សម្តេច​ប្រមុខរដ្ឋស្តីទី​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​១២​នៅ​វត្ត​អង្គ​កំពង់​ថ្មកែវ​

425
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​១២​នៅ​វត្ត​អង្គ​កំពង់​ថ្មកែវ​ស្ថិតនៅ​ភូមិ​អង្គ​សង្កាត់​ប្រទះ​ឡាង ខណ្ឌ​កំពូល រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ពុធ ១២​រោច ខែភទ្របទ ឆ្នាំកុរ​ឯកស័ក​ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩ ។​

​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​និង​សមាជិក​សមាជិកា​ព្រឹទ្ធសភា​ទីប្រឹក្សា​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ព្រមទាំង​ពុទ្ធបរិស័ទ​បាន​បូជា​ទៀនធូប​ផ្កា​ភ្ញី​ចំពោះ​ព្រះ​រតនត្រៃ​ព្រមទាំង​ធ្វើ​កិច្ច​សូត្រមន្ត​នមស្សការ ព្រមទាំង​បាន​នាំយក​នូវ​បច្ច័យ ទេយ្យទាន គ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើន​មុខ​ទៅ​ប្រគេន​ព្រះសង្ឃ​។

​ដើម្បី​ឧទ្ទិស​នូវ​ផល្លា​រអា​និ​សង្ឃ ជូន​ទៅដល់​វិញ្ញានក្ខន្ធ​បុព្វការី​ជន មាន​មាតា បិតា ជីដូន ជីតា​ញាតិ​ការ​ទាំង​៧​សណ្ដាន​ព្រមទាំង​ឧទ្ទិស​ដល់​ដួង​វិញានក្ខន្ធ​របស់​ឥស្សរជន វីរជន​យុទ្ធជន​ដែល​បាន​លះបង់​ជីវិត​ដើម្បី​បុព្វហេតុ​រំដោះជាតិ​សូម​ឲ្យ​ដួង​វិញាណក្ខន្ធ​អ្នក​ទាំងអស់​ឲ្យ​បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​បាន​អញ្ជើញ​រាប់បាត្រ​ប្រគេន​ទេយ្យទាន​និង​បច្ច័យ​ចំពោះ​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​និង​សម្រាប់​ការសាងសង់​សមិទ្ធផល​នានា​ក្នុង​វត្ត​អង្គ​កំពង់​ថ្មកែវ​ដោយ​សទ្ធា​ជ្រះថ្លា​ជាទីបំផុត​។​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​ឧទ្ទិស​កុសលផល​បុណ្យ​ដែល​កើតមាន​។​

​នៅក្នុង​ឱកាស​នេះ​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជាស៊ីម​និង​លោកជំទាវ​ញ៉ែម​សឿន​ព្រមទាំង​បុព្វការី​ជន​វីរៈជន​ស្នេហា​ជាតិ​ទាំងអស់​ដែល​បាន​ចែក​ឋាន​ទៅហើយ​បាន​ជួបតែ​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​ជាមួយគ្នានេះ​សម្តេច​បាន​បួងសួង​ចំពោះ​ព្រះ​រតនត្រ័យ​សូមឱ្យ​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ ជួបតែ​សេចក្តីសុខ និង​ការរីកចម្រើន ជា​រៀងរហូត​ទៅ​៕S/

​ចំណងជើង​រូបថត​៖​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញ កាន់បិណ្ឌ​វេន​ទី​១២ នៅ​វត្ត​អង្គ​កំពង់​ថ្មកែវ ខណ្ឌ​កំពូល រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ ២៥ ខែកញ្ញា ឆ្នាំ​២០១៩