សមត្ថកិច្ច​ចាប់ខ្លួន​អតីត​គ្រូបង្រៀន​ម្នាក់​តាម​ពាក្យបណ្តឹង​នៅ​ខេត្តមណ្ឌលគិរី​

190
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​អតីត​គ្រូបង្រៀន​ម្នាក់​និង​ជា​ឈ្មួញ​ដី​ដ៏​មាន​ឥ​ន្ធិ​ពល​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន​ក្រោយ​ពេលដែល​សមត្ថកិច្ច​ទ​ទួលបាន​ពាក្យបណ្តឹង​ទប់ស្កាត់​មួយ​របស់​ជនរងគ្រោះ​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​កាលពី​រសៀល​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០​ដោយ​អនុវត្តន៍​តាម​ដីកា​ស៊ើបសួរ​ជំនួស​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ទួ​ច​ហឿន​អាយុ​៣៧​ឆ្នាំ​ទីលំនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​។​ពាក់ព័ន្ធ​និង​ករណី​ប្រើប្រាស់​ហឹ​ង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​តាម​មាត្រា​២៤៨​នៃ​ច្បាប់​ភូមិបាល​។​ជនសង្ស័យ​បានធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​តាម​មាត្រា​៤១០​នៃ​ក្រមព្រហ្មទណ្ឌ​។​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​តាម​មាត្រា​៦៣០​នៃ​ក្រមព្រហ្មទណ្ឌ​ព្រមទាំង​រំលោភ​លើ​សេចក្តីទុកចិត្ត​តាម​មាត្រា​៣៩១​នៃ​ក្រមព្រហ្មទណ្ឌ​ផង​ទៀត​។​

​សេចក្តី​រាយ​ការ​បន្តថា ជនសង្ស័យ បាន​រង​នូវ​បណ្តឹង​ទប់ស្កាត់​មួយ​ពី​ជនរងគ្រោះ​ឈ្មោះ​កាន់ ប៊ុន​ថាំ ភេទ​ស្រី​អាយុ​៥៤​ឆ្នាំ​ដែលមាន​ទីលំនៅ​ឯ​ក្រុងភ្នំពេញ​។​ជនរងគ្រោះ​កាលពី​ថ្ងៃទី​១៣​ខែមីនា​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​គណៈ​អភិបាលក្រុង​សែន​មនោ​រម្យ​ជួយ​អន្តរាគមន៍​និង​ទប់ស្កាត់​ឈ្មោះ​ទួ​ច​ហឿន​និង​ប្រពន្ធ​ឈ្មោះ​ប៊ុន​ហុក​ភឹម​ផា​ដោយ​មិន​ឱ្យធ្វើ​សកម្មភាព​អ្វីមួយ​នៅលើ​ដី​ទំហំ​៤០.៥០០​មែត្រ​ការ៉េ​ដែល​ស្ថិតនៅ​ភូមិ​ពូ​ត្រំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

​យោងទៅលើ​សំណេរ​ក្នុង​ពាក្យបណ្តឹង​ទប់ស្កាត់​កាលពី​អំឡុង​ឆ្នាំ​២០០៧​ឈ្មោះ​កាន់​ប៊ុន​ថាំ​បាន​ទិញ​ដី​ពី​ឈ្មោះ​យ៉ា​ត​ប៊ុន​ចាយ​ឈ្មោះ​កែវ​សុខ​ឈ្មោះ​សៀន​ឌឿ​នទី​លំនៅ​ភូមិ​ពូ​ត្រុំ​សង្កាត់រ​មនា​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​។​តាម​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ចុះ​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០០៧​និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ចុះ​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០០៧​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ​ដឹង​ឮជា​សាធារណៈ​។​

​ជនរងគ្រោះ​បន្តថា​នៅ​ដើមឆ្នាំ​២០១៩​ដោយមាន​ការទុកចិត្ត​និង​ជឿជាក់​ទើប​ជនរងគ្រោះ​បានឱ្យ​ឈ្មោះ​ទូច​ហឿន​ជា​អ្នក​ឈូសឆាយ​ធ្វើ​ព្រំដី​ដែលមាន​ព្រំប្រទល់​ដល់​អូរ​ទៅតាម​បង្គោល​ដែល​បាន​ដាំ​ទុក​ដោយ​លោក​ជិន​ភី​តាំងពី​ឆ្នាំ​២០១៥​មក​។​ប៉ុន្តែ​ដោយសារ​ច្រាំង​អូ​ចោទ​ពេក​មិនអាច​ដាំ​បង្គោល​បាន​ទើប​ទុក​នៅ​ទំនេរ​ដោយ​សំអាងថា​ព្រំប្រទល់​រហូតដល់​អូរ​ជា​ភស្តុតាង​រហូតដល់​បច្ចុប្បន្ន ។​

