សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៨

1097
ចែករម្លែក

​ដោយ : វិបុល / ភ្នំពេញ ៖ ព័ត៌មាន​សំខាន់ៗ​ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៨ នេះ មាន​ដូចតទៅ ៖

*​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ជ្រើស​យក​ប្រទេស​កម្ពុជា ជា​ប្រទេស​អាទិភាព​តែមួយគត់​ក្នុង​ទី្វ​ប​អាស៊ី ដើម្បី​អនុវត្ត​កម្មវិធី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ទ្វេភាគី

​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក បាន​បន្ត​ជ្រើស​យក​ប្រទេស​កម្ពុជា​ជា​ប្រទេស​អាទិភាព​តែមួយគត់​ក្នុង​ទី្វ​ប​អាស៊ី ដើម្បី​អនុវត្ត​កម្មវិធី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ទ្វេភាគី​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក សម្រាប់​រយៈពេល ៥ ឆ្នាំ ២០១៨-២០២៣​។ កិច្ចសហប្រតិបត្តិការ​នេះ​ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន ៣ គឺ ១) វិស័យ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ២) វិស័យ​សុខាភិបាល និង ៣) វិស័យ​ទឹក​សា្អ​ត និង​អនាម័យ​។ វិស័យ​អាទិភាព​ទាំង ៣ នេះ បាន​ប្រមូលផ្តុំ​អនុវត្ត​នៅ​ខេត្តកំពង់ឆ្នាំង​៕

*​បី​ខែ​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ ៤៨០​នាក់ ,​ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ​

​ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​លើក​ទី​១១ សម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក បាន​បញ្ជាក់ថា រយៈពេល​បី​ខែ ដើមឆ្នាំ​២០១៨​នេះ មាន​ជនរងគ្រោះ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​សរុប​ចំនួន​៤៨០​នាក់ និង​របួស ១.២៣៤​នាក់​។​បើ​ប្រៀប ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧ មានការ​ថយចុះ ចំនួន​១៧០​លើក ស្មើនឹង ១៧​ភាគរយ ,​ចំនួន​អ្នកស្លាប់​ថយចុះ​១២​នាក់ ស្មើនឹង​២​ភាគរយ និង​ចំនួន​របួស​ថយចុះ ២៤៣ នាក់ ស្មើនឹង ១៦ ភាគរយ​។​
​ប៉ុន្តែ​អ្វី​ជាការ​ល​កត់សម្គាល់​នោះ​សម្តេច​បាន​បញ្ជាក់ថា “​ក្នុងចំណោម​អ្នកស្លាប់​ចំនួន​៤៨០​នាក់ ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ ចំនួន​៣៦០​នាក់ ស្មើនឹង ៧៥ ភាគរយ (​ប្រភេទ​១២៥ សេ​សេ​ចុះក្រោម​) ក្នុងនោះ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន ២៦៣​នាក់ ស្មើនឹង​៧៣​ភាគរយ​” ៕

*​ក្រសួង​សាធារណការ រៀបចំ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ភ្នំពេញ​-​ក្រចេះ​

​បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​កាណូត​ដឹក​អ្នកដំណើរ ពី​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ រួចហើយ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានប្រកាស​ពី​គម្រោង​រៀបចំ​ការដឹកជញ្ជូន​អ្នកដំណើរ និង​ដឹកជញ្ជូន​ទំនិញ តាមផ្លូវ​ទឹក ពី​ភ្នំពេញ ទៅ​ខេត្តក្រចេះ ៕

*​យុទ្ធនាការ​ក្រមា​បំបែក​ឯតទគ្គ​កម្ម​ពិភពលោកៈ អ្នកចូលរួម​ត្បាញ​ជាង​៨.០០០​នាក់ និង​ត្បាញ​បាន​ជាង​៤០០​ម៉ែត្រ​


​យុទ្ធនាការ​ក្រមា “​ការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក ” ១០០០​ម៉ែត្រ​របស់​ក្រុមការងារ GoGoCambodia ដែល​បានចាប់ផ្តើម​ដំណើរការ​ត្បាញ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ រហូតមកដល់​ថ្ងៃទី​៦ ខែមេសា នៅ​ទីតាំង​សួនច្បារ​វាល​ព្រះមេរុ គឺ​បាន​ប្រវែង​ជាង ៤០០​ម៉ែត្រ​ហើយ និង​មាន​អ្នកចូលរួម​ត្បាញ​ក្រមា ប្រមាណ​ជាង ៨.០០០​នាក់ និង​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូលរួម ទស្សនា​ជាង ១៤​ម៉ឺន​នាក់​។ ចំពោះ​សកម្មភាព​នានា​ក្នុង​ទីតាំង​យុទ្ធនាការ​ក្រមា​នឹង​ឈប់សម្រាក​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ ៕

*​គ្រោះ​អគ្គិភ័យ​ដ៏​ធំ​មួយ ៖ រថយន្ត​បី​គ្រឿង ទូ ATM របស់​ធនាគារ ANZ និង​សម្ភារ​ជាច្រើន​ទៀត ត្រូវ​ខូចខាត​ទាំងស្រុង​

​គ្រោះ​អគ្គិភ័យ​ដ៏​ធំ​មួយ នៅ​ចំ​កណ្តាល​ទីប្រជុំជន ប្លុក​ជនបរទេស ចម្រុះ​ជាតិ​សាសន៍ ស្នាក់នៅ និង​ប្រកប​អាជីវកម្ម លក់ដូរ​យ៉ាង​ពពាក់ពពូន ពេលយប់ៗ បាន​បំផ្លាញ ទ្រព្យសម្បត្តិ​រដ្ឋ ក្រុមហ៊ុន និង​ឯកជន ជាច្រើន​សន្ធឹកសន្ធាប់ ប៉ុន្តែ​ក្នុង​ហេតុការណ៍​នេះ មិន​បង្ក​ឱ្យ​ជនណាម្នាក់ មាន​គ្រោះថ្នាក់ ដល់​អាយុជីវិត ឬ​រងរបួស​អ្វី​ឡើយ​។​
​ករណី​អគ្គិភ័យ​នេះ គឺ​ឆេះ​ផ្នែក​ខាងមុខ​សណ្ឋាគារ Holiday Villa (​ហូ​លី​ដេ វីឡា​)​ចំណុច​ផ្លូវ ៥០២ ស្ថិតក្នុង​ក្រុម​១៥ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង ១១ កន្លះ យប់​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ ៕

*​រកឃើញ​ភស្តុតាង​ថ្មី​ប្រហែលជា​អតីត​រាជវាំង​បុរាណ​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ក្នុង​សតវត្ស​ទី​៩ នៅ​ខ្នងភ្នំ​គូលែន​

​ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​អង្គការ ADF អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ខ្នងភ្នំ​គូលែន បានធ្វើ​កំណាយ​ស្រាវជ្រាវ​លើ​ទីតាំង​ឈ្មោះ បន្ទាយ បច្ចុប្បន្ន​ហៅថា ផ្ទះ​គូ​ចា​រ្យ នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន ស្ថិតក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃធំ​អន្លង់​ធំ ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ បេសកកម្ម​នៃ​ការធ្វើ​កំណាយ​នេះ​បានចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៨​ ៕