សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ នៅ​ប្រទេស​សឹង្ហ​បុរី​

1350
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធិ / ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ កាលពី​វេលា​ម៉ោង ៨​ព្រឹក​ថ្ងៃទី​២៧ ខែមេសា​នេះ តាម​ជើងយន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី​។

​ការអញ្ជើញ​របស់​សម្តេច​ជាការ​ឆ្លើយតប​តាម​ការអញ្ជើញ​របស់ លោក លី សៀន​ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សិង្ហ​បុរី និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២​។​

​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា ឥស្សរជន​កម្ពុជា​ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក​បណ្ឌិត ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​សមាជិក​ដទៃទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ក្រោម​មូលបទ “​ភាពរឹងមាំ និង​នវានុវត្តន៍​របស់​អាស៊ាន​” នឹង​ឆ្លុះបញ្ចាំង​នូវ​អភិក្រម​ដ៏​សំខាន់​ដែល​អាស៊ាន​ប្រកាន់យក ដើម្បី​រក្សា​សារៈសំខាន់​របស់ខ្លួន ក្នុងនាម​ជា​អង្គការ​តំបន់​ដែល​ទទួលបាន​ការជឿទុកចិត្ត​នៅក្នុង​ការថែរក្សា និង​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។​

​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារៈសំខាន់​នេះ ថ្នាក់ដឹកនាំ​អាស៊ាន​នឹងធ្វើ​ការពិភាក្សា​និង​ផ្លាស់ប្តូរ​ទស្សនៈ ស្តីពី​ការកសាង​ភាពរឹងមាំ និង​នវានុវត្តន៍​របស់​អាស៊ាន ការបង្កើត​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន កិច្ចសហប្រតិបត្តិការ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ទំនាក់ទំនង​ក្រៅ​តំបន់​អាស៊ាន និង​ទិសដៅ​អនាគត ព្រមទាំង​បញ្ហា​នៅក្នុង​តំបន់ និង​អន្តរជាតិ​ដែលជា​ផលប្រយោជន៍​រួម​។​

​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមេសា​នេះ មានការ​រៀបចំ​អាហារ​ការងារ បន្ត​ដោយ​កិច្ចប្រជុំពេញអង្គ​កំពូល​អាស៊ាន​លើក​ទី​៣២​។ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ជា​ការបើក​កិច្ចប្រជុំ​ផ្លូ​កំពូល​អាស៊ាន​ផ្លូវ​ការលើក​ទី​៣២ និង ការ​ទស្សនកិច្ច​ពិព័រណ៍​ស្មា​ត​ស៊ី​ធី នៃ​បច្ចេកវិទ្យា​ឌី​ជី​ថត នៅ​ទីក្រុង​សឹង្ហ​បុរី និង​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជា​កាបូប​លុយ​។ បន្ទាប់មក​មាន​កិច្ចប្រជុំ​ចង្អៀត​របស់​មេដឹកនាំ​កំពូល​អាស៊ាន​។

​ក្រៅពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​អាស៊ាន​មួយចំនួន​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​ប្រតិភូ​អមបាន​បន្តថា នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ ឯកសារ​សំខាន់ៗ​មួយចំនួន​នឹងត្រូវ​បានចេញ​ផ្សាយ​អនុម័ត និង​កត់សំគាល់​។​

​តាម​គ្រោង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​គោង​វិលត្រឡប់​មកដល់​មាតុភូមិ​វិញ​នៅ​ម៉ោង ១៤៖៥០​នាទី រសៀល​ថ្ងៃទី ២៨ ខែមេសា​៕ ល​