សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨

1297
ចែករម្លែក

ដោយ : វិបុល / ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៣០ ខែឧសភា រួមមាន​ដូចតទៅ ៖

*​សម្ដេច​តេ​ជោ ហ៊ុន សែន ចុះ​ជួប​កម្មករ កម្មការិនី ប្រមាណ​ជាង​២​ម៉ែន​នាក់​នៅ​ខេត្តកណ្ដាល​

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ ១៦.៤៧៤ នាក់​មកពី​រោងចក្រ សហគ្រាស​ចំនួន​១០ ស្ថិតក្នុង​ស្រុក​ស្អាង និង​ស្រុក​កោះធំ ខេត្តកណ្តាល​។ ក្នុងឱកាស​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​អះអាងថា​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បានធ្វើ​ការសន្យា​ក៏ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​បានដាក់​ចេញ​នូវ​កម្មវិធី​គោលនយោបាយ​របស់ខ្លួន​ច្បាស់លាស់​។​ប្រជាជន អាច​មើលឃើញ ៕

*​ព្រះមហាក្សត្រ​ត្រាស់​បញ្ចប់​តំណែង​និង​លុបឈ្មោះ​ឧ​ត្ត​ម​សេនីយ៍​ឯក ហូ ចំរើន ពី​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន​

​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បញ្ចប់​តំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហូ ចំរើន ពី​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ដែល​ធ្លាក់​ដល់ដៃ​អ្នកកាសែត​នៅ​ថ្ងៃទី​៣០ ខែឧសភា នេះ ៕

*​ជិត​ដល់​រដូវ​ឃោសនា​ផ្តាំ​តាម​វាយោៈ​សូមកុំ​ប្រើ​វិធី​បោកប្រាស់​សងបំណុល​ជួស​អ្នក​ជំពាក់​

​សម្ដេច​អគ្គមហាសេនាបតី ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បានធ្វើការ​រំលឹក​ដោយ​ប្រយោល​ទៅដល់​គណបក្សនយោបាយ​មួយចំនួន សូមកុំ​ប្រើ​វិធី​ថោកទាប​បោកប្រាស់​ប្រជាពលរដ្ឋ​ដើម្បី​សន្លឹកឆ្នោត​ព្រោះនេះ​ជា​អំពើ​ដ៏​គួរ​ឲ្យ​អៀនខ្មាស់ ។ សម្តេច​ថា​គណបក្ស​ខ្លះទៅ​ឃោសនា​ថា​ពេល​ឈ្នះ​និង​សងបំណុល​ជំនួស​រាស្ត្រ ។​

* កងទ័ព​កម្ពុជា​បញ្ចប់​លំ​ហាត់​ហនុមាន​មាស​២០១៨​ដោយ​ជោគជ័យ​
​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា​ឆ្នាំ​២០១៨ នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ចូលរួម​ជា​អធិបតី​បិទ​វគ្គ​លំ​ហាត់​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​«​ហនុមាន​មាស​ឆ្នាំ​២០១៨»​នៅ​ទីលាន​បាញ់​គ្រាប់​ជុំ​គី​រី ដែល​ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី​ខេត្តកំពត​។​

​ដំណើរ​ការបាញ់​គ្រាប់​ពិត​”​ហនុមាន​មាស ២០១៨” មានដូចជាៈ​បាញ់កាំភ្លើង​ធំ ១៥២​ម​ម និង​១២២​ម​ម​-​បាញ់​ផ្តុំ​កាំភ្លើង​ធំ ១៥២​ម​ម និង​១២២​ម​ម បាញ់​ព្រមៗ​គ្នា​-​បាញ់កាំភ្លើង​ប្រតិកម្ម BM.21 RM70 (BM.21 មាន​ចំនួន​២០​គ្រឿង បាញ់​ម្តង​៥​គ្រឿង មាន​ចំនួន​៤​លើក​)-​បាញ់​ផ្គុំ​ព្រមៗ​គ្នា​ទាំង​២០​ដើម ក្នុង​១​ដើម​៣៩​គ្រាប់​។ សម​យុ​ទ្ឋ​បាញ់​គ្រាប់​ពិត​នេះ​នឹង​ប្រើប្រាស់​នូវ​កាំភ្លើង​យុ​ទ្ឋ​សាស្ត្រ​BM21 RM70 និង​រថក្រោះ​T55​ជាដើម​៕

*​ជំនាញ​កំពុង​ធ្វើ​សកម្មភាព​ថែទាំ​ផ្លូវជាតិ​លេខ ៦៤ ក្នុងស្រុក​គូលែន ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​

​ក្រុមការងារ​សាធារណការ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ថែទាំ​ផ្លូវជាតិ​លេខ ៦៤ ក្នុង​ទីរួមស្រុក​គូលែន ខេត្តព្រះវិហារ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ខណៈដែល កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ​បាន​ទទួលរង​ការខូចខាត ដោយមាន​ជា​ជង្ហុក​និង​សំបុកមាន់​នោះ​ត្រូវតែ​ជួសជុល​ឱ្យបាន​មុន​កុំឱ្យ​ក្លាយជា​ថ្លុក​ដំរី​ទាន់ ៕

*​ក្រុមហ៊ុន​ផលិត​រថយន្ត​ធន់​ធ្ងន់​ចិន មាន​គម្រោង​បង្កើន​ការ​នាំចូល​កម្ពុជា​ឱ្យបាន​ច្រើន​នាពេល​អនាគត​

​ក្រុមហ៊ុន Shanxi Automobile Group ដែល​ស្ថិត នៅក្នុង​ទីក្រុង​ហយ​ណាន ខេត្ត អាន​ហួយ ប្រទេស​ចិន គ្រោង​នឹង​បន្ថែម​ការនាំ​ចូល​រថយន្ត​ដឹកទំនិញ​ធន់​ធ្ងន់​ទៅ​កម្ពុជា ឱ្យបាន​ច្រើន​នាពេល​អនាគត​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ា​វ ម៉ា (Xiao Ma) អនុប្រធាន​ក្រុមហ៊ុន Shanxi Automobile Group៕