សមត្ថកិច្ចត្រូវបង្កើននូវការធានាក្តីសុខសាន្តជូនពលរដ្ឋក្នុងឱកាសសប្បាយរីករាយម្តងៗ

335
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ មនុស្សគ្រប់រូបពិតជារងក្តីសោកសៅបំផុតនៅពេលកំពុងមានភាពសប្បាយរីករាយបែរជាជួបហេតុការណ៍គ្រោះថ្នាក់ ឬនិរាស្ត្រព្រាត់ប្រាស់កើតឡើង។ ករណីនេះកម្លាំងសមត្ថកិច្ចត្រូវបង្កើនការយកចិត្តទុកដាក់ដោយធានានូវក្តីសុខសាន្តជូនប្រជាពលរដ្ឋរាល់ពិធីបុណ្យទាន ក៏ដូចជាព្រឹត្តិការណ៍សំខាន់ៗនានា។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ លោកជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា នៅចំពោះមុខ រដ្ឋបាលខេត្តកំពតនឹងមានរៀបចំព្រឹត្តិការណ៍សំខាន់ៗបន្តបន្ទាប់ដើម្បីបង្កភាពសប្បាយរីករាយជូនភ្ញៀវជិតឆ្ងាយ ពិសេសការពិសាអំបុកសាមគ្គីជាដើម។ ភ្ជាប់ជាមួយនឹងឱកាសរំលឹកទិវាឯករាជ្យជាតិ៩វិច្ឆិកា ការពិសាអំបុកសម្រាប់ថ្ងៃនោះក្នុងន័យបង្ហាញអំពីស្មារតីសាមគ្គីភាព ការរួមគ្នារក្សាសន្តិភាពដែលបានមកដោយការតស៊ូឆ្លងកាត់ក្តីលំបាកគ្រប់ឧបសគ្គ។

លោកអភិបាលខេត្តបានបន្តថាសម្រាប់ក្រុមអ្នកប្រឆាំងវិញ ពួកគេមិនសប្បាយចិត្តចំពោះរាជរដ្ឋាភិបាលដែលផ្តល់ឱកាសជូនប្រជាពលរដ្ឋក្នុងការជួបជុំរីករាយនេះឡើយ។ ក្រុមនោះតែងរកល្បិចកលដើម្បីបំផ្លាញក្តីសុខសាន្តគ្រប់ពេលវេលា។ ដូច្នេះកម្លាំងសមត្ថកិច្ចស្ថិតក្រោមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្រូវបង្កើនការយកចិត្តទុកដាក់ធានានូវក្តីសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឱ្យបានដាច់។

លោកជាវ តាយ បានបញ្ជាក់ថារយៈពេលចុងក្រោយនេះពួនឧទ្ទាមក្រៅច្បាប់បាន និងកំពុងកៀរគរសមាជិក និងពពួកក្បត់ជាតិនិយមរបស់គេដើម្បីបង្កវិទ្ធង្សនានៅថ្ងៃបងប្អូនជួបជុំកម្សាន្តសប្បាយ។ ផ្តោតលើករណីនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវអប់រំណែនាំប្រជាពលរដ្ឋមូលដ្ឋានឱ្យបានជ្រួតជ្រាបដើម្បីបញ្ចៀសនូវភាពវឹកវរដោយ សារការជឿពាក្យញុះញង់ពីមេខ្លោងអគតិទាំងនោះ។

លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថាជាធម្មតាមនុស្សគ្រប់រូបពិតជារងភាពខ្លោចផ្សាបំផុតនៅពេលកំពុងមានក្តីសប្បាយរីករាយបែរជាជួបហេតុការណ៍គ្រោះថ្នាក់ ឬនិរាស្ត្រព្រាត់ប្រាស់កើតឡើង។ ទាំងនេះជាភារៈដ៏ចម្បងរបស់ថ្នាក់ដឹកនាំ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការធានារក្សាក្តីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ៕b/