សមាគម​អ្នកនិពន្ធ​ខ្មែរ​ចេញ​លិខិត​ចំហ​រិះគន់​បទ​ចម្រៀង​យុវវ័យ​ចំនួន​ប្រាំ​បទ​

272
ចែករម្លែក

​ភ្នំពេញៈ​បទ​ចម្រៀង​ប្រាំ​បទ​របស់​អ្នកចម្រៀង​វ័យក្មេង​ត្រូវបាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​ចេញលិខិត​ប្រកាស​រិះគន់​ចំៗ​។​បទ​ចម្រៀង​ទាំងនេះ​ត្រូវបាន​សមាគម​លើកឡើងថា​បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេចក្តីថ្លៃថ្នូ​រ​ រួមទាំង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ ខណៈ​យុវវ័យ​ខ្លះ​បែរជា​ឈ្លក់​នឹង​បទ​ទាំងនេះ​។​

​បទ​ចម្រៀង​ទាំងនោះ​មានដូចជា​បទ “​ចាក់​សាំង​” របស់លោក MC Bull ,​បទ “​អូន​ធំ​” របស់​តារាចម្រៀង សោភា ទេពី ,​បទ “​អូន​ស្អាត​ពេល​ស្រាត​” ,​បទ “Hot Boy” របស់លោក​វណ្ណដា និង​បទ “​នារី​បឹងទំពុន​” របស់លោក Tempo Tris​។

​យោងតាម​លិខិត​ប្រកាស​ចំហ​របស់​សមាគម​ខាង​លើ​បាន​លើកឡើងថា បទ​ចម្រៀង​ស្នាដៃ​ថ្មី​នេះ មាន​ខ្លឹមសារ​ប៉ះពាល់​លើ​ប្រពៃណី​វប្បធម៌​របស់​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ក្នុងពេលដែល​បទ​ចម្រៀង ទាំងនេះ​បានធ្វើការ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម និង​យូ​ធូប​ដោយ​គ្មាន​ការសុំ​អនុញ្ញាតពី​ក្រសួង​ពាក់ព័ន្ធ​។​

​លិខិត​ដដែល​បញ្ជាក់ថា សមាគម​មិន​គាំទ្រ​ទង្វើ​អសកម្ម និង​ប៉ះពាល់​សីលធម៌​សង្គម​តាមរយៈ បទ​ចម្រៀង​នេះ​ជាដាច់ខាត​ខណៈ ដែល​អ្នក​និពន្ធ​បទ​ចម្រៀង​ទាំងនោះ​ក៏​មិន​ស្ថិតក្នុង​សមាជិក​អ្នកនិពន្ធ​ខ្មែរ ឬ​ឆ្លងកាត់​ការបណ្តុះបណ្តាល​ពី​សមាគម​អ្នកនិពន្ធ​ខ្មែរ​ឡើយ​។

​សមាគម​ចាត់ទុកថា​ការបញ្ចេញ​បទ​ចម្រៀង​ទាំងនេះ​ក៏​ជាការ​ផ្គើន​ទៅនឹង​ការណែនាំ​ជាច្រើនលើក​ច្រើនសា​រប​ស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដែល​បាន​ហាម​ការចេញផ្សាយ​មានការ​ប៉ះពាល់​ដល់​ភាពថ្លៃថ្នូរ និង​សីលធម៌​សង្គម​។ សមាគម​ក៏បាន​ចាត់ទុកថា​ពួកគេ​ទាំងនោះ​គឺជា​កូនៗ​ដែលបំពេញ​ទុក្ខ​បន្ថែម​ដល់​គ្រួសារ​ដែល​កំពុង​ជួប​វិបត្តិ​និង​ការភ័យព្រួយ​។

​ជាមួយគ្នានេះ​សមាគម​ក៏​ប្រកាស​លើកទឹកចិត្ត និង​គោរព​សេរីភាព​គំនិត​ច្នៃប្រឌិត​របស់​អ្នកនិពន្ធ ទំនុកច្រៀង​ទាំងអស់​ដែល​មិន​ប៉ះពាល់​ភាពថ្លៃថ្នូរ​និង​សីលធម៌​សង្គម ហើយក៏​មិនមែនជា​ស្នាដៃលួច​ចម្លង​ស្នាដៃ​ពី​កវីនិពន្ធ​រៀមច្បង​។ សមាគម​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ដែលមាន​សមត្ថកិច្ចលើ​កិច្ចការ​នេះ​មេត្តា​ជ្រាប និង​ចាត់ការ​តាម​នីតិវិធី​៕ ដោយៈ បូ​រិ​ន/Ha​