្លៃ​ប្រេងសាំង​ធម្មតា​ថ្លៃ ៤.១៥០​រៀល និង​ប្រេងម៉ាស៊ូត​ថ្លៃ ៤.០០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​លីត្រ ៕

*​ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​

​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ជីក្រែង បានធ្វើការ​ឃាត់ខ្លួន​ហើយ​ត្រូវបាន​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ពីបទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ៕

*​ករណី​ជួញដូរ​គ្រឿង​ញឿ​ន​ជិត​៤​គីឡូក្រាម

​គ​របាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជូន​បុរស​២​នាក់​និង​ស្ត្រី​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ជិត​៤​គីឡូក្រាម មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២១​ខែឧសភា​ដើម្បី​ចាត់ការ​តាមច្បាប់ ៕

 

*​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​៨៣​ខ្នង នៅក្នុង​ស្រុក​ពួក ក្រុង​សៀមរាប និង ស្រុក​ប្រាសាទបាគង ត្រូវ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​

​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ល្ងាច ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨​នេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ និង រន្ទះបាញ់ បាន​កើតឡើង​នៅក្នុង​ស្រុក​ពួក , ក្រុង​សៀមរាប និង ស្រុក​ប្រាសាទបាគង បណ្តាល​ឲ្យ​ខូចខាត​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​៨៣​ខ្នង , បាក់​អង់​តែ​ន​វិទ្យុ​១​ដើម , រន្ទះបាញ់​ងាប់​គោ​ឈ្មោល​១​ក្បាល និង របួស​មនុស្ស​ម្នាក់ ៕