សម្តេច​តេ​ជោ ហ៊ុន សែន សេចក្តីព្រាង​ច្បាប់ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នឹង​ចេញ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​

1006
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន បានប្រកាសថា ​សេចក្តីព្រាង​ច្បាប់ស្តីពី​ការដាក់​ប្រទេស​ស្ថិត​ក្នុង​គ្រា​មាន​អាសន្ន នឹង​ចេញ​នៅក្នុង​សប្តាហ៍​នេះ​។ សម្តេច​បាន​ថ្លែង​ឲ្យ​ដឹង​នៅក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​៣០ ខែមីនា នៅ​រដ្ឋសភាជាតិ​។​

​សម្តេច​តេ​ជោ បានចាត់ទុក​នេះ​ជា​សារ​ជូន​ជនរួមជាតិ​ទាក់ទង​ជាមួយនឹង​ការរៀបចំ​ច្បាប់​ដើម្បី​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ។

​សម្តេច​បន្តថា កាលពី​សប្តាហ៍​មុន​ខ្ញុំ​បាន​និយាយ​ជាមួយនឹង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​អំពី​លទ្ធភាព​កំពុង​សិក្សា​លទ្ធភាព​នៃ​ការ​អនុ​វត្តន៍​មាត្រា​ទី​២២ នៃ​រដ្ឋធម្មនុញ្ញ​។ ឥឡូវ​សេចក្តីព្រាងច្បាប់​បានធ្វើ​រួចរាល់​ហើយ ខ្ញុំ​នឹង​ដឹកនាំ​ការប្រជុំ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃស្អែក​ទី​៣១ មីនា ដើម្បី​ពិនិត្យ​មុនពេល​ដាក់​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​ក្នុង​សប្តាហ៍​នេះ​។​

​ទោះបីជា​សម្តេច​អះអាង​ពី​ការធ្វើ​ច្បាប់​នេះ​ឲ្យ​បានចេញ​ឆាប់ ក៏ប៉ុន្តែ​សម្តេច​បាន​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​សូមកុំ​មានការ​ព្រួយបារម្ភ ​ហើយ​គិតថា​កម្ពុជា​នឹងត្រូវ​បិទ​ប្រទេស​នឹង​ប្រើ​ច្បាប់អាជ្ញាសឹក​កម្ពុជា​ត្រូវ​ប្រើ​នេះ ធ្វើ​នេះ​ធ្វើ​នោះ​។​

​ក៏ប៉ុន្តែ​យើង​មិនទាន់​ប្រើ​វា​ទេ​​ ក៏ប៉ុន្តែយើង​ចាំបាច់​ត្រូវមាន​ឧបករណ៍​ច្បាប់​នៅក្នុង​ដៃ ។ ប្រទេស​ជាច្រើន​បាន​អនុវត្ត​នូវ​វិធានការ​ចាំបាច់​នានា​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃ​កូ​វីដ​១៩ រួចហើយ​។

​សម្តេច​បានបញ្ជាក់​ទៀតថា ​ក្រោយប្រជុំ​គណៈរដ្ឋមន្ត្រី​ចប់​ ច្បាប់​នឹងត្រូវបញ្ជូនមក​រដ្ឋសភា​ជាការ​ប្រ​ញាប់ ហើយ​សង្ឃឹមថា​រដ្ឋសភានឹងមិនអូសបន្លាយ​ការពិភាក្សា​នោះទេ​៕ ល​/Ha