សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖សន្តិភាពថ្ងៃ​នេះ​គឺអ្នកស្នេហា​ជាតិយកជីវិតទៅប្តូរ

99
ចែករម្លែក

ដោយៈសុផល

        ភ្នំពេញ៖«សុខសន្តិភាពដែលកម្ពុជាទទួលបាននាពេលនេះ មិនមែនកើតមកដោយងាយ​ៗនោះឡើយ គឺបានដោយឥស្សរជនស្នេហាជាតិ យកអាយុជីវីតទៅប្តូរ»។នេះជាការលើកឡើង​របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងជាឥស្សរជនជាន់ខ្ពស់​ជាតិមួយ​រូប ដែលបានចូលរួមរំដោះប្រទេសជាតិ​ចេញពីរបបខ្មែរក្រហម។​

​នៅក្នុងឱកាសទិវាជាតិ​នៃការចង​ចាំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃ២០ឧសភានេះ សម្តេច​ប្រធានរដ្ឋសភាបានធ្វើការអំពាវនាវដល់ពលរដ្ឋទំាងអស់រួបរួមគ្​នាការពារថែរក្សា​ឲ្យបាននូវ​សុខ​​សន្តិភាពនេះឲ្យគង់វង្សរហូតទៅដើម្បីទទួលបានការអភិវឌ្ឍតទៅមុខទៀត។

សម្តេចបានគូសបញ្ជាក់ថា៖ «មានតែសុខសន្តិភាពទេ ដែលផ្តល់ឱកាសឲ្យ​យើង​មានលទ្ធភាព​កសាង​អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនឆាប់រហ័សនោះ»។

សូមរម្លឹកថា៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៤ របបខ្មែរក្រហមដាក់ចេញនូវគោលនយោ​បាយ​ដ៏ឆ្កួតលីលា ដូចជា  ផែនការការជម្លៀសប្រជាជនចេញពីទីក្រុង លុបបំបាត់ចោលទាំង​ស្រុង​នូវ​សេដ្ឋកិច្ចទីផ្សាររូបិយប័ណ្ណ សាសនា ជាដើមមុនរបបនេះឡើងគ្របគ្រងប្រទេសពីថ្ងៃទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃ៧មករា ឆ្នាំ១៩៧៩។

ក្នុងរយៈពេលជាង៣ឆ្នាំពួកខ្មែរក្រហមបានកាប់សម្លាប់ធ្វើទារុណកម្មនិងបំផ្លិចផ្លាញប្រ​ទេ​ស​ជាតិ​ឲ្យខ្ទេចខ្ទីស្ទើរគ្មានសល់ទំាងធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធ។ពលរដ្ឋកម្ពុជាបា​ន​រស់​នៅ​ក្នុង​សមុទ្រទឹកភ្នែកនិងឈាមរបបអាវខ្មៅបានកាប់សម្លាប់ពលរដ្ឋជាង៣លាននាក់។

សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានមានប្រសាសន៍លើកឡើងទៀថា៖ដោយមើល​ឃើ​ញ​​ពីគ្រោះមហន្តរាយ និង ទុក្ខវេទនារបស់ប្រជាពលរដ្ឋ និង ប្រទេសជាតិបែបនេះទើបមាន​កម្លំា​ង​​ស្នេហា​ជាតិមួយ បានកើតឡើងដើម្បីវាយរំលំរបបប្រល័យពួជសាសន៍ប៉ុលពត នៅថ្ងៃទី៧ ខែ​មករា ឆ្នាំ១៩៧៩។ ជ័យជំនះ៧មករា  ឆ្នាំ១៩៧៩ជាថ្ងៃផ្តល់កំណើតទី២  ដល់ប្រជាពលរដ្ឋ​ខ្មែរ ជាថ្ងៃស្រោចស្រង់និងកសាងប្រទេសជាតិចេញពីគំនរផេះផង់​ឈានមកទទួលបាន​សុខ​សន្តិ​ភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ៕