សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​៣៤​ខ្សែ​ ក្នុង​ក្រុងព្រះសីហនុ​

508
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ព្រះសីហនុ​: ផ្លូវ​ចំនួន​៣៤​ខ្សែ ​ក្នុង​ក្រុងព្រះសីហនុ បាន​ប្រារព្ធ​បើក​ការដ្ឋាន​សាងសង់​ហើយនៅ​ព្រឹក​ថ្ងៃ​ទី១៦​​​ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ​មាន​ប្រវែង​សរុប​ជាង ៨៤​គីឡូម៉ែត្រ មាន​រង្វង់​មូល​ចំនួន ៣ និង​ស្ពាន​ចំនួន​៦ ​ប្រវែង ២៥២​ម៉ែត្រ​។ ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ​ចែកចេញជា​៣ ប្រភេទ​រួមមាន​៖

១.​មហាវិថី​ចំនួន​៣​ខ្សែ ​ប្រវែង​ជាង ២២ គីឡូម៉ែត្រ មាន​ទទឹង ៥០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ២៥,៧៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត ៦ គន្លង (៣​ទៅ ៣​មក​) ផ្លូវ​ទោចក្រយានយន្ត​២​គន្លង ​រួមមាន​៖ មហាវិថី​រាម (​លេខ​៤៥), មហាវិថី​ឆ្នេរ​រាម និង មហាវិថី​ជំទាវ​ម៉ៅ (​លេខ​៤៧)​។​

២.​វិថី​មាន​ចំនួន​១៦​ខ្សែ​ មាន​ប្រវែង​ជិត​៥០​គីឡូ ម៉ែត្រ​មាន​ទទឹង ២០​ម៉ែត្រ​ទៅ ៤០​ម៉ែត្រ ​ទ្រូងផ្លូវ​ទទឹង ១០,២៥​ម៉ែត្រ ទៅ ១៧,២៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត​២​គន្លង ទៅ​៤​គន្លង​, ផ្លូវ​ទោចក្រយានយន្ត ២​គន្លង ។ វិថី​ទាំង ១៦​ខ្សែ​នេះ​រួមមាន វិថី​លេខ ៨៣៧-១ វិថី​អូ​ត្រេះ​, វិថី​ឆ្នែ​រ​អូរ​ឈើទាល (​លេខ ៥០) វិថី​កោះ​ពូ​ឡូ​វ៉ៃ (​លេខ​៣០០), វិថី​ឯករាជ្យ (​លេខ​១០០), វិធី​២​ធ្នូ (​លេខ​៦០០), វិថី​លំហែ​ព្រះ​ភូមិន្ទ​, វិថី​ឆ្នេរ​អូរត្រេះ​, វិថី​គជ់អាស៊ី (​លេខ​១២៣៧), វិថី​បុរី​កម្មករ (​លេខ​១១២), វិថី​ជោ​ត​ញ្ញាណ (​លេខ ៧០១), វិថី​២៨​មិថុនា (​លេខ​១២៣), វិថី​មិត្តភាព​កម្ពុជា​-​រុ​ស្ស៉ី (​លេខ​៧០៥) វិថី​ចំណោត​អូរ​ត្រាវ និង​វិថី​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ និង​វិថី​អូរ​ត្រជាក់ចិត្ត​។​

៣.​អនុ​វិថី​មាន​ចំនួន​១៥​ខ្សែ​មាន​ប្រវែង​ជិត ១២ គីឡូម៉ែត្រ​​ មាន​ទទឹងផ្លូវ​ពី ១៥​ម៉ែត្រ ទៅ​៤៥​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ១០,២៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត ២​គន្លង និង​ផ្លូវ​ទោចក្រយានយន្ត​២​គន្លង​។ អនុ​វិថី​ទាំង​១៥​ខ្សែ​នេះ​រួមមាន​៖ ផ្លូវ​កាត់​ទទឹង​វិថី​អូរត្រេះ និង​វិថី​ឆ្នេរ​អូរត្រេះ​, ផ្លូវ​លេខ​៨០១, ផ្លូវ​លេខ​៥០១, ផ្លូវ​លេខ​៥០៣, ផ្លូវ​លេខ​៥០៥, ផ្លូវ​លេខ​៥០៧, ផ្លូវ​លេខ​១១៥, ផ្លូវ​លេខ​៦០២, ផ្លូវ​លេខ​៥០២, ផ្លូវ​លេខ​៨១០, ផ្លូវ​លេខ ៨១៨៨, ផ្លូវ​លេខ​១០២, ផ្លូវ​លេខ​៨០៦, ផ្លូវ​លេខ​១០៦ និង​ផ្លូវ​លេខ​១២៦ លើកលែងតែ​កំណាត់​ទី​៣​នៃ​ផ្លូវ​លេខ​៨០១ ប្រវែង ១០៣​ម៉ែត្រ ផ្លូវ​មាន​ទទឹង ១០​ម៉ែត្រ​។​

