សរុប​ព័ត៌មាន​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ជំងឺ​ខូ​វីដ ១៩ នា​ថ្ងៃទី ១៧ ខែ មីនា​

147
ចែករម្លែក

ដោយៈ​មេសា​/ ​ភ្នំពេញៈ យោងតាម​សេចក្តីប្រកាស​ជា​បន្តបន្ទាប់​របស់​ក្រសួង​ស្ថាប័ន​នានា ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ កូ​រ៉ូ​ណាវី​រុស ឬ COVID-19 មាន​ដូចតទៅ ៖


​រាជរដ្ឋាភិបាល ប្រកាស​បង្កើត​គណៈ​កម្ម​អន្តរក្រសួង ដើម្បី ប្រយុទ្ធ​នឹង​ជំងឺ ខូ​វីដ ១៩

ដោយមាន​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ជា​ប្រធាន និង មាន​មន្ត្រីជាន់ខ្ពស់​មកពី​ក្រសួង ១៤ ផ្សេងទៀត​ជា​អនុប្រធាន និង សមាជិក ។​


​គណៈកម្មការ​នោះ មាន​កាតព្វកិច្ច​សំខាន់ៗ ៦ ចំណុច​គឺ​៖ -​រៀបចំ​ផែនការ​ឆ្លើយតប​ជំងឺ ខូ​វីដ ១៩ , អនុវត្ត​សកម្មភាព​តាម​ផែន​ការដែល​បានអនុម័ត​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល , តាមដាន​ត្រួតពិនិត្យ និង វាយតម្លៃ ការអនុវត្ត នៃ ការប្រយុទ្ធ​នឹង​ជំងឺ ខូ​វីដ ១៩ , លើក​ទិសដៅ​ប្រតិបត្តិ​ជាយថាហេតុ​តាម​ស្ថានភាព​ជាក់ស្តែង នៃ ការ​រាតត្បាត​របស់​ជំងឺ​ខូ​វីដ ១៩ , រាយការណ៍​ជាប្រចាំ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​អំពី​ការវិវត្តន៍ នៃ ជំងឺ​ខូ​វីដ ១៩ និង ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ប្រធាន ។​


​សេចក្តីប្រកាស​ដដែល​បើក​ផ្លូវ​ថា គណៈកម្មការ​នេះ មាន​សិទ្ធិ​បង្កើត​អនុគណៈកម្មការ​បច្ចេក​ទេស​ផ្សេងទៀត តាម​ការចាំបាច់ ។​


ករណី​ឆ្លង និង យក​ទីតាំង ២ សម្រាប់​អ្នកជំងឺ ខូ​វីដ ១៩-​បិទ KTV និង រោងភាពយន្ត


​គិត​ត្រឹម​ម៉ោង ៤ និង ៣០ នាទី​ព្រឹក​ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ ខូ​វីដ ១៩ សរុប ២៤ ករណី ។ ប៉ុន្តែ​ក្រសួងសុខាភិបាល​បាន​ហៅថា នោះ​មិនមែនជា​ករណី​ផ្ទុះ​ជំងឺ ខូ​វីដ ១៩ នៅ​កម្ពុជា ទេ ដោយសារ​ករណី​រទាំង​នោះ សុទ្ធតែជា​អ្នក​ឆ្លង​នៅ​ប្រទេស​ផ្សេង ហើយ​ទើប​ចូលមក​កម្ពុជា តែប៉ុណ្ណោះ ។​


​នៅក្នុង​សេចក្តីប្រកាស​ជា​បន្តបន្ទាប់​របស់ខ្លួន ចុះ​ថ្ងៃទី ១៦ និង ១៧ ខែ មីនា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាល កម្ពុជា បាន​អះអាងថា បាន​យក​ទីតាំង​ចំនួន ២ ទៀត​សម្រាប់​ថែទាំ និង ព្យាបាល​អ្នកជំងឺ​ខូ​វីដ ១៩ គឺ ៖


១. អតីត​មណ្ឌល​សុខភាព​ចាក់អង្រែ ក្នុង​សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​នៅ​ទីនោះ មាន​ចំណុះ ១០០ គ្រែ ។​


២. សណ្ឋាគារ Great Duke ( អតីត​សណ្ឋាគារ អាំងទែរ​កុងទីណង់តាល់ ) ។​

សណ្ឋាគារ Great Duke និង មណ្ឌល​សុខភាព​ចាក់អង្រែ ដែល​ក្រសួងសុខាភិបាល​ប្រកាស​យក​ធ្វើជា​ទីតាំង​ថ្មី​សម្រាប់​ថែទាំ និង ព្យាបាល​អ្នកជំងឺ ខូ​វីដ ១៩ ( រូបៈ ក្រុមការងារ )


