សម្តេច​នាយករដ្ឋមន្ត្រី​កម្ពុជា​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ឡាវ​នៅថ្ងៃទី៥ធ្នូ

924
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នេះ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់លោក ថង​លូន ស៊ី​សូលី​ត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ខណៈបំពេញទស្សនកិច្ចនៅប្រទេសនេប៉ាល់កាលពីពេលថ្មីៗនេះ(រូបផេកសម្តេចតេជោ)

​ ​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមមាន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រីក្រសួង​យុ​ត្ថិ​ធម៌ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ឥស្សរៈជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។

​ ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​០៣ ខែធ្នូ បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​ទស្សន​កិច្ច សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា ជាមួយ​លោក ប៊ុន​ញ៉ាំង វរ​ជី​ត (Bounnhang Vorachith) ប្រធាន​រដ្ឋ​ឡាវ និង​លោកស្រី ប៉ានី យ៉ា​ថ​ទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិ​ឡាវ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ថង​លូន ស៊ី​សូលី​ត ដើម្បី​ពិភាក្សា​រិះរក​លទ្ធភាព​ក្នុងការ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែលមាន​ស្រាប់ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ពិតប្រាកដ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​កង្វល់​រួម និង​ផលប្រយោជន៍​ទៅវិញទៅមក​ផងដែរ​។​

​ ​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​វៀង​ច័ន្ទ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​ស្តូប​អនុស្សាវរីយ៍​វីរៈ​យុទ្ធជន​ពលី​៕សរន