សម្តេច​ក្រឡាហោមៈ ការពន្យា​រឬ​ផ្អាក​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ប្រៀបបាន​នឹង​ឲ្យ​ពលរដ្ឋ​នៅតែ​បន្ត​រងរបួស​-​ស្លាប់​

136
ចែករម្លែក
សម្តេច​ក្រឡាហោមៈ ការពន្យា​ឬ​ផ្អាក​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ប្រៀបបាន​នឹង​ឲ្យ​ពលរដ្ឋ​នៅតែ​បន្ត​រងរបួស​-​ស្លាប់​

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់ថា លទ្ធផល​ជា​វិជ្ជមាន​ប្រកបដោយ​និន្នាការ​ដ៏​ល្អ​ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​ធ្វើ​ឲ្យ​អត្រា​អ្នកស្លាប់ អ្នករងរបួស និង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ក្នុង​ខែឧសភា​ឆ្នាំ​២០២០ មានការ​ថយចុះ​គួរកត់សម្គាល់​បើ​ប្រៀបធៀប​នឹង​ពេលមុន​មានការ​រឹតបន្តឹង​ការអនុវត្ត​ន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ក្រឡា​ហោម ស ខេង កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​។​

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍កន្លងទៅ(រូបឯកសារ)


​សម្តេច​ក្រឡាហោម ស ខេង បាន​បន្តថា ទិន្នន័យ​ជា​ផ្លូវការ​បានបញ្ជាក់​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​រយៈពេល​១៤​ថ្ងៃ គិតពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ បើ​ប្រៀបធៀប​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ ដូចគ្នា​គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​២៦​លើក អ្នករងរបួស​ថយចុះ​៨១​នាក់ និង​អ្នកស្លាប់​ថយចុះ​៤​នាក់ ។ ចំនួន​នេះ​បើ​ប្រៀបធៀប​ពីថ្ងៃ​ទី​១​រហូតដល់​ថ្ងៃទី​១៤ ខែឧសភា​ឆ្នាំ​២០១៩ វិញ គឺមាន​ការថយចុះ​កាន់តែច្រើន ​ដូចជា​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​៦៨​លើក អ្នករងរបួស​ថយចុះ​៩១​នាក់ និង​អ្នកស្លាប់​ថយចុះ​២០​នាក់ ដែល​នេះ​គឺ​បានបង្ហាញ​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ​យើង​ពិតជា​មានការ​យល់ដឹង និង​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​កាន់តែច្រើន ។​


​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ក៏បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​ ជាពិសេស​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ដែល​បាន​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ខ្ជាប់ខ្ជួន និង​អរគុណ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​ភារកិច្ច​របស់ខ្លួន​បានល្អ​ប្រសើរ ។ ជាមួយគ្នានេះ​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​គ្រប់​បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ និង អប់រំ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ជូន​ប្រជាពលរដ្ឋ​ផងដែរ​។

​សមត្ថកិច្ច​ត្រួតពិនិត្យ​យានយន្ត​ល្មើសច្បាប់​


​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា កន្លងមកនេះ​មានមតិ​ខ្លះ​ក៏បាន​លើកឡើង​ដោយ​សុំ​ឲ្យ​មានការ​ពន្យារឬក៏​ផ្អាក​ការ​រឹតបន្តឹង​ការអនុវត្ត​ន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ដោយ​មូលហេតុ​ផ្សេងៗ ប៉ុន្តែ​ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ជម្រាប​បញ្ជាក់ជូន​បងប្អូន​ជនរួមជាតិ​មេត្តា​ជ្រាបថា តាម​លទ្ធផល​ជា​វិជ្ជមាន​ខាងលើនេះ​បានបង្ហាញ​ថា ការពន្យា​រឬក៏​ផ្អាក​ការ​រឹតបន្តឹង​ការអនុវត្ត​ន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​ប្រៀបបាន​នឹង​ការ​បណ្តែតបណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​រងរបួស និង​ស្លាប់បាត់​បង់ជីវិត​កាន់តែ​ច្រើនឡើងៗ​ថែមទៀត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែលជា​ការ​កើ​ឡើង​នូវ​សោកនាដកម្ម ទាំង​ចំពោះ​គ្រួសារ និង​សង្គមជាតិ​។ ទោះជា​យ៉ាងណាក៏ដោយ​ដើម្បី​កាត់បន្ថយ ឬក៏​លុបបំបាត់​ឲ្យ​បាន​នូវ​បាតុភាព​អវិជ្ជមាន​ផ្សេងៗ​ក្នុង​យុទ្ធនាការ ការ​រឹតបន្តឹង​ការអនុវត្ត​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ សូម​ក្រើនរំលឹក​ថែមទៀត​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត​ភារកិច្ច​របស់ខ្លួន ត្រូវតែ​បន្ត​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ក្នុងការ​អនុវត្ត​ន៍តួនាទី​ភារកិច្ច​របស់ខ្លួន​ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​។​


​សូមជម្រាបថា លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ច​ចរាចរណ៍​ផ្លូវគោក ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​ល្មើសច្បាប់​សរុប​ចំនួន ២៣.៧៧២​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ១៧.៥៩៧​គ្រឿង និង​រថយន្ត​ចំនួន ៦.១៧៥​គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន ៥.០៣៧​គ្រឿង និង​រថយន្ត​ធំ​ចំនួន ១.១៣៨​គ្រឿង​។


​គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ កើតឡើង​ចំនួន ១០២​លើក ស្លាប់​ចំនួន ៥២​នាក់ និង​របួស​ចំនួន ១៤៥​នាក់ (​របួសធ្ងន់ ៩០​នាក់​។ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៥ ខែឧសភា កើតឡើង​ចំនួន​៩ លើក ស្លាប់​ចំនួន ៤​នាក់ និង​របួស​២៣​នាក់ (​របួសធ្ងន់ ១៦​នាក់​)៕សរន/Ha