​លោក​អភិបាល​បាន​បន្ថែមថា ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ ទៅជា​ទីក្រុង​ទំនើប​ដែលមាន​សោ​ភ័ណ​ភាព បរិស្ថាន​ល្អ សម្រាប់​ការរស់នៅ ទេសចរណ៍ និង​ធុរកិច្ច ជាពិសេស​ធានាបាន​គុណភាព​ខ្ពស់ រឹងមាំ ប្រើប្រាស់​បានយូរ​អង្វែង ការស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ ត្រូវគោរព​តាម​គោលការណ៍​និង​លក្ខណៈ​បច្ចេកទេស​ដូចខាងក្រោម​៖

១៖ គោរព​តាម​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ចក្ខុវិស័យ​ឆ្នាំ​២០៣០​។​
២៖ កំណត់​អ័ក្ស​ផ្លូវ​តាម​ចំណុចកណ្តាល​នៃ​ដី​ចំណីផ្លូវ​សាធារណៈ​ស្របតាម​ប្លង់​សុរិយោដី​។​
៣៖ សាងសង់​តាម​គម្រោង​ប្លង់​បច្ចេកទេស​លម្អិត​នៃ​ខ្សែ​ផ្លូវ​នីមួយៗ​ដែល​សិក្សា​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​អនុលោម​តាម​បទដ្ឋាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៖ ទ្រូងផ្លូវ​ធ្វើ​ពី​បេតុង​កម្រាស់ ២៥០​មិល្លីម៉ែត្រ ក្រាល​កៅស៊ូ​បេ​ទី​ម​កម្រាស់ ៧០​មិល្លីម៉ែត្រ បេតុង​ត្រូវ​ពង្រឹង​ដោយ​ប្រើ​ដែក​សរសៃ​ទំហំ ១២​មិល្លីម៉ែត្រ​, ចិញ្ចើមផ្លូវ​មាន​ផ្លូវ​ថ្មើរជើង​ក្រាល​សន្លឹក​បេតុង និង​ផ្លូវ​ជិះ​កង់​ទទឹង ១.៥០​ម៉ែត្រ ក្រាល​កៅស៊ូ​បេ​ទី​ម​កម្រាស់ ៥០​មិល្លីម៉ែត្រ មាន​ដាំ​ស្មៅ និង​ដើមឈើ​ជា​ផ្ទៃ​បៃតង​ជ្រាប​ទឹក​, ដាំ​ដើម​តែ និង​រុក្ខជាតិ​លម្អនៅតាម​ផ្លូវ​ដែលមាន​ខឿន​សួន​កណ្តាល​ចែក​ទ្រូងផ្លូវ​, បង្កប់​លូទឹក​ភ្លៀង​មុខកាត់ ១​ម៉ែត្រ និង​លូទឹកកខ្វក់​មុខកាត់ ១​ម៉ែត្រ តាម​បណ្តោយ​សងខាង​ផ្លូវ​, មាន​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​, មាន​គំនូស​ចរាចរណ៍ និង​ផ្លាកសញ្ញា​ចរាចរណ៍​តាម​បទដ្ឋាន​បច្ចេកទេស​។​

​បន្ថែម​ពីលើ​នេះ ផ្លូវ​សំខាន់ៗ​នឹងត្រូវ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ផងដែរ​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​បានកំណត់​ក្នុង​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ចក្ខុវិស័យ​ឆ្នាំ​២០៣០ គឺ​រៀបចំ និង​អភិវឌ្ឍ​ន៍ខេត្ត​ព្រះសីហនុ ជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ន៍ទីក្រុង​ទំនើប រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ច្រកចេញចូល​អន្តរជាតិ មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ជាតិ ដោយមាន​ទំនាក់ ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សកលលោក និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម ផលិតកម្ម​បែប​បច្ចេកវិជ្ជា​ទំនើប ដែលមាន​សុខដុម​នីយកម្ម​ជាមួយនឹង​បរិស្ថាន​រស់នៅ​ល្អប្រសើរ​។​

​ការសាងសង់​ផ្លូវ​ប្រកបដោយ​ប្រណីត​ភាព​ទាំង ៣៤​ខ្សែ​នេះ គឺជា​ការរួមចំណែក​ដ៏​សំខាន់​ក្នុងការ​ធ្វើឱ្យ​សម្រេច​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៣០ របស់​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​៕ ល​/Ha