សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ត្រូវបាន​រិះគន់​យ៉ាងខ្លាំង ខណៈ​កិច្ចពិភាក្សា​អំពី​អាកាសធាតុ​របស់​អ​.​ស​.​ប​នៅ​បាងកក​បាន​ឈានដល់​ទីបញ្ចប់​

838
ចែករម្លែក

​ប្រទេស​កំពុងអភិវឌ្ឍន៍​បាន​បញ្ចេញ​ប្រតិកម្ម​ទាំង​កំហឹង​ដាក់​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅឯ​កិច្ចចរចា​ស្តីពី​បញ្ហា​អាកាសធាតុ​កាលពី​ថ្ងៃអាទិត្យ​ទី​៩​កញ្ញា​ដោយ​ចោទប្រកាន់​ប្រទេស​មហាអំណាច​នានា​ក្នុង​ពិភពលោក​ថា​ធ្វើឱ្យ​ជាប់គាំង​កិច្ចព្រមព្រៀង​មួយ​ក្នុង​គោលបំណង​ទប់ស្កាត់​ការឡើង​កំដៅ​ផែនដី​។​

​ក្រុម​អ្នកជំនាញ​មកពី​ជុំវិញ​ពិភពលោក​បាន​ជួបជុំគ្នា​នៅក្នុង​កិច្ចពិភាក្សា​នៅ​សប្តាហ៍​នេះ​នៅ​ទីក្រុង​បាងកក​ដើម្បី​ឈានទៅដល់​ការបង្កើត​សៀវភៅ​ណែនាំ​មួយ​សម្រាប់​ប្រទេស​នានា​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​

​ប៉ុន្តែ​ការចរចា​បាន​បរាជ័យ​លើ​បញ្ហាសំខាន់ៗ​នៃ​របៀប​ដែល​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កំណត់​ការប្រែប្រួល​អាកាសធាតុ ត្រូវ​បានផ្តល់​មូលនិធិ និង​របៀប​ដែល​ការបរិច្ចាគ ត្រូវបាន​រាយការណ៍​។​

​គណៈប្រតិភូ​ដែល​តំណាងឱ្យ​ប្រជាជាតិ​ក្រីក្រ​បំផុត​និង​តូច​បំផុត​នៅលើ​ផែនដី​បាន​និយាយ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​កំពូល​ថា សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស​លោកខាងលិច​ដទៃទៀត​មិនបាន​បំពេញ​តាម​ការប្តេជ្ញាចិត្ត​នៃ​ការចំណាយ​របស់​ពួកគេ​ដើម្បី​ការពារ​បរិស្ថាន​ទេ​។​

​លោក អាំ​ចា​ដ អាប់​ឌុល​ឡា ប្រធាន​ផ្នែក​ចរចា​តំណាងឱ្យ​រដ្ឋ​កោះ​តូចៗ​បាន​និយាយថា “​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ទទួលខុសត្រូវ​ចំពោះ​ការ​បំ​ភាយ​ឧស្ម័ន​ជា​ប្រវត្តិសាស្ត្រ​ច្រើនជាងគេ​បំផុត ហើយ​ប្រទេស​ជាច្រើន​បានក្លាយ​ជា​អ្នកមាន​ពី​ការដុត​ចំហេះ​ឥន្ធនៈ​”​។​

​លោក​បាន​បន្ថែមថា “​ទោះយ៉ាងណា​ក៏ដោយ យើង​ប្រឈម​នឹង​ផលវិបាក​នៃ​អាកាសធាតុ​ដ៏​អាក្រក់ ហើយ​យើង​មួយចំនួន​អាច​នឹងត្រូវ​បាត់បង់​ជា​រៀងរហូត​ដោយសារ​ការកើនឡើង​ទឹកសមុទ្រ​” បើ​គ្មាន​វឌ្ឍនភាព​នៅលើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​ដំណាច់​ឆ្នាំនេះ​ទេនោះ​។​

​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ឆ្នាំ ២០១៥ មានបំណង​កំណត់​សីតុណ្ហភាព​នៅ​ទូទាំង​ពិភពលោក​កុំឱ្យ​កើនឡើង​លើស ២ អង្សា និង នៅក្រោម ១,៥ អង្សា បើ​អាច​ធ្វើបាន​នៅ​ចុង​សតវត្សរ៍​នេះ​។​

​ដើម្បី​ធ្វើដូច្នេះបាន ប្រទេស​នានា​បាន​ឯកភាព​លើ​ការសន្យា​ជាច្រើន​រួមទាំង​ការបង្កើត​មូលនិធិ​ប្រចាំឆ្នាំ ១០០ ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​មានប្រតិកម្ម​ចំពោះ​ភពផែនដី​ដ៏​ក្តៅ​របស់​យើង​។​

​សហរដ្ឋអាមេរិក​និង​ប្រទេស​អភិវឌ្ឍន៍​ដទៃទៀត​ចង់បាន​ការត្រួតពិនិត្យ​តិចតួច​អំពី​របៀប​ដែល​ការកៀងគរ​មូលនិធិរ​បស់​ពួកគេ​ត្រូវបាន​ប្រមូល និង​ភាពបត់បែន​បន្ថែមទៀត​លើ​របៀប​ដែល​ការផ្តល់​មូលនិធិ​នាពេល​អនាគត​ត្រូវបាន​រៀបចំឡើង​។​

​ប៉ុន្តែ​ប្រទេស​កំពុងអភិវឌ្ឍន៍​បាន​ទទូចថា​ពួកគេ​ត្រូវការ​មូលនិធិ​ដែល​អាច​ព្យាករណ៍​បាន​និង​មាន​លក្ខណៈ​បើកចំហ​ដើម្បី​ធ្វើការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​។​

​ប្រភព​ជាន់ខ្ពស់​មួយ​នៅក្នុង​ប្លុក​ចរចា​របស់​បណ្តា​ប្រជាជាតិ​អាហ្វ្រិក​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា​សហរដ្ឋអាមេរិក​និង​ប្រទេស​ដទៃទៀត​កំពុង​ក្បត់ពាក្យសន្យា​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស​ដោយ​បដិសេធ​មិន​និយាយ​អំពី​ការផ្តល់​មូលនិធិ​អាកាសធាតុ​នាពេល​អនាគត​ទេ​។​

​ប្រភព​នេះ​បាន​និយាយថា “​វា​ហាក់ដូចជា​យើង​ទើប​ចាប់ផ្តើម​ពី​បាត​ដៃទទេ​ឡើងវិញ​” នៅក្នុង​ទីក្រុង​បាងកក​៕ ដោយ៖ កញ្ញាដាលីស

សកម្មជន​បរិស្ថាន​តវ៉ា​នៅមុខ​អគារ​អ​.​ស​.​ប​នៅ​ទីក្រុង​បាងកក