សម្តេច​ក្រឡាហោម​: គ្រាប់បែក​យក​ចូល​ការិយាល័យ​បោះឆ្នោត​នៅ​ខេត្តព្រះវិហារ គឺជា​គ្រាប់បែក​ដែកកេះ​

1501
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការបោះឆ្នោត បាន​បញ្ជាក់ថា គ្រាប់បែក​ដែល​យក​ចូលក្នុង​ការិយាល័យ​បោះឆ្នោត នៅ​ខេត្តព្រះវិហារ កាលពី​យប់​ថ្ងៃទី​២៧ ខែកក្កដា គឺជា​គ្រាប់បែក​ដែកកេះ​។

​ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​អ្នកសង្កេតការណ៍​អន្តរជាតិ នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែកក្កដា នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។
​ជំនួប​នេះ គឺ​ជុំវិញ​ដំណើរ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ស្អែក​នេះ​។​

​សម្តេច​ក្រឡា​​ហោម ស ខេង បាន​បញ្ជាក់ថា “​មាន​មនុស្ស​យក​គ្រាប់បែក​ចូល​ការិយាល័យ​បោះឆ្នោត នៅ​ខេត្តព្រះវិហារ ប៉ុន្តែ​គឺជា​គ្រាប់បែក​ដែកកេះ​។ បញ្ហា​សន្តិសុខ គឺជា​បញ្ហា​មួយ​ដ៏​សំខាន់​ណាស់​គាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត​”​។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ចំនួន​០៤​រូប នៅ​ចំណុច​សាលាបឋមសិក្សា​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្ត​វិហារ ដែល​បាន​យក​គ្រាប់បែក​ដែកកេះ​ចូល​ការិយាល័យ​បោះឆ្នោត​លេខ ០៣១៧ ។​

​ជនសង្ស័យ ០៤​នាក់ ដែល​ឃាត់ខ្លួន​មានដូចជា
១ ឈ្មោះ យូ វ៉ាន់​លុច ប្រុស អាយុ ២២ ឆ្នាំ មុខរបរ កសិករ​
២ ឈ្មោះ រួម ហ៊ុ​ច ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កសិករ​
៣ ឈ្មោះ សំរិទ្ធ សុ​ផា ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កសិករ​
៤ យុន យ៉ា​រិ​ទ្ធ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កសិករ​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​បញ្ជាក់ថា គ្រាប់បែក​នោះ គឺជា​គ្រាប់បែក​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​វត្ថុតាង​ដកហូត​រក្សាទុក ចំពោះ​មនុស្ស​ទាំង​០៤​នាក់ បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ស្រាវជ្រាវ​បន្ត​៕