សហភាពអឺរ៉ុបអាចនឹងដួលរលំដោយសារកូវីដ១៩?

331
ចែករម្លែក

សហភាពអឺរុបកំពុងស្ថិតក្នុង “គ្រោះថ្នាក់ធ្ងន់ធ្ងរ” នៃការបែកបាក់គ្នា នេះយោងតាមឥស្សរជនសំខាន់មួយរូបចំពោះការបង្កើតប្លុកមួយនេះ ខណៈក្រុមអ្នកជំនាញព្រមានថា ការបែកបាក់គ្នា ដែលបង្កើតឡើងដោយវិបត្តិកូវីដ១៩ កំពុងគំរាមសម្លាប់សហភាពអឺរ៉ុប។

បច្ចុប្បន្ននេះសហភាពអឺរ៉ុបកំពុងខ្វែងគំនិតគ្នាថាតើត្រូវចាត់វិធានការថ្នាក់ជាតិឬសកលដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចអឺរ៉ុបពីផលប៉ះពាល់ដ៏បំផ្លិចបំផ្លាញនៃមេរោគនេះ។ លោកស្រី រ៉ូសា បាល់ហ្វួ នាយកមជ្ឈមណ្ឌលប្រឹក្សាគំនិត Carnegie Europe ក្នុងទីក្រុងព្រុចសែល បានព្រមានថា បញ្ហានេះកំពុងគំរាមធ្វើឱ្យប្លុកនេះបែកបាក់គ្នា។ លោកស្រីបាននិយាយនៅសប្តាហ៍មុននៅក្នុងបទសម្ភាសន៍ជាមួយកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ថា “អ្វីមួយដូចជាជំងឺរាតត្បាតជាដើមអាចដោះស្រាយបានទាល់តែក្នុងរបៀបប្រកបដោយអត្ថន័យតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ប្រសិនបើតុល្យភាពត្រូវផ្អៀងទៅរកប្រយោជន៍ជាតិនីមួយៗ នោះវានឹងសម្លាប់សហភាពអឺរ៉ុប”។

ការអះអាងគួរឱ្យព្រឺរព្រួចនេះធ្វើឡើងបន្ទាប់ពីមានការអះអាងរឹតគួរឱ្យខ្លាចជាងនេះទៀតពីអតីតអ្នកនយោបាយបារាំង លោក ហ្សាក់ ឌេល័រ អាយុ ៩៤ ឆ្នាំ។

គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតទម្រង់សម័យទំនើបរបស់ប្លុកនេះ ប៉ុន្តែគាត់និយាយថា មេរោគនេះបានដាក់ប្លុកអឺរ៉ុបនៅក្នុង “គ្រោះថ្នាក់រហូតដល់ស្លាប់”។

លោកនិយាយថា “ការឡើងកម្តៅនៃភាពតានតឹងរវាងប្រមុខរដ្ឋនិងរដ្ឋាភិបាលនានានិងកង្វះសាមគ្គីភាពអឺរ៉ុបកំពុងបង្កគ្រោះថ្នាក់ដល់ជីវិតសម្រាប់សហភាពអឺរ៉ុប”។

លោកស្រី ណាតាលី តូកស៊ី នាយកវិទ្យាស្ថានកិច្ចការអន្តរជាតិនៅប្រទេសអ៊ីតាលីបានបន្ទរនូវការព្រួយបារម្ភនេះទៅកាន់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍។

លោកស្រីបាននិយាយថា ជំងឺកូវីដ១៩ “អាចជាចំបើងដែលអាចបំបាក់ខ្នងអូដ្ឋ” ដោយសំដៅលើបញ្ហាតូចអាចក្លាយជាបញ្ហាធំ។

ប្រធានធនាគារកណ្តាលអឺរ៉ុបលោកស្រី គ្រីស្ទាន់ ឡាហ្គាដ បានប្រកាសពីកម្មវិធីទិញមូលបត្របំណុលដ៏ធំកាលពីខែមុន ដែលមានតម្លៃ ៦៨០ ពាន់លានផោន ខណៈលោកស្រីព្យាយាមជំរុញសេដ្ឋកិច្ចអឺរ៉ុប។

ប៉ុន្តែចំណាត់ការនេះអាចបណ្តាលឱ្យមានការបែកបាក់គ្នានៅក្នុងប្លុក នេះយោងតាមសាស្រ្តាចារ្យ អៀន បេក នៃសាលាជំនាញសេដ្ឋកិច្ចទីក្រុងឡុងដ៍។

