សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ “​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥”

1087
ចែករម្លែក

(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ “​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​​សង្គម ២០១៦-២០២៥” ដែល​បាន​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជា​ធានី​ភ្នំពេញ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សេចក្តីព្រាង​អំពី​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥​គឺជា​​ផែនទី​បង្ហាញផ្លូវ​រយៈ​កាល​វែង ដែល​ផ្តោតលើ​សសរស្តម្ភ​ចំនួន​ពីរ​គឺ ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​។​ចក្ខុវិស័យ​រយៈ​​ពេល​វែង​របស់​រាជរ​ដ្ឋា​ភិ​បាល សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម គឺ​ការកសាង​ប្រព័ន្ធ​គាំពារ​សង្គម​មួយ​ដែលមាន​ប្រសិទ្ធភាព និង​ចីរភាព​ហិរញ្ញវត្ថុ ដើម្បី​បម្រើ​ដល់​គោលនយោបាយ កាត់បន្ថយ និង​ទប់ស្កាត់​ភាពក្រីក្រ ភាព​ងាយ​រងគ្រោះ រួមចំណែក​ដល់​ការអភិវឌ្ឍ និង​គាំពារ​ធនធានមនុស្ស​អោយ​កាន់តែ​រឹងមាំ និង​ទូលំទូលាយ ព្រមទាំង​ជម្រុញ​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​។ សម្តេច​បាន​បន្តថា នេះ​គឺជា​ការកំណត់​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការធានា​អោយបាន​នូវ​សន្តិសុខ ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន​សំដៅ​លើកកម្ពស់​សុខុមាល​ភាព​។​

​គោលដៅ នៃ​ក្របខ័ណ្ឌ​គោលនយោបាយ​នេះ គឺ​ធ្វើការ​បន្ស៊ី ប្រមូលផ្តុំ និង​ពង្រឹង​កម្មវិធី​ដែលមាន​ស្រាប់ ដើម្បី​បង្កើន​ប្រសិទ្ធភាព តម្លាភាព និង​សង្គតិភាព​នៃ​របប ឬ​កម្មវិធី​ទាំងឡាយ ក្នុង​ប្រព័ន្ធ គាំពារ​សង្គម​ទាំងមូល រួមទាំង​ការពង្រីក​វិសាលភាព​ដែល​តូចចង្អៀត​នៅឡើយ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​សេវា​ថែទាំ​សុខភាព ព្រមទាំង​ហានិភ័យ​ផ្សេងៗ​ទៀត​។ លើសពីនេះទៅទៀត​គោលនយោបាយ​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព និង​សមិទ្ធិផល​នានា​ដែល​ទទួលបាន​ជោគជ័យ​នាពេល​កន្លងមក ទន្ទឹមនឹង​ការកំណត់​អំពី​បញ្ហា​ប្រឈម​ដែល​កំពុងតែជួបប្រទះ ព្រមទាំង​បញ្ហា​ប្រឈម​ជាយថាហេតុ​ដែល​អាច​កើតមានឡើង​ថ្ងៃ​អនាគត ដើម្បី​ជា​មូលដ្ឋាន និង​កំណត់​យុទ្ធសាស្ត្រ ឆ្លើយតប​នឹង​បញ្ហា​ប្រឈម ទាំងនោះ ដោយ​ផ្អែកលើ​ទិដ្ឋភាព​បួន​គឺ សមធម៌ ភាព​ទ្រទ្រង់បាន​នៃ​ថវិកា ប្រសិទ្ធភាព និង​ចីរភាព​។​

​ទាក់ទង​ទៅនឹង​គោលនយោបាយ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានអោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួងសុខាភិបាល​ចាប់ផ្តើម​មុនគេ គឺ​ការ​គាំពារ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ ពីព្រោះ​ពួគគាត់​ពិតជា​ត្រូវការ​ជំនួយ​ជា​ចាំបាច់​ហើយ​ពួក​អាច​ជួប​បញ្ហា​ប្រឈម​ជាច្រើន​អំឡុងពេល​ពរ​ពោះ​រហូតដល់​សំរាលកូន ដូច្នេះ​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ពាក់ព័ន្ធ​នានា​ត្រូវ​ចាប់​ផ្តើមធ្វើ​ពី​រឿងនេះ​មុនគេ ថា​ត្រូវ​ផ្តល់អោយ​គេ​មួយខែ​ប៉ុន្មាន​? តែ​ទោះជា​យ៉ាងណា ការដោះស្រាយ​បញ្ហា​នេះ តម្រូវអោយមាន​លក្ខ​ខ័​ណ្ឌ​ច្បាស់លាស់​មួយចំនួន​។ ជាមួយគ្នា​នោះ បញ្ហា​ជនពិការ ក៏​នឹងត្រូវ​ចាប់ផ្តើម​ជា​បន្តបន្ទាប់​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មាន​ប្រស​សន៍​ផងដែរ​ថា វឌ្ឍនភាព​សេដ្ឋកិច្ច នាពេល​បច្ចុប្បន្ន​ស្របតាម​សេដ្ឋកិច្ច​​ពិភពលោក​ត្រូវបាន​រំពឹង​នឹងមាន​ភាពរឹងមាំ​ឡើងវិញ​ជា​លំដាប់​និង​បានដាក់​ចេញ​នូវ​គោលដៅ​ប្រកបដោយ​មហិច្ឆតា​របស់​ខ្លួន គឺ​ការផ្លាស់ប្តូរ​កម្ពុជា​ពី​ប្រទេស​ដែលមាន​ចំណូល​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ហើយ និង​ទៅជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​ដែល​ស្តែង​ចេញពី​ការដាក់អោយ​ដំណើរ​​ការ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល (​ប​.​ជ​.​ស​) បេឡា​ជាតិ​អតីតយុទ្ធជន (​ប​.​ជ​.​អ​)​និង​មូលនិធិ​ជនពិការ​(​ម​.​ជ​.​ព​)​ព្រមទាំង​អនុម័ត​យុទ្ធសាស្ត្រ​ជាតិ​គាំពារ​សង្គម​សម្រាប់​ជនក្រីក្រ​និង​ងាយ​រងគ្រោះ​ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការដាក់អោយ​ដំណើរការ​កម្មវិធី​ជាតិ​គាំពារ​សង្គម​មួយចំនួន​។​

​ជា​ចុងបញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែ​អំណរគុណ​ដល់​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ដៃគូ​នានា និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​ក្រសួង​ទាំងអស់​ដែល​បាន​ចូលរួម​រៀបចំ​នូ​ង​ឯកសារ​ដ៏​សំខាន់​នេះ ដើម្បី​បំរើ​ប្រយោជន៍​សង្គមជាតិ​យើង​ទាំងមូល​៕​អត្ថបទ​៖​ហ្វេ​ស​ប៊ុ​ក​សម្តេច​/ដោយ៖វាសនា