សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ប្រគល់ថវិកាជូនគណៈ​កម្មាធិការជាតិប្រយុទ្ធនឹងជំងឺ​កូវីដ​១៩

90
ចែករម្លែក

ដោយ:ឫទ្ធិស័ក្តិ/ភ្នំពេញ ៖ ថវិកាដែលបានពីការចូលរួមរបស់សប្បុរសជនទាំងអស់សរុបចំនួន ៣៣៥,៤៣៧ ដុល្លារអាមេរិក និង ៧៤,៣៧៩,០០០ រៀល ត្រូវបានក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំយកទៅប្រគល់ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។ ការប្រគល់នេះគឺបានធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារប្រតិបត្តិសមាគមTYDA និងលោកសេងទៀងជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។

នេះគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាស្របពេលដែលយើងទាំងអស់គ្នាមានតម្រូវការ និងភាពចំបាច់នៃការចូលរួមពីសប្បុរសជនក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរាតត្បាតមេរោគផ្លូវដង្ហើមថ្មីCovid19 នឹងលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ។

ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) សូមថ្លែងអំណរគុណសប្បុរសជនដែលមានទឹកចិត្តថ្លៃថ្លាល្អប្រពៃចូលរួមសកម្មភាពមនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid-19 តាមរយៈសមាគមTYDA។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ មានសប្បុរសជនជាច្រើនបានឧបត្ថម្ភ និងសម្ភារៈជាច្រើនដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid-19 តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)៕/B