សម្តេចហ៊ុន សែន ជំរុញឲ្យ ក្រសួងរ៉ែនិងថាមពល រៀបចំ លក្ខខណ្ឌសម្រាប់វិនិយោគរោងចក្រអគ្គិសនីកែច្នៃពីសំរាម តែហាមដាច់ខាតនាំសំរាមចូលពីក្រៅប្រទេស

351
ចែករម្លែក

ដោយៈតារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឲ្យក្រសួងរ៉ែនិងថាមពល សិក្សារៀបចំលក្ខខណ្ឌ សម្រាប់ឈានទៅធ្វើការដេញថ្លៃរកដៃគូឯកជនសាងសង់និងដំណើរការរោងចក្រអគ្គិសនីដុតសំរាមនៅទីលានចាក់សំរាមរាជធានីភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាសបែបនេះ នៅក្នុងពិធីបើក​កិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ២៥ ខែតុលានេះ។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រសួងរ៉ែនិងថាមពលសិក្សារៀបចំលក្ខខណ្ឌសម្រាប់ឈានទៅធ្វើការដេញថ្លៃរកដៃគូឯកជនសាងសង់នឹងដំណើរការរោងចក្រអគ្គិ សនីដុតសំរាម​នៅទីលានចាក់សំរាមរាជធានីភ្នំពេញ ។

ជាមួយការជំរុញនេះ សម្តេចតេជោក៏បានធ្វើការបញ្ជាក់ផងដែរថា​ការវិនិយោគ​បង្កើតរោងចក្រអគ្គិសនីដុតដោយសំរាមនេះ គឺហាមឃាត់ការនាំចូលសំរាម​ពីបរទេស​មក​ធ្វើជា​វត្ថុធាតុដើម ។

សម្តេចតេជោបានចាត់ទុកថា នេះជាវិធានមួយក្នុងចំណោមវិធានការជាកញ្ចប់​ដើម្បីធានាសោភ័ណភាពប្រទេសយើង ក៏ដូចជាបង្កើតឲ្យមានបរិស្ថាន​រស់នៅស្អាតជូនប្រជាពលរដ្ឋរបស់យើង។

សម្តេចបន្តថា មានក្រុមហ៊ុនច្រើនហើយដែលបានធ្វើការសិក្សាពីបញ្ហានេះ ក៏ប៉ុន្តែ​បញ្ហាពាក់ព័ន្ធបញ្ហាតម្លៃ ។សម្តេចបានបន្តថា យើងអាចបង្កើតឲ្យមានការរៀបចំ​បែបណា​មួយយើងអាចទទួលបាន យើងសុខចិត្តបំពេញខាតដោយ យកប្រាក់​ចំណេញអគ្គិសនីនេះមកបំពេញឱ្យអានេះបន្តិច ។

សម្តេចតេជោបានបន្តថា ទោះបីយ៉ាងណា ​ត្រូវធានាធ្វើឲ្យបរិស្ថានរបស់ប្រទេស​យើងស្អាត កុំឲ្យប្រទេសយើងក្លាយជាកន្លែងចោលសំរាមគ្រប់ទីកន្លែង និងហាម​ដាច់ខាតការសុំវិនិយោគអគ្គិសនីដុតសំរាម ហើយនាំសំរាមចូលពីបរទេស។កម្ពុជាមិនមែនជាកន្លែងចាក់ចោលសំរាមនោះទេ ៕/Ha