សមត្ថកិច្ច​ចាប់​វៃ​ខ្នោះ​វៀតណាម​២​នាក់​ដែល​ហ៊ាន​ចូល​ទិញ​ឈើ​នៅ​កម្ពុជា​ដោយ​ខុសច្បាប់​

720
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​វា​ពិតជា​នឹកស្មាន​មិន​ដល់​ថា​អាជ្ញាធរ​ស្រុក​កោះ​ញែក​បែ​ជា​ធ្វេស​ប្រ​ហេស​បណ្តោយឱ្យ​ជនជាតិ​វៀតណាម​ចូលមក​កម្ពុជា​ឈរ​ទិញ​ឈើ​រាប់រយ​ដើម​ដោយ​ខុសច្បាប់​បែបនេះ​សោះ​។​សមត្ថកិច្ច​ទើបនឹង​ចាប់ខ្លួន​ក្រុម​ឈ្មួញ​ក្រោយពេល​អភិបាលខេត្ត​ពង្រឹង​ដាក់បទបញ្ជា​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទៅវិញ​។​

​សេចក្តីរាយការណ៍​ជំ​ហ៊ាន​ដំបូង​មួយ​បាន​បង្ហាញថា​នៅ​រសៀល​ថ្ងៃទី​១៩​ខែមេសា​ឆ្នាំ​២០១៩​ក្នុងភូមិ​សាស្ត្រ​ភូមិ​ក្តោយ ឃុំរ​យ៉​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី សមត្ថកិច្ច​មាន​មេព្រៃ បរិស្ថាន និង​នគរបាល បាន​ចាប់​ជនជាតិ​វៀតណាម​ចំនួន​២​នាក់​ព្រមទាំង​ខ្មែរ​ម្នាក់​។ ពេល​កំពុង​ធ្វើ​សកម្មភាព​ទិញ​ឈើ​ចម្រុះ លើ​ទីតាំង​ដែល​ត្រូវ​ឃាត់ខ្លួន​។​

​សេចក្តីរាយការណ៍​ថា​ឈ្មួញ​វៀតណាម​នេះ​ជា​អ្នក​ឈរ​ទិញ​ឈើ​ដែល​ពលរដ្ឋ​កាប់​ចេញពី​តំបន់​ព្រៃ​កា​ពារ​នានា​ក្នុងស្រុក​កោះ​ញែក​ទុក​លក់​ឱ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដែល​នៅក្បែរនោះ​(​ពុំទាន់​ស្គាល់ឈ្មោះ​)​យកទៅ​លាយឡំ​ជាមួយ​ឈើ​ស្របច្បាប់​។​សមត្ថកិច្ច​ក្នុង​ប្រតិបត្តិការ​នោះបាន​បង្ហើប​ថា​ជនសង្ស័យ​ទាំងបី​នាក់​កំពុង​ស្ថិតនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​រង់ចាំ​ការសាកសួរ​។​

​អត្តសញ្ញាណ​ជនសង្ស័យ​ទី​១​ឈ្មោះ​គឹម តុង​ហេង ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ​,​ទី​២​ឈ្មោះ​វៀង ង៉ុ​កចូវ​ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​វៀតណាម​និង​ទី​៣​ឈ្មោះថា​ត់​យូ​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​វៀតណាម​។​ដោយឡែក​ឈើ​ចំនួន​ជាង​៦​រយ​កំណាត់​ដែល​រឹបអូស​កំពុង​ស្ថិតក្នុង​ដៃ​មន្ត្រី​បរិស្ថាន​រង់ចាំ​ការដឹក​ទៅ​រក្សាទុក​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ម្សិលមិញ​នោះ​ផងដែរ​គណៈបញ្ជាការ​ខេត្ត មណ្ឌលគិរី បាន​បើ​កិច្ចប្រជុំ ដើម្បី​ដាក់បទបញ្ជា និង​វិធានការ​ដោះស្រាយ លើ​ករណី ១/ ប្រជាពលរដ្ឋ​រំលោភ​ដី​កម្មសិទ្ធិ​របស់​រដ្ឋ នៅ​ក្រុមហ៊ុន ប៉ា​ស៊ី​ភិ​ច ស្រុក​កោះ​ញែក​។

២/ ពង្រឹង​ដាក់បទបញ្ជា វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្រោម​អធិបតីភាព លោក​ស្វាយ សំ​អ៊ាង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត កងកំលាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ អភិបាល អភិបាលរង ក្រុង​/​ស្រុក ទាំង​ប្រាំ អាជ្ញាធរ ឃុំ ដែល​ប្រព្រឹត្តទៅ​នៅ សាលប្រជុំ​សាលាខេត្ត មណ្ឌលគិរី​៕S/​