សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​អំពាវនាវ​ឲ្យ​ ​សូម​រួមគ្នា​ផ្សព្វផ្សាយ ដើម្បី​លើកកម្ពស់ «​សិទ្ធិ​រស់រានមានជីវិត​!»

131
ចែករម្លែក
លោកហ៊ុយវណ្ណៈ ប្រធានស.ស.ស.ក

ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​១០​ខែមេសា​នេះ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(​ស​.​ស​.​ស​.​ក​)​បានចេញ​សេចក្តីអំពាវនាវ​មួយ​ទៅកាន់​សហ​ភាតរ​ដែលមាន​អាជីព​ជា​អ្នកសារព័ត៌មាន​ដូចគ្នា​ដោយ​សូម​រួមគ្នា​ផ្សព្វផ្សាយ ដើម្បី​លើកកម្ពស់ «​សិទ្ធិ​រស់រានមានជីវិត​!»​។​

​សេចក្តីអំពាវនាវ​មាន​ចំនួន​៦​ចំនុច​មាន​ខ្លឹមសារ​ថា​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) សូម​ធ្វើការ​កត់សំគាល់ថា ពិភពលោក​ទាំងមូល​រួមទាំង​ប្រទេស​កម្ពុជា​យើង​ផង នៅពេលនេះ​កំពុង​យាយី​ដោយ​ជំងឺឆ្លង​កូ​វីដ​-១៩ ដែល​មិនទាន់មាន​សញ្ញាណ​នៃ​ការ​ស្រាកស្រាន្ត​នៅឡើយ​ទេ​។ នៅពេលនេះ​យ៉ាងហោច​គឺជា​លើក​ទី​១១​ហើយ ដែល​ពិភពលោក​ទាំងមូល​រង​ការ​រាតត្បាត​ជា​ទ្រង់ទ្រាយ​ធំ​ពី​ជំងឺ​កាច​សាហាវ​នេះ ដែល​ប្រវត្តិសាស្ត្រ​ពិភពលោក​កន្លងមក មាន​ជំងឺឆ្លង​រាតត្បាត​ធំៗ​ដូចជា​៖ ជំងឺប៉េស្ត ជំងឺ​អាសន្នរោគ ជំងឺ​ផ្តាសាយ​ច្រើន​ប្រភេទ និង​ជំងឺអេដស៍ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ជាច្រើន​នាក់​។ ឥឡូវនេះ ការកើតឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ កំពុងមាន​ឥទ្ធិពល​លើ​សង្គម​ជា​បន្តបន្ទាប់​មានដូចជា​៖ ការគំរាមកំហែង​ដល់​អាយុជីវិត ការចុះ​ថយ​នៃ​ស្មារតី​សាមគ្គីភាព​អន្តរជាតិ ការរើសអើង ទំនៀមទម្លាប់​ប្រពៃណី សិទ្ធិសេរីភាព សង្វាក់​ផលិតកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច អភិបាលកិច្ច ការប្រាស្រ័យ​ទាក់ទង និង​សណ្តាប់ធ្នាប់​សង្គម ដែល​ទាំងអស់គ្នា​ត្រូវ​ប្រែប្រួល​សម្រប​តាម ដើម្បី​យកឈ្នះ​លើ​ជំងឺ​នេះ និង​ដើម្បី​ទាំងអស់គ្នា​។

​ក្នុងស្ថានភាព​បែបនេះ ទាំង​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​និង​ផ្នែក​ពាក់ព័ន្ធ បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​ជាប្រចាំ លើ​ការដាក់ចេញ​វិធានការ​អាទិភាព​នានា រួមទាំង​ធ្វើ​សកម្មភាព​បន្តបន្ទាប់ ដើម្បី​ការពារ​ព្យាបាល​សង្គ្រោះ​អាយុជីវិត​ប្រជាជន​។ អាយុជីវិត​ប្រជាពលរដ្ឋ ពោល​សំដៅ​ដល់ «​សិទ្ធិ​រស់រានមានជីវិត​» នៅពេលនេះ​គឺជា​អាទិភាព​ទី​១ និង​មានតម្លៃ​ជាង​អ្វី​ទាំងអស់​។ ជំងឺ​កូ​វីដ​-១៩ មាន​លក្ខណៈ​ជា​ជំងឺឆ្លង​រាតត្បាត​ជាស​កល ប៉ុន្តែ​វិធានការ​ចំពោះមុខ​នៅតាម​ប្រទេស​នីមួយៗ គឺមាន​លក្ខណៈ​ជាតិ ហើយ​ទាមទារ​ការយល់ដឹង ការចូលរួម​ពី​គ្រប់ផ្នែក​និង​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ដោយ ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​ត្រូវការ​បច្ចេកទេស​ជាក់ស្តែង ជាង ទស្សនៈ​មតិ ដើម្បី​ដោះស្រាយ​បញ្ហា នោះ​តួនាទី​របស់ រាជរដ្ឋាភិបាល រួមជាមួយ​វិធានការ​សុខាភិបាល​ជា​បន្តបន្ទាប់ គឺ​ដើរតួនាទី​ស្នូល​ក្នុង​ការការពារ​អាយុជីវិត​ប្រជាជន​ទាំងអស់​។ ប្រជាជន​កម្ពុជា​ពិតជា​មានការ​ត្រេកអរ ដែល​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​នៅ​កម្ពុ​ជាមាន​អត្រា​ទាប ហើយ​សុទ្ធសឹង​ជា​ករណី​ឆ្លង​ចម្លង​ចូល​ពី​ខាងក្រៅ ហើយក៏​គ្មាន​អ្នកណាម្នាក់​រងគ្រោះ​ដល់​អាយុជីវិត​ឡើយ​។ ក្នុងន័យនេះ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សូម​ធ្វើការ​អំពាវនាវ​ដល់ អ្នកសារព័ត៌មាន​និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​បន្ត​ចូលរួម​ដូចតទៅ​៖
​ទី​១.​ ​សូម​ប្រើប្រាស់ សេរីភាព​សម្តែង​មតិ និង​សេរីភាព​សារព័ត៌មាន ក្រោម​ស្មារតី​រួមចំណែក​អប់រំ​ការយល់ដឹង​សុខភាព​សាធារណៈ និង​លើកកម្ពស់ «​សិទ្ធិ​រស់រានមានជីវិត​» ជា​អាទិភាព​បំផុត​។ ដរាបណា​អាយុជីវិត​ត្រូវបាន​ថែរក្សា​ការពារ​ល្អប្រសើរ នោះ​ទើប​មនុស្ស​គ្រប់ៗ​រូប មានឱកាស​បន្ត​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​ដទៃទៀត រួមទាំង​សិទ្ធិសេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​បញ្ចេញមតិ​ផងដែរ​។
​ទី​២.​ ​សូម​បន្ត​ចូលរួម​ជួយ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន និង សារ​អប់រំ​សុខភាព​របស់​ក្រសួងសុខាភិបាល ដែលមាន​សារប្រយោជន៍​បម្រើ​ដល់​ការយល់ដឹង​របស់​សាធារណជន ក្នុងការ​បង្ការ​ការពា​រ​ទប់ស្កាត់​ការឆ្លង​ជំងឺ​នេះ​។​
