សម្តេច​ប្រធានរ​ថ្ឋ​សភា​ ៖ សេចក្តីព្រាងច្បាប់​សំណង់​ដែល​រដ្ឋសភា​កំពុង​សិក្សា​នឹង​ជំរុញ​វិស័យ​សំណង់​កាន់តែ​រីកចម្រើន

325
ចែករម្លែក

​​ដោយ:សុផល​/​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​បាន​លេី​ក​ឡើង​ថា សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់ ដែល​រដ្ឋសភា​កំពុង​ពិនិត្យ​សិក្សា នឹង​ក្លាយជា​ច្បាប់​ដ៏​មាន​សារៈសំខាន់ ជា​បទដ្ឋាន​គតិយុត្ត​ថ្មី បន្ថែម​លើ​អ្វី​ដែលមាន​ស្រាប់ ក្នុងការ ជំរុញ វិស័យ​សំណង់​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីក ចម្រើន គោរព​តាម​បទដ្ឋាន​បច្ចេកទេស សុវត្ថិភាព សោភ័ណភាព និង​បរិស្ថាន​។

​សម្តេច​បាន​គូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់ តាក់តែងឡើង​ក្នុង​បរិបទ​វិស័យ​សំណង់ មានការ​រីកដុះដាល​កាន់តែច្រើន មាន​លក្ខណៈ​កាន់តែ​ធំ កាន់តែ​ខ្ពស់​។ ជាពិសេស​ក្នុងពេលដែល​វិស័យ​សំណង់​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​ក្នុងការ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ចជាតិ​ឲ្យ​រឹងមាំ និង​មាន​និរន្ត​ភាព ក្នុងចំណោម​វិស័យ​ផ្សេងទៀត ដែលមាន​ដូចជា ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និង​កសិកម្ម ជាដើម​។​

​សម្តេច​ប្រធានរដ្ឋសភា​បានលើកឡើង​ដូច្នេះ នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ពិធី​បើក​សិក្ខាសាលា​ស្តីពី​ការ​ឈ្វេងយល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី សំណង់ ដែល​រៀបចំ​ធ្វើឡើង​ដោយ​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ឋា​ម​ពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។

​សូមជម្រាបថា​រដ្ឋសភា​បាន​ទទួលយក​សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់​តាម​សំណើ​របស់​រាជ​រដ្ឋា ភិ​បាល​មក​ពិនិត្យ​សិក្សា​ដោយបាន​ប្រគល់​សេចក្តីព្រាងច្បាប់​នេះ ដល់​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ឋា​ម​ពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ដែលមាន លោកស្រី​និ​ន សា​ផុន ជា​ប្រធាន​ពិនិត្យ​សិក្សា​។ សិក្ខាសាលា​ដែល​រៀបចំ​នាពេលនេះ ជា​វេទិកា​មួយ ដើម្បី​ទទួលយក​មតិយោបល់ ពី​មជ្ឈដ្ឋាន​នានា​ដើម្បី​ជា​ធាតុ​ចូល ដែល​អាចធ្វើ​ឲ្យ​សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់​នេះ មាន​ខ្លឹមសារ​គ្រប់​ជ្រុងជ្រោយ​និង​បម្រើ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។​

លោកស្រី និ​ន សា​ផុន បាន​គូសបញ្ជាក់ថា​សេចក្តីព្រាងច្បាប់​នេះ បាន​ឆ្លើយតប​នឹង​គោល នយោបាយ​ជាតិ​ស្តីពី​ការរៀបចំ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​៨ ខែមេសា​ ឆ្នាំ​២០១១ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣ និង​យុទ្ធសាស្ត្រ​​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេចបាន​ចក្ខុវិស័យ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​ប្រធាន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា បាន​មានប្រសាសន៍​បន្ថែមថា ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ទុនវិនិយោគ​វិស័យ​សំណង់​មាន​កំណើនទៀងទាត់ និង​នៅ​បន្ត​រីកចម្រើន​ជា​លំដាប់ ជាពិសេស​ការសាង់សង់​សំណង់​ធំៗ​ខ្ពស់ ដូចជា​អគារ​ស្នាក់នៅ​រួម អគារ​លក់ទំនិញ ផ្សារ​ទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​ការិយាល័យ សណ្ឋាគារ អគារ​ពហុ​មុខងារ សំណង់​ទីក្រុង​រណប បុរី​លំនៅឋាន ។​ល​។