​ក្រសួងសុខាភិបាល ក៏បាន​បញ្ជាក់​បន្ថែមថា កន្លងមក ក្រសួង​បានរៀបចំ​កន្លែង​ថែទាំ និង ព្យាបាល​អ្នកជំងឺ ខូ​វីដ ១៩ នៅ​មន្ទីរពេទ្យ​មិត្ត​ខ្មែរ​-​សៅ​វៀត មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ មន្ទីរពេទ្យ​ជ័យវរ្ម័ន​ខេត្តសៀមរាប និង នៅ​មន្ទីរពេទ្យ​ទូទាំង ២៥ រាជធានី​ខេត្ត ។​


​ក្រសួងសុខាភិបាល​កម្ពុ​ជា បានចេញ​សេចក្តីប្រកាស​មួយ​ដោយយោង គោលការណ៍ និង អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីប្រកាស​បិទ ខារ៉ាអូខេ ឬ KTV និង រោងភាពយន្ត​នៅ​ទូទាំងប្រទេស រហូតដល់​ជំងឺ ខូ​វីដ ១៩ មាន​ភាព​ធូរស្រាល ។​

ក្រសួង​ធម្មការ និង គណៈ​ស​ង្ខ​នាយក ណែ​នាំឱ្យ​ប្រុងប្រយ័ត្ន​ក្នុងពេល​ធ្វើបុណ្យ​


​មិនទាន់​ដល់​ថ្នាក់​ហាមឃាត់​ទាំងស្រុង​ក្នុងការ​ធ្វើបុណ្យ​ទាន​ទេ ពោលគឺ​ពុទ្ធបរិស័ទ ក៏ដូចជា​បរិស័ទ នៃ សាសនា​ផ្សេងៗ នៅ​អាច​ប្រតិបត្តិ​ពិធី​សាសនា​របស់ខ្លួន​បាន ប៉ុន្តែ​រាល់​ការជួបជុំ ដូចជា​ពិធី​ធ្វើ​បុណ្យទាន ជាដើម ត្រូវមាន​ការយល់ដឹង និង អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធី​ការពារ​ពី​ការឆ្លង​ជំងឺ ខូ​វីដ ១៩ ដូចជា​សម្អាត​ដៃ អនាម័យ និង សុវត្ថិភាព​ចំណីអាហារ​ជាដើម ។ ជាងនេះទៅទៀត ពេល​ជួបជុំ​ក្នុង​ពិធី​បុណ្យទាន​ជាដើម ត្រូវ​នៅ​ឱ្យ​ឃ្លាត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ពី​ចន្លោះ ១ ម៉ែត្រ​កន្លះ ទៅ ២ ម៉ែត្រ ដែល​ក្នុងន័យនេះ បានសេចក្តីថា ប្រសិនបើ​អាច​កាត់បន្ថយ​ការជួបជុំ និង ចំនួន​មនុស្ស​ចូលរួម ក៏​ជាការ​ប្រសើរ ។ នេះ​បើតាម​ឯកឧត្តម សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង សាសនា ។​


​នៅថ្ងៃនេះ​ដែរ គណៈសង្ឃ​នាយក នៃ ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីប្រកាស​មួយ​មាន ៥ ចំណុច ណែនាំ​ព្រះ​មេគណ អនុគណ ព្រះ​ចៅ​ធិ​ការ និង ព្រះសង្ឃ​ពុទ្ធបរិស័ទ​ទូទាំងប្រទេស​ដែលមាន​ខ្លឹមសារ​ថា ៖


​១. ត្រូវ​ស្វែងយល់​អំពី​វីរុស ខូ​វីដ ១៩ នេះ ដូចជា​តាមរយៈ​ការមើល ការ​ស្តាប់​ជាដើម ដែល​ផ្សព្វផ្សាយ​ដោយ​ស្ថាប័ន​សុខាភិបាល​ជាតិ អន្តរជាតិ ។​


