សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨

997
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៦ ខែសីហា រួមមាន​ដូចតទៅ ៖

* ប្រមុខ​រាជរដ្ឋាភិបាល​បង្ហាញ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​បន្ត​សហការ​យ៉ាង​ជិតស្និទ​ជាមួយ​មេដឹកនាំ​ចិន​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក ស៊ី ជិន​ពីង ប្រ​ធា នា​ធិបតី​ចិន និង លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន ។​នៅក្នុង​សារលិខិត​នោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​បន្ត​សហការ​យ៉ាង​ជិតស្និទ​ជាមួយ​មេដឹកនាំ​ចិន ដើម្បី​ជម្រុញ​ការផ្លាស់ប្តូរ​ទំណាក់ទំនង​រវាង​គណ​បក្ស​និង​គណបក្ស​, រដ្ឋាភិបាល និង​រដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោងតាម​សារលិខិត​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ចុះ​ថ្ងៃទី ១៥ ខែ សីហា ហើយ​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​ពី​យប់​ថ្ងៃទី ១៥ ខែ សីហា ៕

*​គណបក្ស​ប្រជាជន​នឹង​បន្ត​សហការ​ជាមួយ​បណ្តា​គណបក្សនយោបាយ​ដទៃទៀត​និង​សង្គម​ស៊ីវិល​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្តធ្វើ​ការសហការ​ជាមួយ​បណ្តា​គណបក្សនយោបាយ សង្គម​ស៊ីវិល និង​គ្រប់​មជ្ឈដ្ឋាន​ចម្រើន​ជឿនលឿន​ក្នុងសង្គម តាម​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិបាលកិច្ច​ល្អ និង​ឈរលើ​ស្មារតី​បង្រួបបង្រួម​ជាតិ សំដៅ​ពង្រឹង និង​ពង្រីក​កម្លាំង​ជាតិ​ទាំងមូល​រួមគ្នា​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។ ការបញ្ជាក់​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​១៦​ខែសីហា នេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ៕

*​អង្គការ​សង្គម​ស៊ីវិល​បង្ហាញថា ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាតិ​រយៈពេល​៥​ឆ្នាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​កន្លងមកនេះ ទទួលបាន​ភាពជោគជ័យ

​លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា បាន​និយាយថា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ គឺជា​ឧបករណ៍​គោលនយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវបាន​បង្កើត​ឡើងជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០០៦-២០១០ ដោយ​ប្រមូលផ្តុំ​គោលនយោបាយ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ក្នុងនោះ​រួមមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច , ការអប់រំ , សុខាភិបាល , កសិកម្ម , ផែនការ​ដីធ្លី និង​បរិស្ថាន ព្រមទាំង​វិស័យ​ជាច្រើន​ទៀត ហើយ​នៅក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ទទួលបាន​ភាពជោគជ័យ​ច្រើន ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ច ការអភិវឌ្ឍ​សង្គម ប៉ុន្តែ​ក៏​នៅមាន​បញ្ហា​មួយចំនួន​ដែល​មិនទាន់​អនុវត្ត​ទៅបាន​ល្អ ដូចជា​ពាក់ព័ន្ធ​ករណី​ដីធ្លី​ជាដើម ៕

*​ជំនន់​ទឹកភ្លៀង​ហូរ​ចូល​ស្ទឹង​សង្កែ​ដល់​កម្ពស់​ត្រូវ​ប្រកាសអាសន្ន​

​ប៉ុន្មាន​ថ្ងៃនេះ​ភ្លៀង​បន្ត​ធ្លាក់​យ៉ាងខ្លាំង​ឥត​ដាច់​នៅ​តំបន់​ក្បាល​ស្ទឹង​ស្រុក​សំឡូត​បាន​រុញ​ទឹកស្ទឹង​សង្កែ​ឲ្យ​ហក់​ខ្ពស់​រយៈ​ខ្លី​ស្ថិត​ដល់​កម្ពស់​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចាប់ពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨​តទៅ​។​

​តាម​ការផ្សាយ​ព័ត៌មាន​បន្ទាន់​មួយ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​១៥ ខែសីហា​បាន​ឲ្យ​ដឹងថា​ទឹកភ្លៀង​បន្ត​ធ្លាក់​យ៉ាងខ្លាំង​ឥត​ដាច់​នៅ​តំបន់​ក្បាល​ស្ទឹង​ព្រំដែន ស្រុក​សំឡូត​ក្នុង​កម្រិត​៩៧​មី​លី​ម៉ែត្រ​ជាហេតុ​បង្ក​ឲ្យ​ទឹកស្ទឹង​ហក់​ឡើង​យ៉ាងខ្ពស់​ក្នុង​រយៈ​ខ្លី​ដែល​អាច​ឈានដល់​ការ​គម្រាមកំហែង​តំបន់​ទំនាប​មួយចំនួន​នៅក្នុង​ស្រុក​មួយចំនួន​និង​ក្រុង​បាត់ដំបង ៕