​ទី​៣.​ ​សូម​អំពាវនាវ​បន្ត​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ព្រមទាំង​ចូលរួម​គោរព ការណែនាំ​នានា​របស់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ ពលរដ្ឋ គ្រប់ៗ​រូប​នៃ​ប្រជាជាតិ​នីមួយៗ ក្នុងនោះ​រួមទាំង​អ្នកសារព័ត៌មាន​ផង ដែល​គោរព​អនុវត្តតាម​គោលការណ៍​នានា​ក្នុងដំណាក់កាល​នេះ ដើម្បី​ធានា​ការពារ​ដល់​អាយុជីវិត​មនុស្សជាតិ គឺ​មិនមែនជា​ការបាត់​នូវ​ឯករាជ្យ​វិជ្ជាជីវៈ​នោះទេ​។ ការបាត់បង់​ដ៏​ធំ​បំផុត​ដែល​គួរ​យកចិត្តទុកដាក់​ខ្ពស់ នោះ​គឺ​សុខភាព​និង​អាយុជីវិត​ទៅវិញ​ទេ ហើយ​ដែល​ទាំងអស់គ្នា​គប្បី​បន្ត​ចូលរួម​ខាង​សីលធម៌ និង​ជា​កាតព្វកិច្ច​ក្នុង​បុព្វហេតុ​ការពារ​អាយុជីវិត​មនុស្ស​ជាតិ​។
​ទី​៤.​ ​សូម​ក្រើនរំលឹក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ជាប់​ជាប្រចាំ លើ​សុវត្ថិភាព​ផ្ទាល់ខ្លួន ជាពិសេស​នៅក្នុងពេល​ចុះ​បំពេញការងារ ជៀសវាង​ចូល​យក​ព័ត៌មាន​នៅ​កន្លែង​មាន​ជំងឺឆ្លង ដោយ​គ្មាន​ការអនុញ្ញាត និង​ឬ​មិនបាន​ការពារ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​ក្បួន​ពី​វេជ្ជសាស្ត្រ ព្រមទាំង​ត្រូវ​ជៀសវាង​ការផ្សាយ​លាតត្រដាង​អត្តសញ្ញាណ​អ្នកជំងឺ ដែលជា​ការរំលោភបំពាន​សិទ្ធិ​ឯកជន​របស់​បុគ្គល​។​
​ទី​៥.​ ​សូម​ទាញ​ការចាប់អារម្មណ៍​ថា មាន​សកម្មជន​នយោបាយ​ជ្រុលនិយម​បាន​កំពុង​ព្យាយាម​ធ្វើ​សកម្មភាព​ញុះញុង តាមរយៈ​ការផ្ញើ​សារ​ជា​សំឡេង​និង​ជា​អក្សរ ដល់​បងប្អូន​កម្មករ​-​កម្ម​ការី​នី​និង​ប្រជាជន​ខ្លះ មិន​ឲ្យ​ស្តាប់​តាម​ការណែនាំ​ក៏ដូចជា​វិធានការ​នានា​របស់​អាជ្ញា​ធរ ក្នុង​ចេតនា​អុជអាល​បង្កើត​កល​យុគ​សង្គម ហើយ​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាជន ដោយ​គ្មាន​ការទទួលខុសត្រូវ​។ អាស្រ័យហេតុនេះ សូមអ្នក​សារព័ត៌មាន និង អ្នក​និយម​បណ្តាញ​សង្គម គប្បី​មានការ​ថ្លឹងថ្លែង ប្រុងប្រយ័ត្ន ហើយ​រួមចំណែក​បំផ្លាញចោល​ឧបាយកល​ទាំងនេះ ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន​។​
​ទី​៦.​ ​សូម​ជៀសវាង​ការដកស្រង់​សម្តី ដោយ​ការ​កាត់កង​សម្តី យកទៅ​ប្រើប្រាស់​ក្នុង​សំណេរ ឬ​ការអត្ថាធិប្បាយ​ណាមួយ​ដែល​ផ្ទុយស្រឡះ​ពី​គោល​គំនិត​របស់​ប្រភពព័ត៌មាន​។ បែបនេះ​គឺជា​ទង្វើ​មួលបង្កាច់​ប្រភព និង​ជាការ​ភូតកុហក​បំភ័ន្ត​សាធារណជន​។ ជាមួយគ្នានេះ សូម​ជៀសវាង​ការផ្សាយ​ព័ត៌មាន និង​ការបញ្ចេញមតិ ដែលមាន​ចេតនា