សម្តេចក្រឡាហោម បញ្ជាឲ្យប៉ូលិស​ទូទាំងប្រទេសរឹតបន្តឹងការអនុវត្តន៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

133
ចែករម្លែក

ដោយ: ឫទ្ធិស័ក្តិៈភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក បានបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទូទាំងប្រទេស ត្រូវរឹតបន្តឹងការអនុវត្តន៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត មិនយោគយល់ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ តម្លាភាព ស្មើភាព និងមិនរើសអើង ហើយត្រូវសហការស្រាវជ្រាវ តាមចាប់ខ្លួនជនបង្ក​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលគេចខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យបាន​ជាដាច់ខាត។


ការបញ្ជានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តការណ៍ចំពោះ​អំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។

សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាថ្នាក់ដឹកនាំនគរបាលចរាចរណ៍ទាំង​អស់រៀបចំផែនការសកម្មភាព និងរៀបចំកម្លាំងតាមដាន ត្រួតពិនិត្យ និងគាំទ្រប្រតិបត្តិការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ក្រោមឱវាទដើម្បីធានាភាពត្រឹមត្រូវ គឺប្រកាន់ខ្ជាប់នូវការបន្តពង្រឹងក្រមសីលធម៌ វិន័យ ឱ្យមន្ត្រីក្រោមឱវាទទាំងអស់សក្ដិសមជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមានមនសិការវិជ្ជាជីវៈ។

ជាមួយគ្នានេះថ្នាក់ដឹកនាំក៏ត្រូវផ្ដល់រង្វាន់តាមការកំណត់របស់រដ្ឋ និងការលើក​សរសើរ​ចំពោះអង្គភាព និងមន្ត្រីមានស្នាដៃ និងក៏ត្រូវតែដាក់វិន័យឱ្យបានម៉ឺងម៉ាត់ ចំពោះមន្ត្រីអសកម្ម ឬមន្ត្រីទាំងឡាយណាដែលប្រព្រឹត្តផ្ទុយពីក្រមសីលធម៌​វិជ្ជាជីវៈ ។


សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ទន្ទឹមនឹងការព្រួយបារម្ភអំពីជំងឺ​កូវីដ១៩ យើងក៏មិនអាចមើលរំលងមហន្តរាយនៃគ្រោះថ្នាក់ចរាចរណ៍បានដែរ។ អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់​វិស័យ ប្រជាពលរដ្ឋកាន់តែច្រើនបានប្រើប្រាស់យានយន្តគ្រប់ប្រភេទកើនឡើង​ជារៀងរាល់ឆ្នាំ ខណៈរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធផ្លូវថ្នល់ និងខិតខំអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យបានដឹងពីការអនុវត្តន៍ច្បាប់ និងគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែយ៉ាងណាក៏ដោយ សណ្ដាប់ធ្នាប់ចរាចរណ៍នៅតែ​ជាបញ្ហាស្មុគស្មាញ ពិសេសគ្រោះថ្នាក់ចរាចរណ៍បានបន្តកើនឡើងពីមួយឆ្នាំ​ទៅមួយឆ្នាំ បណ្ដាលឱ្យពលរដ្ឋរងរបួស ស្លាប់ និងខូចខាតទ្រព្យសម្បត្តិទាំងរដ្ឋ និងឯកជនជាច្រើន៕/Ha