​លោកស្រី​និ​ន សា​ផុន បាន​សង្កត់ធ្ងន់ថា សំណង់​កាន់តែ​ធំ កាន់តែ​ខ្ពស់ និង​កាន់តែ​ស្មុគស្មាញ កាន់តែ​ទាមទារ​ឲ្យ​មានការ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​បទដ្ឋាន​គតិយុត្ត បច្ចេកវិទ្យា ស្តង់ដារ និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស ដើម្បី​ធានា​ភាពរឹងមាំ គុណភាព សោ​ភណ្ឌ​ភាព និង​ចីរភាព​សំណង់​។

​សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់ មាន​២២​ជំពូក និង​១១១​មាត្រា​។ លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើកឡើងថា សេចក្តីព្រាងច្បាប់​សំណង់ ត្រូវបាន​តាក់តែងឡើង​តាំងពី​ឆ្នាំ​២០១៧​មកម្ល៉េះ ដោយមាន​ការចូលរួម​ផ្តល់យោបល់​ពី​អ្នកជំនាញ​នៃ​ក្រសួង​ដីធ្លី ហេ​ដ្ឋា​រចនា សម្ព័ន្ធ ដឹក​ជ​ញ្ជួ​ន និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន​។ សេចក្តីព្រាងច្បាប់​នេះ មាន​គោលបំណង ក្នុងការ​ពង្រឹង​ការគ្រប់គ្រង​ភាគី​ពាក់ព័ន្ធ​និង​ការប្រតិបត្តិ​ការងារ​ទាំ​ង​ឡាយ ក្នុង​វិស័យ​សំណង់ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ការពារ​ផលប្រយោជន៍​ម្ចាស់​សំណង់ អ្នកប្រើប្រាស់ និង​សាធារណជន​។ ចូលរួម​ពង្រឹង​ការគ្រប់គ្រង​នគរូបនីយកម្ម ដោយ​អភិវឌ្ឍន៍​ទីក្រុង​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ចីរភាព សំដៅ​លើកកម្ពស់​សុខុមាល​ភាព​សាធារណៈ ជាដើម​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកទឹកចិត្ត​ដល់​សិក្ខាសាលា​ធ្វើការ​ផ្លាស់ប្តូរ មតិយោបល់ និង​អនុសាសន៍​ល្អៗ ដើម្បីឱ្យ​សេចក្តីព្រាងច្បាប់​នេះ​បម្រើ​ដល់​ផលប្រយោជន៍​សង្គម និង​ពលរដ្ឋ តាមរយៈ ការគ្រប់គ្រង​លើ​ការងារ ក្នុង​វិស័យ​សំណង់​ឱ្យបាន​ល្អ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សុខុមាលភាព​របស់​ព​ល​រដ្ឋ​។ ធានាបាន​នូវ​គុណភាព សោ​ភ័​ណ្ឌ​ភាព និង​បរិស្ថាន​ល្អ រក្សា​និង​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ និង​បង្កើន​ទំនុកចិត្ត​របស់​វិនិយោគិន ក្នុង​វិស័យ​សំណង់​ដើម្បី​ជំរុញ​ទីផ្សារ​អចលនៈទ្រព្យ​ឱ្យ​កាន់តែ​រីកចម្រើន​។​សម្តេច​ប្រធានរដ្ឋសភា បាន​លើកឡើងថា បើ​និយាយ​អំពី​វិស័យ​សំណង់ គឺ​គេ​នឹកឃើញ​ដល់​ស្នាដៃ​បុព្វបុរស​ខ្មែរ​ដែល​បាន​កសាង ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន និង​ប្រាសាទ​រាប់រយ​ទៀត​នៅ​ពាសពេញ​ប្រទេស​។ ស្នាដៃ​ស្ថាបត្យកម្ម និង​វិស្វកម្ម​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ បាន​ល្បីល្បាញ​ពាសពេញ​សកលលោក​៕​B/