*​គណៈកម្មាធិការ​ទន្លេមេគង្គ​ស្វាគមន៍​ការសំរេចចិត្ត​របស់​ឡា​វ​ក្នុងការ​ផ្អាក​គំរោង​វា​រី​អគ្គិសនី​ថ្មី​

​ការបាក់​ទំនប់​វា​រី​អគ្គិសនី​ឡាវ​បានធ្វើ​ឲ្យ​មហិច្ឆតា​របស់​ប្រទេស​នេះ ដើម្បី​ក្លាយជា​ធុងអាគុយ​អាស៊ី​នោះ ក្លាយជា​បញ្ហា​ភ្លាមៗ​និង​រំលេច​អំពី​ការព្រួយបារម្ភ​របស់​ក្រុម​ការពារ​បរិស្ថាន ព្រមទាំង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ឡាវ ប្រកាស​ផ្អាក​ការផ្តល់​អាជ្ញាប័ណ្ណ​ថ្មី​សំរាប់​គំរោង​បែបនេះ​។​

​គណៈកម្មាធិការ​ទន្លេមេគង្គ កាលពី​ថ្ងៃ​ពុធ​ទី​១៥ សីហា បាន​ស្វាគមន៍​ការសម្រេចចិត្ត​ដោយ​រដ្ឋាភិបាល​ឡាវ​ក្នុ ង​ការផ្អាក​ការអនុម័ត​សំណង់​ទំនប់​វា​រី​អគ្គិសនី​ថ្មីៗ ក្នុងពេល​ខ្លួន​ធ្វើការ​ពិនិត្យ​សើរើ​ឡើងវិញ សំណង់​ដែល​កំពុង​សង់​និង​កំពុងដំណើរការ​ក្រោយ​ការបាក់​ទំនប់​វា​រី​អគ្គិសនី មួយ​កាលពី​ខែ​មុន​នៅ​ខេត្ត​អត្ត​ពឺ ៕

*​ឃាត់ខ្លួន​មនុស្ស​ជាង​៥០​នាក់ ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្លឹប​ស្កា​យ​ឡាយ ក្នុង​ក្រុងព្រះសីហនុ​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ ដោយមាន​ការសម្របសម្រួល​ពី​លោក លឹម ប៊ុនហេង ព្រះ​រា​ជ្ញ​រង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចុះបង្ក្រាប​ទីតាំង​ចែកចាយ​ប្រើប្រាស់​ថ្នាំញៀន ទ្រង់ទ្រាយ​ធំ​មួយកន្លែង ក្នុង​រង្គសាល​ស្កា​យ​ឡាញ​(​បា​ឌី​ស្កូ​) ចាប់ពី​ម៉ោង​១:៤៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៨ រហូតដល់​ម៉ោង​៥​ភ្លឺ​ថ្ងៃ​ដដែល​។​

​ជា​លទ្ធផល សមត្ថកិច្ច​ឃាត់​ខ្លូន​ជន​ស​ង្ស​យ័​ចំនួន​៥៣​នាក់ ស្រី​៧​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន​១០​នាក់ ជនជាតិ​ឥណ្ឌូនេស៊ី​១៧​នាក់ ជនជាតិ​កូរ៉េ​២​នាក់ ដែល​ភាគច្រើន​ជា​បុគ្គលិក​បំរើកា​រងារ​ក្នុង​កាស៊ីណូ​ហ្គោ​ដិ​ន​ស៊ី និង​កាស៊ីណូ តុង​ហ្វា​ង​មិន​ជូ ព្រមទាំង​ពលរដ្ឋ​ខ្មែរ ចំនួន​២៤​នាក់​។ ចាប់​យកបាន​ថ្នាំញៀន ខេ​តា​មីន និង អិ​ច​ស្តា​ស៊ី ចំនួន​២៦​កញ្ចប់ ដប​ថ្នាំញៀន​សំរាប់​លាយ​ជាមួយ​ទឹក​៤​ដប​។ ក្រោយពេល​ពេលធ្វើ​តេស្ដ​អ្នក​ទាំងអស់​មាន​ផ្ទុក​សារធាតុ​ថ្នាំញៀន ៕