​២. នៅ​ថ្ងៃ ១៥ រោច ខែ ផល្គុន ត្រូវ​នឹង​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០ វេលា​ម៉ោង ៣ : ០០ រសៀល សូម​គ្រប់​វត្ត​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ទូងស្គរ​ឱ្យបាន​ព្រម​គ្នា និង ប្រកាស​សូធ្យ​ព្រះធម៌ ដូចដែល​ព្រះ​អានន្ទ បានធ្វើ​ហើយ​ក្នុងសម័យ​ពុទ្ធកាល ។ ប៉ុន្តែ​មិនចាំបាច់​ប្រមូល​មនុស្សម្នា​ឱ្យ​ជួបជុំគ្នា​ច្រើ​ពេក​ទេ ជាពិសេស​ហាមឃាត់​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​អ្នក​បាន​ឆ្លង វីរុស​ចូ​វីដ ១៩ នេះ ។


​៣. ត្រូវ​បន្ត​ផ្សព្វផ្សាយ​តាម​គ្រប់​រូបភាព​ដែល​អាច​ធ្វើបាន ដូ​ជាតា​មរយៈ​ការ​ទេសនា ការចែក​ចាយ​សារ​អប់រំ​ដែល​ផលិត​ដោយ​ស្ថាប័ន​សុខាភិបាល​ជាតិ អន្តរជាតិ ដល់​គ្រប់​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ។​


៤. ត្រូវប្រកាន់យក​នូវ​ការអនុវត្តន៍​អនាម័យ​ស្អាត​ជានិច្ច និង សុវត្ថិភាព​ចំណីអាហារ​គ្រប់ពេលវេលា ។


​៥. ប្រសិនបើ​ជួប​អ្នកជំងឺ​ដែល​អាកា​រៈ​ដូចជា ៖ គ្រុនក្តៅ ក្អក កណ្តាស់ ផ្តាសាយ ហៀរ​សំបោរ ឬ ឈឺ​បំពង់ ក ត្រូវ​ជួយ​បញ្ជូន​ទៅរក​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បី ទទួល​ពិនិត្យ និង ព្យាបាល​ជាបន្ទាន់ ។​


​ចិន ប្រកាស​ផ្តល់​ថ្នាំ ខូ​វីដ ១៩ សម្រាប់​មនុស្ស ២ ០០០ នាក់ និង សម្ភារ​ផ្សេងៗ​


​ម៉ោង ប្រមាណ​ជា ១១ ព្រឹក ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ )​ទំព័រ​ហ្វេ​ស​ប៊ុ​ក ស្ថានទូត ចិន ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ ដ៏​គួរ​រំភើប ១ ថា “ តាម​ការប៉ាន់ស្មាន​ទុក​មុន នា​រាត្រី​ថ្ងៃទី​១៧ ខែ មីនា សារធាតុ Detection Reagent ជំងឺ​វីរុស COVID-19​សម្រាប់​២ ០០០ នាក់ ដែលជា​ជំនួយ​របស់​ភាគី​ចិន​ជូន​ចំពោះ​ភាគី​កម្ពុជា​នឹង​មកដល់​រាជធានី​ភ្នំពេញ​តាម​ជើងហោះហើរ ហើយ​ជំនួយ​សារធាតុ​ទាំងនេះ​នឹងត្រូវ​បានទទួល​ដោយ​ក្រសួងសុខាភិបាល នៃ​ប្រទេស​កម្ពុជា ។ ប្រទេស ចិន នឹង​បន្ត​ផ្តល់ជំនួយ​ជា​សម្លៀកបំពាក់​ការពារ ម៉ាស​វេជ្ជសាស្ត្រ និង សម្ភារៈ​ផ្សេងទៀត​ជា​បន្តបន្ទាប់ និង​ព្រមទាំង​ខិតខំ​ផ្តល់​ជា​កម្លាំង​ជំរុញ​គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជម្ងឺ​វីរុស ជូន​ចំពោះ​ភាគី​កម្ពុជា “ ។​


​សារ​ដ៏​ខ្លី​ផ្ទុក​ទៅដោយ​អត្ថន័យ​យ៉ាង​ធំធេង ខណៈ​កំពុង​ជួបប្រទះ​បញ្ហា​ជំងឺ ខូ​វីដ ១៩ នេះ ត្រូវបាន​សាទរ​យ៉ាងខ្លាំង​ពី​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ដោយបាន​ចូល Comment ដូចជា​ថា “ បងប្អូន​ល្អ ! អរគុណ​បំផុត ! សូម​អរគុណ​ជា​អនេក ដល់​មហាមិត្ត ចិន ! សូម​អរគុណ​ជា​អនេក​ចំពោះ​ប្រជាជន និង រដ្ឋាភិបាល ចិន ជាដើម ៕ Kh