សម្តេច​ក្រឡាហោម​បញ្ជា​ឲ្យ​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​នៅ​ខេត្ត​ព្រះសីហនុ​

630
ចែករម្លែក
  • 409
    Shares
សម្តេច​ក្រឡាហោម​បញ្ជា​ឲ្យ​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​នៅ​ខេត្ត​ព្រះសីហនុ​

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជា​ឲ្យ​អាជ្ញាធរខេត្ត​ព្រះសីហនុ ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់ បង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ បទល្មើស​ធនធានធម្មជាតិ​គ្រប់​ប្រភេទ និង​បទល្មើស​នេសាទ​សមុទ្រ​។ ក្នុងការ​អនុវត្ត​វិធានការ​នេះ កងកម្លាំង​មាន​សមត្ថកិច្ច និង​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវ​ពង្រឹង​វិន័យ​មាន​សេចក្តី​ស្មោះត្រង់ ស្អាតស្អំ និង​ត្រូវ​ដកខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ពីបទ​ល្មើស​នានា​។​

​ ​ការ​ថ្លែង​របស់​សម្តេច​ក្រឡាហោម ស ខេង បានធ្វើ​ឡើង​ក្នុង​ពិធី​ផ្ទេរ​ភារកិច្ច​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ព្រះសីហនុ​។​

​ ​សម្តេច​ក្រឡាហោម​បាន​សង្កត់ធ្ងន់ថា “​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ខិតខំ​សម្របសម្រួល​ជម្លោះ​នានា​នៅ​មូលដ្ឋាន ជាពិសេស​ជម្លោះដីធ្លី ប្រកបដោយ​តម្លាភាព យុត្តិធម៌ ដោយ​ឈរលើ​គោលការណ៍​ច្បាប់ និង​រួមគ្នា​លុបបំបាត់​ការធ្វើអន្តរាគមន៍​ពាក់ព័ន្ធ​ជម្លោះ​នានា​ខុសពី​តួនាទី និង​សមត្ថកិច្ច​របស់ខ្លួន​។ ការដោះស្រាយ​ជម្លោះ ឬ​ការទាមទារ​តវ៉ា​ត្រូវខិតខំ​បញ្ជៀ​ស​ឲ្យ​បាន​ដាច់ខាត​នូវ​អំពើហិង្សា​តាម​គ្រប់​រូបភាព​”​។​

​ ​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជា​ឲ្យ​អាជ្ញាធរខេត្ត​ព្រះសីហនុ បង្កើន​ការការពារ​សន្តិសុខ សុវត្ថិភាព ដល់​ជនបរទេស ដោយ​ទន្ទឹមនឹង​ការពង្រឹង​ការគ្រប់គ្រង​ជនបរទេស​គ្រប់​ប្រភេទ ដែល​ស្នាក់នៅ និង​បំពេញការងារ​នៅ​ខេត្ត​ព្រះ​សីហ​ហ​នុ ទាំង​អ្នកទេសចរ អ្នកវិនិយោគ និង​ពលករ​បរទេស ដោយ​ផ្អែកលើ​ច្បាប់​ជា​ធរមាន​។​ត្រូវ​ពិនិត្យមើល​ឡើងវិញ​នូវ​សំណង់​នានា ដើម្បី​ធានា​ឲ្យ​បាន​ថា សំណង់​ទាំងអស់​ត្រូវបាន​សាងសង់​ដោយមាន​ច្បាប់​អនុញ្ញាត​ហើយ​ត្រូវ​សាងសង់​ស្របតាម​ប្លង់ និង​បទដ្ឋាន​បច្ចេកទេស​ដែល​បានកំណត់ ព្រមទាំង​មានការ​សិក្សា និង​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ផលប៉ះពាល់​បរិស្ថាន​សង្គម​។ ពិសេស​សំណង់​នៅតាម​មាត់សមុទ្រ តាម​កោះ​នានា សំដៅ​ធានា​ការការពារ​បរិស្ថាន ធនធានធម្មជាតិ តំបន់ឆ្នេរ​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍ ដែលជា​សក្តានុពល​ដ៏​ចម្បង​របស់​ខេត្ត​ព្រះសីហនុ​។​

