សហភាពអឺរ៉ុបសម្រេចកិច្ចព្រមព្រៀងស្តីពីថវិកាសង្គ្រោះសេដ្ឋកិច្ច ខណៈក្តីសង្ឃឹមកើនឡើងនៅពេលករណីឆ្លងកូវីដ១៩នៅអឺរ៉ុបថមថយ

150
ចែករម្លែក

សញ្ញានៃក្តីសង្ឃឹមបានលេចឡើងកាលពីថ្ងៃព្រហស្បតិ៍ទី៩មេសាថាជំងឺរាតត្បាតបានឈានដល់ចំណុចទុំជោររបស់វា ខណៈសហភាពអឺរ៉ុបបានសម្រេចនូវកិច្ចព្រមព្រៀងស្តីពីកញ្ចប់ថវិកាសង្គ្រោះដើម្បីជួយដល់ទ្វីបដែលរងគ្រោះខ្លាំងមួយនេះ។

ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបបានយល់ព្រមក្នុងកិច្ចពិភាក្សាកាលពីយប់ជ្រៅថ្ងៃព្រហស្បតិ៍ចំពោះកញ្ចប់ថវិកាសង្គ្រោះចំនួន ៥៥០ ពាន់លានដុល្លារក្នុងគោលបំណងសម្រាលផលប៉ះពាល់នៅទូទាំងប្រទេសជាសមាជិកទាំង២៧ ជាពិសេសនៅប្រទេសរងគ្រោះធ្ងន់ធ្ងរ អ៊ីតាលី និង អេស្ប៉ាញ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក ព្រូណូ ឡែមែរ បានសរសេរនៅលើ Twitter បន្ទាប់ពីកិច្ចប្រជុំនោះថា “អឺរ៉ុបបានសម្រេចចិត្តនិងត្រៀមរួចរាល់ដើម្បីបំពេញនូវទំនាញនៃវិបត្តិ”។

ជាមួយនឹងចំនួនអ្នកស្លាប់បានកើនឡើងដល់ទៅ ៩៣.០០០ នាក់ គឺនៅតែមានព័ត៌មានគួរឱ្យព្រួយបារម្ភជាច្រើនលេចឡើងជាបន្តបន្ទាប់ ខណៈអង្គការ IMF បានព្រមានថាពិភពលោកកំពុងធ្លាក់ចូលក្នុងមហាវិបត្តិសេដ្ឋកិច្ចថ្មីហើយទិន្នន័យថ្មីបានបង្ហាញថាសហរដ្ឋអាម៉េរិកបានបាត់បង់ការងារជិត ១៧ លានក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍។

ប៉ុន្តែចំនួនអ្នកឈឺដេកពេទ្យបានធ្លាក់ចុះនៅក្នុងប្រទេសជាច្រើន ហើយនាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន ដែលស្ថិតក្នុងចំណោមអ្នកជំងឺកូវីដ១៩ចំនួន ១,៥ លាននាក់ បានចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់វិញហើយបន្ទាប់ពីចូលបន្ទប់នេះ ៣ ថ្ងៃ។

នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក ប៉េត្រូ សាន់ឆេស បាននិយាយថា “ភ្លើង ដែលចាប់ផ្តើមដោយជំងឺរាតត្បាតនេះ កំពុងចាប់ផ្តើមស្ថិតក្រោមការគ្រប់គ្រង” ខណៈអេស្ប៉ាញមានអ្នកស្លាប់ថយចុះមកនៅត្រឹម ៦៨៣ នាក់ពីចំនួន ៧៥៧ នាក់ក្នុងមួយថ្ងៃ ដែលសរុបមានអ្នកស្លាប់ខ្ទង់ ១៥.០០០ នាក់។

លោកសាន់ឆេសបានប្រាប់សភាថា “អាទិភាពរបស់យើងនៅពេលនេះគឺមិនត្រូវងាកថយក្រោយវិញទេ ជាពិសេស មិនត្រូវវិលត្រឡប់ទៅចំណុចចាប់ផ្តើមរបស់យើងវិញទេ”។

បារាំងរាយការណ៍ថាមានមនុស្សតិចជាង ៨២ នាក់កំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ ដែលជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីជំងឺកូវីដ១៩បានផ្ទុះឡើង។

លោក អានថូនី ហ្វូស៊ី អ្នកជំនាញខាងជំងឺរាតត្បាតកំពូលរបស់រដ្ឋាភិបាលអាម៉េរិកបាននិយាយថា សហរដ្ឋអាម៉េរិកកំពុង “ដើរក្នុងទិសដៅត្រឹមត្រូវ” ប៉ុន្តែបានជំរុញឱ្យប្រជាជនបន្តស្នាក់នៅផ្ទះ។

លោកហ្វូស៊ីបានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា “នៅពេលដំណាលគ្នាដែលយើងកំពុងមើលឃើញការកើនឡើងនៃការស្លាប់ យើងក៏កំពុងមើលឃើញការថយចុះគួរឱ្យកត់សម្គាល់នូវតម្រូវការចូលសម្រាកនៅមន្ទីរពេទ្យផងដែរ”។

នៅរដ្ឋញូវយ៉ក ដែលជាចំណុចកណ្តាលនៃការផ្ទុះមេរោគនៅសហរដ្ឋអាម៉េរិក លោក អ៊ែនឌ្រូ ឃូម៉ូ និយាយថា មនុស្សតែ ២០០ នាក់ទៀតប៉ុណ្ណោះបានចូលព្យាបាលនៅមន្ទីរពេទ្យ ដែលជាចំនួនទាបបំផុតចាប់តាំងពីជំងឺរាតត្បាតបានវាយប្រហារ ទោះបីមនុស្ស ៧៩៩ នាក់បានស្លាប់នៅថ្ងៃចុងក្រោយនេះក៏ដោយ។

លោកឃូម៉ូនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងកំពុងទាញខ្សែកោងឱ្យធ្លាក់ចុះ ដោយអ្វីដែលយើងកំពុងធ្វើ។ យើងត្រូវតែរក្សាខ្សែកោងឱ្យធ្លាក់ចុះ”។

ប៉ុន្តែលោកបានបដិសេធមិនទស្សន៍ទាយថាតើរដ្ឋញូវយ៉កនឹងត្រូវប្រឈមមុខនឹងបញ្ហាអ្វីនៅប៉ុន្មានសប្តាហ៍ខាងមុខនោះទេ ដោយប្រាប់អ្នកយកព័ត៌មានដោយត្រង់ៗថា “ខ្ញុំមិនដឹងទេ”៕ ដោយ៖ កញ្ញាដាលីស

អ្នកស្លាប់ដោយសារកូវីដ១៩នៅលើពិភពលោកកើនឡើងដល់ជាង ៩៣.០០០ នាក់