សម្តេចតេជោបញ្ជាឲ្យប្រមូលឧបករណ៍តេស្តរកជំងឺកូវីដ១៩ដោយខ្លួនឯងពីឈ្មួញ

196
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាដល់ក្រសួងសុខាភិបាល សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងតុលាការចុះរឹបអូសយកឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ដោយខ្លួនឯងពីឈ្មួញដែលដាក់លក់ដោយខុសច្បាប់។

សម្តេចតេជោបានដាក់បទបញ្ជាផ្ទាល់មាត់នៅរសៀលថ្ងៃ២៩ខែមីនាដោយណែនាំនិងបញ្ជាដល់រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌  តុលាការអាជ្ញាធររាជធានី ខេត្ត ចុះបង្រ្កាប និងរឹបអូស ការលក់់ឧបករណ៍ការធ្វើតេស្តរកមេរោគកូវីដ១៩ឆាប់រហ័សដោយខ្លួនឯងពីព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន។ឧបករណ័នេះមិនមានការអនុញ្ញាតដោយអង្គការសុខភាពពិភពលោក។សម្តេចបាបញ្ជាអោយធ្វើការងារនេះបន្ទាន់។

គួររលឹកថានៅក្នុងសេចក្តីប្រកាសកាលពីព្រឹកថ្ងៃទី២៩ខែមីនាក្រសួងសុខាភិបាលកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ដោយខ្លួនឯងនោះឡើយ។

ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ប្រភេទណាមួយដែលមានការបញ្ជាក់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនូវភាពត្រឹមត្រូវនិងប្រសិទ្ធភាពនៅឡើយទេ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ប្រសិទ្ធភាពនៃការធ្វើតេស្តរហ័សបែបនេះគឺនៅទាបណាស់ហើយក៏មានការចេញលទ្ធផលមកមិនច្បាស់លាស់ច្រើនណាស់ដែរ ដូចជាអ្នកដែលមិនមានមេរោគ បែរទៅជាមានលទ្ធផលវិជ្ជមាន ។រីឯអ្នកមានមេរោគ បែរទៅជាមានលទ្ធផលអវិជ្ជមានទៅវិញ។

ក្រសួងបានឱ្យដឹងថា៖មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដាររបស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។

ក្រសួងសុខាភិបាលបានព្រមានថាជនដែលប្រើឧបករណ៍សម្រាប់តេស្តរហស័រកមេរោគកូវីដ១៩មកផ្សព្វផ្សាយជាសាធារណៈដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

ក្រសួងក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធចូលរួមចាត់វិធានការតាមផ្លូវច្បាប់ជាធរមានយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះបុគ្គល ឬក្រុមហ៊ុនណា ដែលផ្សព្វផ្សាយឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប ១០៣នាក់។ ក្នុងនោះព្យាបាលជា២១នាក់ហើយនៅសល់៨២នាក់ទៀតកំពុងសម្រាកព្យាបាលនៅ នៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងខេត្តនានា៕សរន