សម្តេច​ហ៊ុនសែន​ចំអក​ឱ្យ​ពួក​ប្រឆាំង​ថា​”​បើ​អ្នកគាំទ្រ​បក្សប្រឆាំង​មិន​ទៅ​បោះឆ្នោត​វា​ផ្តល់​លទ្ធផល​កាន់ តែ​ល្អ​សម្រាប់​គណបក្ស​ប្រជាជន​”

971
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​កំពង់ស្ពឺៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ថ្លែង​បែប​ចំអក​ទៅឱ្យ​អតីត​មេបក្ស​ប្រឆាំង​អំពី​បច្ចេកទេស​នៃ​ការ​ទៅ​បោះឆ្នោត​ថា​៖​ប្រសិនបើ​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​មិន​ទៅ​បោះឆ្នោត​គឺ​សន្លឹកឆ្នោត​កាន់តែ​ល្អ​សម្រាប់​បក្ស​ឈ្នះឆ្នោត ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ កម្មករ​-​កម្មការិនី​ក្នុង​ខេត្តកំពង់ស្ពឺ ប្រមាណ​ជិត ២ ម៉ឺន​នាក់​នា​ព្រឹក​ថ្ងៃទី​២៣ ខែ ឧសភា​នេះ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​រិះគន់​ចំពោះ​ទង្វើរ​របស់​អតីត​មេបក្ស​ប្រឆាំង​ថា ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំទៅ​បោះឆ្នោត​គឺជា​ការបំពាន​សិទ្ធិ​របស់​ពលរដ្ឋ​។

​ទោះជា​បាន​ថ្លែង​បែបនេះ​ក៏ពិតមែន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​របៀប​ចំអក​ថា​៖ សម្តេច​គួរតែ​រុញ​ទូក​បណ្តោយ​ទឹក​នៅពេលដែល​អតីត​មេបក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​អ្នក​ធ្លាប់​គាំទ្រ​ខ្លួន​កុំទៅ​ចូលរួម​បោះឆ្នោត ។ ព្រោះថា​ប្រសិនបើ​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​មិន​ទៅ​បោះឆ្នោត គឺ​នឹង​ផ្តល់​លទ្ធផល​កាន់តែ​ល្អ​ដល់​គណបក្ស​ឈ្នះឆ្នោត​។ ប៉ុន្តែ​សម្តេច​មិន​ចង់បាន​បែបនេះ​ទេ គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ត​សិទ្ធិ​របស់ខ្លួន ចេះ​ប្រើ​សិទ្ធិ​របស់ខ្លួន ។​

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​៖“​បើ​និយាយ​ពី​បច្ចេកទេស​នៃ​អ្នកបោះឆ្នោត ខ្ញុំ​គួរតែ​រុញ​ទូក​បណ្តោយ​ទឹក​ឲ្យ​អ្នក​តែម្តងទៅ ផ្តាំផ្ញើ​ទៅ​អ្នក​ពួក​អ្នកប្រឆាំង ទៅកាន់​តែ​តិច សន្លឹកឆ្នោត​កាន់តែ​ល្អ​សម្រាប់​គណបក្ស​ឈ្នះឆ្នោត​អាហ្នឹង​និយាយ​ឲ្យ​ពិត ។​ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ធ្វើ​បញ្ហា​ហ្នុ​ង​ទេ ខ្ញុំ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ប្រើ​សិទ្ធិ​” ។
​សម្តេច​តេ​ជោ​ហ៊ុនសែន បាន​បន្តថា​៖​សមាជិក​គណបក្ស​ប្រជាជនមាន​ចំនួន​ដល់​ទៅ​ជាង ៥ លាន​នាក់ គឺ​វា​ច្រើនជាង​ពាក់កណ្តាល​នៃ​អ្នក​ត្រូវ​ទៅ​បោះឆ្នោត​ជាង​៨​លាន​នាក់ ។ ដូចនេះ​វា​ល្មម​គ្រប់គ្រាន់​សម្រាប់​ភាគរយ​នៃ​អ្នក​ទៅ​បោះឆ្នោត ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​ថា ការទទួលស្គាល់​លទ្ធផល​បោះឆ្នោត គឺ​មិនមាន​ច្បាប់​ណា​កំណត់ថា​ទាល់​តែមាន​ចំនួន​អ្នកបោះឆ្នោត​ប៉ុណ្ណា​នោះឡើយ ៕S/