សាកលវិទ្យាល័យ​ហុងកុង អះអាងថា បង្កើតបាន​ថ្នាំ​ថ្មី​ជួយ​ទប់ស្កាត់ និង​ព្យាបាល​ហ៊ី​វ​

1270
ចែករម្លែក

​ក្រុម​ស្រាវជ្រាវ​មួយ​មកពី​សាកលវិទ្យាល័យ​ហុងកុង (HKU) បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦​មេសា​ថា ពួកគេ​បាន​បង្កើត​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ដែល​អាច​ទប់ស្កាត់​វីរុស​ហ៊ី​វ​យ៉ាង​មាន​ប្រសិទ្ធភាព និង លុបបំបាត់​កោសិកា​មេរោគ​នៅក្នុង​សត្វ​កណ្តុរ​។​

​ក្រុម​អ្នកស្រាវជ្រាវ​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ ចិន ជី​វៃ នាយក​វិទ្យាស្ថាន​ជំងឺអេដស៍​របស់​សាកលវិទ្យាល័យ​ហុងកុង បាន​រកឃើញថា តាមរយៈ​ការចាក់​បញ្ចូល​ថ្នាំ​ដែលមាន​ឈ្មោះថា BiIA-SG ដើម្បី​ព្យាបាល​សត្វ​កណ្ដុរ ដែល​ផ្ទុកមេរោគ​ហ៊ី​វ​ដូច​មនុស្ស ភាគល្អិតៗ​របស់​វីរុស​ហ៊ី​វ​អាច​ត្រូវបាន​រារាំង​មិនឱ្យ​ចូលទៅក្នុង​កោសិកា​គោលដៅ​បានទេ ជាហេតុ​ធ្វើឱ្យ​កណ្តុរ​មិនអាច​ឆ្លង​វីរុស​នេះ​បានទេ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​សារព័ត៌មាន​របស់ HKU ។​

​លោក​ចិន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា បច្ចុប្បន្ន​អ្នកជំងឺ​ដែល​បាន​ឆ្លង​ហ៊ី​វ​ចាំបាច់​ត្រូវ​លេបថ្នាំ​ប្រឆាំង​ហ៊ី​វ​៣​គ្រាប់​រៀងរាល់ថ្ងៃ​ដើម្បី​បង្ក្រាប​វីរុស បើ​មិន​ដូច្នោះ​ទេ “​កម្រិត​នៃ​វីរុស​នឹង​ស្ទុះ​ឡើងវិញ​”​។​

​ប៉ុន្តែ​នៅក្នុង​ការស្រាវជ្រាវ នៅពេលដែល​ថ្នាំ​ត្រូវបាន​ចាក់​បញ្ចូល​ទៅក្នុង​ក្រុម​កណ្តុរ​ឆ្លង​មេរោគ គេ​បាន​រកឃើញថា​បរិមាណ​វីរុស​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​រហូតដល់ “​កម្រិត​សឹងតែ​មិនអាច​រកឃើញ​” យ៉ាងហោចណាស់​ក៏ ៤ សប្តាហ៍​ដែរ មុន​ពេលដែល​កណ្តុរ ៥៨​ភាគរយ បង្ហាញ​សញ្ញា​នៃ​ការវិល​ត្រឡប់មកវិញ​នៃ​វីរុស​ហ៊ី​វ ដែល​នាំឱ្យមាន​ប្រសិទ្ធភាព​នៃ​ការលុបបំបាត់​កោសិកា​ផ្ទុក​វីរុស​ហ៊ី​វ​១ (HIV-I) ចំពោះ​សត្វ​កណ្ដុរ ដែលជា​កោសិកា​ផ្ទុក​ហ្សែ​ន ជាលិកា និង​កោសិកា​ដូច​មនុស្ស​៕ ដោយ៖ កញ្ញាដាលីស

សាកលវិទ្យាល័យ​ហុងកុង​បង្កើតបាន​ថ្នាំ​ថ្មី​ជួយ​ទប់ស្កាត់ និង​ព្យាបាល​ហ៊ី​វ