លោកបានប្រាប់ Express.co.uk ថា “ក្នុងន័យនយោបាយ មានការជំទាស់ខ្លាំង ជាពិសេសពីអាល្លឺម៉ង់និងប្រទេសម្ចាស់បំណុលមួយចំនួនទៀតនៅក្នុងតំបន់ចាយលុយអឺរ៉ូចំពោះចំណាត់ការរបស់ធនាគារកណ្តាលអឺរ៉ុប”។

លើសពីនេះទៀត សាស្រ្តាចារ្យបេកបានគូសបញ្ជាក់ថាពុំមានការជឿទុកចិត្តគ្នាទេរវាងប្រទេសនៅក្នុងប្លុកនេះ។

លោកបានអះអាងថាមានការបារម្ភខ្លាំងនៅក្នុងប្រទេសអាល្លឺម៉ង់ថាជំនួយរបស់ពួកគេក្នុងគ្រាមានវិបត្តិនឹងលើកទឹកចិត្តប្រទេសអឺរ៉ុបប៉ែកខាងត្បូងឱ្យចំណាយខ្ជះខ្ជាយ។

លោកបាននិយាយថា “ជម្លោះខ្លះអាចលេចឡើងម្តងទៀតពីព្រោះការបញ្ចេញមតិយោបល់ដោយពួកសេដ្ឋកិច្ចវិទូនយោបាយភាគច្រើនគឺមានគ្រោះថ្នាក់ខ្លាំងណាស់ខាងសីលធម៌។ ប្រសិនបើអ្នកផ្តល់ការធានារ៉ាប់រងដល់នរណាម្នាក់ដើម្បីបង្ការគ្រោះភ័យណាមួយដោយមិនបានគិតគូរល្អិតល្អន់ នោះពួកគេនឹងកាន់តែទោរទន់ចង់ឱ្យកើតគ្រោះភ័យទាំងនោះ”។

លោកបន្តថា “ប្រសិនបើអ្នកត្រូវគេធានារ៉ាប់រងចំពោះការបើកបរទាំងស្រវឹង នោះអ្នកកាន់តែចង់បើកបរទាំងស្រវឹង។ អឺរ៉ុបខាងជើងតែងតែស្រែកថ្ងូរអំពីគ្រោះថ្នាក់ខាងសីលធម៌លើសំណើនានាដើម្បីចែករំលែកហានិភ័យជាមួយអឺរ៉ុបខាងត្បូង”។

លោកបេកនិយាយទៀតថា «ពួកគេនិយាយថា “ប្រសិនបើយើងមានចិត្តសប្បុរសចំពោះប្រជាជនអ៊ីតាលីក្រិកព័រទុយហ្គាល់និងអេស្ប៉ាញ ទាយមើល៎តើមានរឿងអីកើតឡើង?” ពួកគេនឹងអឿកញ្ចូញជាមិនខាន»។

លោកនិយាយថា «ទន្ទឹមនឹងនេះ ភាគីម្ខាងទៀតនឹងនិយាយថា យើងត្រូវការការគាំទ្រជំនួយបង្ការហានិភ័យដែរ បើមិនដូច្នេះទេ យើងមិនអាចកាត់បន្ថយហានិភ័យទាំងនោះបានទេ។ នេះជាទឡ្ហីករណ៍ដែលបានកើតឡើងអស់ជាច្រើនឆ្នាំមកហើយ ហើយអាចកើតឡើងជាថ្មី ប្រសិនបើមេរោគកូរ៉ូណាកាន់តែធ្ងន់ធ្ងរនៅក្នុងប្លុកអឺរ៉ុប”។

ការលើកឡើងទាំងនេះត្រូវបានបន្ទរនៅក្នុងការវិភាគរបស់លោក ហ្វ្រង់ស៊ីស ហីបឺក នៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ។

លោកនិយាយថា ការដកបម្រាមបិទព្រំដែនបន្ទាប់ពីវិបត្តិកូវីដ១៩ក៏បង្កហានិភ័យនៃការឈ្លោះប្រកែកគ្នាថែមទៀតដែរ។

លោកបានបន្ថែមថា “វាអាចបង្កើតនូវអារម្មណ៍ថ្នាំងថ្នាក់គ្នាយ៉ាងខ្លាំង។ អ្នកជាជនជាតិអ៊ីតាលីហើយអ្នកត្រូវបានអាល្លឺម៉ង់ចាត់ទុកថាជាអ្នកចម្លងមេរោគ។ នេះហើយជាកន្លែងចាប់ផ្តើមនៃគ្រោះថ្នាក់ពិតប្រាកដសម្រាប់អឺរ៉ុប”៕ ដោយ៖ កញ្ញាដាលីស

ប្រភព៖ Express.co.uk