​សម្តេច​ក្រឡា​ហោ​បាន​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ប្រែក្លាយ​ទីតាំង​ភូមិសាស្ត្រ​ខេត្ត​ទាំងមូល ជា​ប៉ូល​ដ៏​រឹងមាំ នៃ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ តំបន់​អេកូ​ទេសចរណ៍​ដ៏​មាន​សក្តានុពល សំដៅ​ទាក់ទាញ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស និង​ការវិនិយោគ​ក្នុងស្រុក ព្រមទាំង​ការទាក់ទាញ​ភ្លៀវ​ទេសចរ​គ្រប់ទិសទី​ឲ្យ​មកកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​ជម្រុញ​កំណើន​សេដ្ឋកិច្ចជាតិ ប្រកបដោយ​ចីរភាព​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ
​និងលោក​សាយ សំ​អាល់

​ទាក់ទង​ការផ្ទេរ​ភារកិច្ច គឺ​លោក​សាយ សំ​អាល់ ត្រូវបាន​ផ្ទេរ​ភារកិច្ច​ពី​អនុប្រធាន​ក្រុមការងារ​ថ្នា​ក់ណ្តាល​ចុះជួយ​ខេត្ត​ត្បូងឃ្មុំ ទៅជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេត្ត​ព្រះសីហនុ ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល​សារឿន ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​រាជធានី​ភ្នំពេញ​។ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ ក្រុម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សណ្ឋាគារ​ឯករាជ្យ​ក្រុងព្រះសីហនុ​។​

​លោក​សាយ សំ​អាល់ បាន​ថ្លែងថា លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដោយបាន​ផ្តល់​សេចក្តីទុកចិត្ត និង​សម្រេច​ចាត់តាំង​រូបលោក​ឲ្យ​ដឹកនាំ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ បន្ត​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ដែល​ត្រូវ​ទៅ​ទទួល​ភារកិច្ច​ថ្មី​។ ជាការ​ពិតណាស់​ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​សេដ្ឋកិច្ច​ដ៏​ធំធេង ដោយ​បច្ចុប្បន្ន​កំពុងតែ​មានកា​រ​អភិវឌ្ឍន៍​យ៉ាងគំហុក ហើយ​បាន​បង្ក​ជា​សម្ពាធ​យ៉ាងខ្លាំង​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ក្នុង​ខេត្ត និង​បញ្ហា​ប្រឈម​នានា​ជាច្រើន ទាំង​បរិស្ថាន​សង្គម ក៏ដូចជា​ការប៉ះពាល់​ដ​ល់​សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​សាធារណជន​ទូទៅ​ផងដែរ​។

​លោក​បាន​លើកឡើងថា “​នេះ​គឺជា​អ​ម្រែ​ក​ដ៏​ធ្ងន់​មួយ​សម្រាប់​យើងខ្ញុំ​ជា​ក្រុមការងារ​ដែល​ត្រូវ​រែកពន់ តែ​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​នេះ ដែល​បានមកពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅតាម​តួនាទី​ភារកិច្ច​ដែល​បានកំណត់ ក្នុង​សេចក្តីណែនាំ​ស្តីពី​តួនាទី​ភារកិច្ច និង​របៀបរបប​ការងារ សម្រាប់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ថ្នាក់​រាជធានី ខេត្ត ក្នុងការ​ពំ​បេ​ញ​បេសកកម្ម ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​”​។​

​លោក​សាយ សំ​អាល់ បាន​ប្តេជ្ញាចិត្ត​ថា នឹងធ្វើ​ជា​គំ​រូប​ដើម្បី​ជម្រុញ​ការកសាង​នូវ​រដ្ឋបាល​ទំនើប​ដែល​ផ្តល់នូវ​ការរៀបចំ ឲ្យ​មាន​ប្រព័ន្ធ​ការងារ​មួយ​អនុវត្ត​ដោយ​ធនធានមនុស្ស​ប្រកបដោយ​ប្រកបដោយ​សមត្ថភាព ឆន្ទៈ ម្ចាស់ការ ក្រម​សី​លធ​ម​ម៌ វិជ្ជាជីវៈ វប្បធម៌ សេវាសាធារណៈ​និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​
​សូមជម្រាបថា កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម ស ខេង បានស្នើ​សុំ​យោបល់​ដឹកនាំ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សុំ​ផ្លាស់ប្តូរ​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ និង​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ​។ ដោយ​ស្នើសុំ​តែងតាំង​លោក​សាយ សំ​អាល់ ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន​៕ សរន

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ
​និងនាយឧត្តមសេនីយ៍ប៉ុលសារឿន