សម្តេច​តេ​ជោ អរគុណ​សប្បុរសជន និង​មន្ត្រីរាជការ​ដែល​បាន​បរិច្ចាគ​ថវិកា​និង​ប្រាក់ខែ​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩

145
ចែករម្លែក
សម្តេច​តេ​ជោ អរគុណ​សប្បុរសជន និង​មន្ត្រីរាជការ​ដែល​បាន​បរិច្ចាគ​ថវិកា​និង​ប្រាក់ខែ​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការបស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៦​ខែមេសា​នេះ​បានបញ្ជាក់​ថា​តប​តាម​ការអំពាវនាវ​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងការ​រៃអង្គាស​មូលនិធិ​សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​-១៩ កាលពី​ថ្ងៃទី ៤ មេសា កន្លងទៅនេះ គឺ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បានទទួល​ថវិកា​ប្រមាណ​ជាង​១០​លាន​ដុល្លារ​ហើយ ដែល​បានមកពី​សប្បុរសជន​ចូលរួម​បរិច្ចាគ​ផង​និង បូករួម​ទាំង​ថវិកា​បៀវត្សរ៍​ដែល​ចូលរួម​ដោយ​មន្ត្រីរាជការ​ផង​។​


​ប្រភព​ដដែល​បាន​បន្តថា​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​“​យើង​ត្រៀម​ថវិកា​នេះ​សម្រាប់​យកទៅជួយ​ប្រជាពលរដ្ឋ​ក្នុង​ស្ថានការណ៍​ដែល​កម្ពុជា​កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដូចជា​ទិញ​ម៉ាស និង​សម្ភារ​បរិក្ខារ​របស់​គ្រូពេទ្យ ទិញ​អាល់កុល និង​ត្រៀម​បម្រុង​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ទៅតាម​តម្រូវការ​ជាក់ស្តែង និង​ចាំបាច់​បន្ទាន់​“ ។​
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា “​កម្ពុជា​ពេលនេះ គឺ​កំពុង​បញ្ចេញ​កម្លាំង ខិតខំ​ធ្វើ​ការងារ​ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​យើង​។ កុំ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​យើង​មិន​បានដឹង​ហើយ​មិនបាន​ដោះស្រាយ ។ មិនមែន​គ្រាន់តែ​បញ្ហា​កូ​វីដ​១៩​ទេ ក៏ប៉ុន្តែ​យើង​ត្រូវ​ពិនិត្យមើល​ប្រជាពលរដ្ឋ​យើង​ដែល​ខ្វះខាត​ស្បៀង គឺ​ត្រូវ​ផ្តល់​ស្បៀងអាហារ​ឲ្យ​ពួកគាត់​បានជា​បន្ទាន់​ឆាប់​បំផុត​។ កុំ​ឲ្យ​ពួកគាត់​ខ្វះ​ស្បៀងអាហារ​ឲ្យ​សោះ ក្នុងពេលដែល​សភាពការណ៍​មានការ​ប្រែប្រួល​ពី​ក្រៅប្រទេស និង​ពី​ក្នុងប្រទេស គឺ​ត្រូវ​គ្រប់គ្រង​អ្វីៗ​ដែលមាន​ក្នុងប្រទេស​របស់​យើង ហើយ​ត្រូវ​ចាត់ចែង​នូវ​ធនធាន​ទាំងអស់​ដែលមាន​ក្នុងប្រទេស​របស់​យើង​សម្រាប់​ជួយ​នឹង​បម្រើ​ប្រជាពលរដ្ឋ​របស់​យើង​ឲ្យ​បាន​ទាន់ពេល​”​។​


​សម្តេច​បន្ត​ដោយ​សូម​អរគុណ​ដល់​សប្បុរជន​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់ ដែល​បាន​ចែករំលែក​បរិច្ចាគ​ប្រាក់ខែ​ផ្ទាល់ខ្លួន​ចូលរួម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​១៩៕​សរន