សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ចិន​៤​នាក់​និង​គ្រឿងញៀន​ជិត ​៤០​គីឡូក្រាម មក​តុលាការ

250
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​:ភ្នំពេញ​៖​នគរបាល​ប្រឆាំង​គ្រឿងញៀន នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា នេះ បាន​បញ្ជូន​បុរស​ជនជាតិ​ចិន​៤​នាក់ មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​៣៩​គីឡូក្រាម​។​

​សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ​ទាំង​៤ ទី ១.​ឈ្មោះ YUN LiANFU ភេទ​ប្រុស អាយ​៥១​ឆ្នាំ ទី ២.​ឈ្មោះ FENG YONGCHAO ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ទី​៣.​ឈ្មោះ CHOI KA LUN ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង ទី ៤.​ឈ្មោះ LAU CHUN KiN ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​។​

​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន ចាប់ខ្លួន​កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩ កន្លងទៅ​នៅ​ទីតាំង​ផ្សេងគ្នា ប៉ុន្តែ​ក្នុងនោះ​មាន​ជនជាតិ​ចិន​ម្នាក់ ដែល​សមត្ថកិច្ច​បានធ្វើ​ការចាប់ខ្លួន នៅក្នុង​បន្ទប់​ខុន​ដូ​មួយកន្លែង ដែលមាន​គ្រឿងញៀន​ប្រមាណ​៣៩​គីឡូក្រាម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានឲ្យដឹងថា ករណី​បង្ក្រាប​នេះ ស្ថិតនៅ​ចំណុច​ខុន​ដូ​មួយកន្លែង​ជាន់​ទី​២៩ បន្ទប់​លេខ​១៩ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​លោក ឡឹ​ក វណ្ណៈ បន្តថា ដំបូង​កម្លាំង​យើង​បាន​ប្រើប្រាស់​វិធាន​ញុះញង់ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នៅ​ទីកន្លែង​ផ្សែង​គ្នា ដែល​ពួកគេ​បាន និង​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​។​

​ក្រោយពី​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នោះ​ហើយ ពួកគេ​បាន​សារភាព និង​ចង្អុល​បង្ហាញថា ប្រភេទ​ថ្នាំញៀន​ដែល​នាំយកមក​លក់ និង​ចែកចាយ​នេះ គឺ​បានមកពី​ម្នាក់​ឈ្មោះ YUN LIANFU ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​ជន​ជាតិចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ខុន​ដូ​មួយកន្លែង​។

​នៅពេល​បាន​ចម្លើយសារភាព​នោះ សមត្ថកិច្ច​បាន​ឈានទៅដល់​ការឡោមព័ទ្ធ និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់នេះ រួមទាំង​ចាប់យក​វត្ថុតាង​ថ្នាំញៀន​ចំនួន​៣៩​កញ្ចប់​ធំ មាន​ទម្ងន់​ស្មើ​៣៩​គីឡូក្រាម​។​

​បន្ទាប់ពី​ចាប់ខ្លួន​ឈ្មោះ YUN LIANFU និង​ដកហូត​ថ្នាំញៀន​៣៩​គីឡូ ក្រាម ជននេះ​បាន​សារភាព​ភ្លាមៗ ថា ជា​របស់​ដែល​គេ​យកមក​ផ្ញើ​ឲ្យ​ជួយ​លក់ ចំណែក​អ្នក​ផ្ញើ​ទំនង​គេចខ្លួនបាត់​ហើយ​។ ឥឡូវ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពុងធ្វើការ​សាកសួ​រ​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​៕​/Ha