សម្តេចនាយក​រដ្ឋមន្ត្រី​: “​រាជរដ្ឋាភិបាល​គិតគូរ​សិក្សា​រៀបចំ​ច្បាប់​អន្តោប្រវេសន៍​ជាថ្មី​”

1447
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ការងារ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ សម្រេចបាន​សម​ទ្ធិ​ផល​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​ការបង្កើន​ការគ្រប់គ្រង​ជនបរទេស​ចេញចូល​ក្នុងប្រទេស​កម្ពុ​ជា ការគ្រប់គ្រង​ជនបរទេស​ដែល​កំពុងតែ​ស្នាក់នៅ​ប្រទេស​កម្ពុជា និង​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​មិន​សមស្រប​ជាដើម​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ដើម្បី​ឆ្លើយតប​ទៅនឹង​និន្នាកា​រវិ​វត្ត​ប្រែប្រួល នៃ​ចរន្ត​តំបន់​ភាវូបនីយកម្ម និង​សកលភាវូបនីយកម្ម ក៏មាន​ការគិតគូរ​សិក្សា​រៀបចំ​ច្បាប់​អន្តោប្រវេសន៍​ជាថ្មី​ផងដែរ​។​

​ការ​ថ្លែង​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្លាប់បាន​បញ្ជាក់ថា ទាក់ទង​ច្បាប់​សញ្ជាតិ និង​ច្បាប់​អន្តោប្រវេសន៍ បានធ្វើ​តាំងពី​ឆ្នាំ​១៩៩៤ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ នៅមាន​បញ្ហា​មួយចំនួន វា​មិន​ស្របគ្នា​ទេ​។ ហើយ​សម្តេច​បានស្នើ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​វិសោធនកម្ម ឬក៏​អាចឈាន​ទៅធ្វើ​ច្បាប់​ថ្មី នៃ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​។

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា “​ថ្មីៗ​នេះ ខ្ញុំ​ក៏បាន​ទទួល​នូវ​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ដើម្បី​ពិនិត្យឡើងវិញ​នៅ​ច្បាប់​សញ្ជាតិ​ផងដែរ​។ ដោយមាន​ចំណុច​មួយចំនួន​វា​មិន​ស្រប ហើយ​ដែល​បានរៀបចំ​នៅ​បែបបទ​លិខិតស្នាម​ដើម្បី​សុំ​ការអនុម័ត ដោយ​បង្កើត​នៅ​ក្រុមការងារ ដោយមាន​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​ពីព្រោះថា ការងារ​អន្តោប្រវេសន៍ និង​ច្បាប់​អន្តោប្រវេសន៍ និង​ទាំង​ច្បាប់​ស្តីពី​សញ្ជាតិ​នេះ មិនមែនជា​កិច្ចការ​ដោយ​យ​ឡែក​របស់​ក្រសួងមហាផ្ទៃ​ទេ វា​ក៏​ពាក់ព័ន្ធ​នឹង​ក្រសួង ស្ថាប័ន​មួយចំនួន ហើយ​ចាំបាច់​ត្រូវមាន​ក្រុមការងារ រួមគ្នា​ដើម្បី​សម្រេច​កិច្ចការ​ដ៏​សំខាន់​នេះ​”​។​

​យោងតាម​របាយការណ៍​បាន​បង្ហាញថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​រកឃើញ​ជនបរទេស​អន្តោប្រវេសន៍​ចំនួន ៤៦.៧៧៦​គ្រួសារ ស្មើ ១៧៦.៨១២​នាក់ ស្រី ៧៩.៧២៨​នាក់ ក្នុងនោះ​ជនបរទេស​បែប​អន្តោ​ប្រវេ​សន្ត​កាន់កាប់ ប្រើប្រាស់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ចំនួន ២០.២១៨​គ្រួសារ ស្មើ ៧៣.៣៩៧​នាក់ មាន​០៥​សញ្ជាតិ​៕L​