សម្តេច​តេ​ជោ​រំលឹក​ពី​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា​

223
ចែករម្លែក
សម្តេច​តេ​ជោ​សរសេរ​រៀបរាប់​ពី​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា​(រូបថតឯកសារ)

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី ២០ ខែឧសភា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ​អំពី​អត្ថន័យ​នៃ​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា ។


​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា “​ថ្ងៃនេះ ជា​ថ្ងៃ​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា ដែលជា​ថ្ងៃ​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​ចងចាំ​មិនអាច​បំភ្លេចបានក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅថា​របប​ប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជា​របប​ដ៏​ឃោរឃៅ និង​ខ្មៅ​ងងឹត “​។ សម្តេច​បាន​បន្តថាៈ “​ទិវា​នេះ ជាការ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​ជាង​៣​លាន​នាក់ ដែល​បាន​ស្លាប់បាត់​បង់ជីវិតនៅក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត “​។

​សម្តេច​បាន​បន្ថែមថា​: “​ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលប់​បានដឹង និង​បាន​យល់ច្បាស់ អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរចត់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លងកាត់​ជិត​៣​ទសវត្សរ៍ ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​ទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀស​ចេញពី​ទីលំនៅ​របស់ខ្លួន​ដោយ​បង្ខំ និង​ការបង្ខំ​ឱ្យធ្វើ​ការ​ដូច​សត្វ​ធាតុ​ជាដើម​។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ​កម្ពុជា ត្រូវស្លាប់​ដោយ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិសេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត​ដែលជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​”​។​


​សម្តេច​តេ​ជោ​បានបញ្ជាក់​ចុងក្រោយ​នៃ​អត្ថបទ​ថា ដើម្បី​កុំ​ឲ្យ​របប​នេះ​វិល​ត្រឡប់មកវិញ ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស ពីព្រោះ​សន្តិភាព​បាន​ផ្តល់ឱកាស​គ្រប់ យ៉ាង​ក្នុង​ការកសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខទៀត​៕​សរន​/Ha/srn