ញុះញុង បញ្ឆេះ​កំហឹង បង្កើត​កល​យុគ ក្នុងស្ថានភាព​ដែល​ប្រទេសជាតិ កំពុង​ត្រូវការ​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​-១៩​។ នៅ​គ្រប់​បណ្តា​ប្រទេស​នីតិរដ្ឋ ការផ្សព្វផ្សាយ​ដែល​បង្កប់​ខ្លឹមសារ និង​ចេតនា​បញ្ឆេះ​កំហឹង ឈានទៅ​បង្កើត​កល​យុគ្គ​សង្គម គឺ​ប្រឈម​ការ​ផ្ទ​ន្តា​ទោស​ដោយ​ច្បាប់ ដែល​អ្នកសារព័ត៌មាន និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម តោង​មានការ​យល់ដឹង​និង​រលឹក​ដឹង​ជាប្រចាំ​។​
​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សូម​កោតសរសើរ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​ប្រកាន់​គោលការណ៍​វិជ្ជាជីវៈ​ខ្ពស់ ព្រមទាំង​សូម​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​និង​ចូលរួម​ផ្តល់​កម្លាំងចិត្ត​ដល់​គ្រូពេទ្យ​ជួរមុខ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ក្នុងការ​សង្គ្រោះ​ព្យាបាល​ជូន​ប្រជាជន​ឲ្យ​បានជា​សះស្បើយ​ជា​បន្តបន្ទាប់ រួច​ផុតពី​ការយាយី​ដល់​អាយុជីវិត​ពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ សុវត្ថិភាព​សុខភាព​និង​អាយុជីវិត​ដែល​រក្សាបាន​មកដល់ពេលនេះ ចាំបាច់​ត្រូវ​បន្ត​ការចូលរួម​ថែរក្សា​ពី​គ្រប់ផ្នែក​។
​នៅក្នុង​កាលៈទេសៈ​ដែល​យើង​ត្រូវ​រួមគ្នា​ជម្នះ​ការលំបាក​ឲ្យ​ប្រទេសជាតិ​ឆ្លង​ផុត​កូ​វីដ​-១៩ គឺ​គ្មាន​សិទ្ធិ​អ្វី​ដែលមាន​អាទិភាព​ជាង «​សិទ្ធិ​រស់រានមានជីវិត​» នោះទេ​។ ដូច្នេះ ការចូលរួម​របស់​អ្នកសារព័ត៌មាន និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​តាមរយៈ​ផ្សាយ​ព័ត៌មាន​ពិត «​ព័ត៌មាន​ស្អាត​» ដែល​គ្មាន​ខ្លឹមសារ​បំភ្លៃ ញុះញុង អុជអាល បំភ័យ បង្អើល បញ្ឆេះ​កំហឹង បង្កើត​ចលាចល កល​យុគ​សង្គម គឺមាន​គុណ​តម្លៃ​រួមចំណែក​ដល់​កម្ពុជា អាច​ជម្នះ​បាន​នូវ​គ្រា​លំបាក​នេះ បន្ត​រក្សាបាន​នូវ «​សន្តិ​ភាពជា​អចិន្ត្រៃយ៍​» ព្រមទាំង​បង្កើតបាន​នូវ​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត សម្រាប់​កសាង​អនាគត​ដ៏​ប្រសើរ​នៃ​មាតុភូមិ​កម្ពុជា​យើង​។ ជាថ្មី​ម្តងទៀត​! ពេលនេះ​គឺជា​ពេលវេលា​ដែល​យើងទាំងអស់គ្នា​ចូលរួម​ពង្រឹង​សិទ្ធិ​ជា​មូល​ដ្នា​ន​របស់​មនុស្សជាតិ​គឺ «​សិទ្ធិ​រស់រានមានជីវិត​»៕សរន