​ជនរងគ្រោះ​បញ្ជាក់ទៀតថា​ស្រាប់តែ​ថ្មីៗ​នេះ ឈ្មោះ​ទូច​ហឿន​បាន​យក​ឯកសារ​ក្លែងបន្លំ​មួយចំនួន​ដូចជា លិខិត​ប្រគល់​ទទួល​ប្រាក់​គ្រប់​ចំនួន​ចុះ​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០០៧​និង​សេចក្តីបញ្ជាក់​ព្រំប្រទល់​ដី​ជាប់​គ្នា​យកមក​ធ្វើជា​សំអាង​។​ដើម្បី​រំលោភ​យក​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ជនរងគ្រោះ​ហើយ​ថែមទាំង​យក​គ្រឿងចក្រ​មក​ធ្វើការ​ឈូសឆាយ​ព្រៃ​ធ្វើ​ផ្លូវ​ចូលមក​ដី​របស់​ជនរ​ង​គ្រោះ​យ៉ាង​បំពាន​ទៀតផង​។​

​ជនរងគ្រោះ​ឃើញ​ដូច្នេះ​បានដាក់​ពាក្យបណ្ដឹង​ចូលមក​លោក​អភិបាលក្រុង​សែន​មនោ​រម្យ​សូមឱ្យ​ទប់ស្កាត់​នឹងធ្វើ​ការហាមឃាត់​ឈ្មោះ​ទូច​ហឿន​និង​ប្រពន្ធ​ឈ្មោះ​ប៊ុន​ហុត​ភឹម​ផា​ឲ្យ​បញ្ឈប់​ការសាងសង់​និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ដោយ​រង់ចាំ​ការសម្របសម្រួល​ពី​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​រដ្ឋបាល​ក្រុង​សែន​មនោ​រម្យ​សិន​។​

ជនរងគ្រោះ​បញ្ជាក់ទៀតថា​ឈ្មោះ​ទួ​ច​ហឿន​និង​ប្រពន្ធ​នៅតែ​បំពាន​នឹង​បន្ត​ឈូសឆាយ​នឹង​បន្ត​ការសាងសង់​ដដែល​ដូចនេះ​ដោយមាន​ការបារម្ភ​ថា​ឈ្មោះ​ទូច​ហឿន​និង​ប្រពន្ធ​អាច​នឹង​បន្ត​ការ​ឈូសឆាយ​សាងសង់​សំណង់​ផ្សេងៗ​ទៀត​។​ដែល​អាចធ្វើឱ្យ​បាត់បង់​សភាព​ដើម​នៃ​ដី​ឬ​ធ្វើការ​លក់ដូរ​ជួល​បញ្ចាំ​ទៅ​តតិយជន​ផ្សេងទៀត​ដែល​អាចធ្វើឱ្យ​ពិបាក​ក្នុងការ​អនុវត្ត​សិទ្ធិ​របស់ខ្លួន​ទៅ​ថ្ងៃ​អនាគត​។​អាចធ្វើឱ្យ​បាត់បង់​ផលប្រយោជន៍​ធ្ងន់ធ្ងរ​របស់​ជនរងគ្រោះ​ផង​នោះ​។​នា​រសៀល​ថ្ងៃទី​៤​ខែមេសា​នេះ​ជនសង្ស័យ​ឈ្មោះ​ទួ​ច​ហឿន​កំពុង​ស្ថិតក្នុង​បន្ទប់​សួរចម្លើយ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ដោយ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​បញ្ជាក់ថា​កំពុងធ្វើការ​ហើយ​។​

​ប្រភព​ជាច្រើន​ក្នុង​ក្រុង​សែន​មនោ​រម្យ​បូករួម​ទាំង​ប្រធាន​មន្ទីរ​ម្នាក់​ផង​នោះបាន​ខ្សឹប​ថា​ជនសង្ស័យ​ឈ្មោះ​ទួ​ច​ហឿន​នេះ​មិនមែនជា​លើក​ទី​១​ទេ​ដែល​រំលោភ​យក​ដី​គេ​ដោយ​កន្លងមក​ឈ្មោះ​នេះ​តែងតែ​យកឈ្មោះ​អ្នកមានអំណាច ធ្វើការ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ជារឿយៗ​ផងដែរ​៕S/​