សាងសង់​ផ្លូវ​៣៤​ខ្សែ​នៅ​ក្រុង​សីហនុ​បាន​លទ្ធផល​៥៥​ភាគរយ​ហើយ​

177
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ការសាងសង់​ផ្លូវ​ចំនួន​៣៤​ខ្សែ​នៅ​ក្រុងព្រះសីហនុ​ដែល​ដឹកនាំ​ធ្វើ​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​មកទល់នឹង​ដំណាច់​ខែមីនា​សម្រេចបាន​លទ្ធផល​ប្រមាណ​ជា​៥៥​ភាគរយ​នៃ​គម្រោង​ទាំងមូល​ហើយដោយ​ពេលនេះ​គ្រប់​ខ្សែ​ផ្លូវ​កំពុង​ដំណើការ​ចាក់​បេតុង​។​

​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០​ថា​គ្រប់​ខ្សែ​ផ្លូវ​ទាំង​៣៤​នៅ​ខេត្ត​ព្រះសីហនុ​កំពុងតែ​ដំណើការ​ចាក់​បេតុង​ដោយ​ផ្លូវ​ខ្លះ​មាន​ការដ្ឋាន​ចាក់​បេតុង​ពីរ​ទៅ​បី​កន្លែង​បន្ទាប់ពី​បានធ្វើ​គ្រឹះ​និង​ដាក់លូ​រួច​។​

ការងារ​ធ្វើ​គ្រឹះ​គ្រប់​ផ្លូវ​រហូត​ម​ដល់​នឹង​ថ្ងៃទី​៣​ខែមីនា​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ស្ទើរតែ​រួចរាល់​នៅតែ​ការកែសម្រួល​តិចតួច​កន្លែង​ខ្លះ​។​ឯ​ចំណែក​ការងារ​ដាក់លូ​សម្រេចបាន​លទ្ធផល​ច្រើនជាង​ការសាងសង់​ផ្លូវ​។​ការងារ​ចាក់​បេតុង​ផ្លូវ​គិត​ជារួម​សម្រេចបាន​លទ្ធផល​ប្រមាណ​ជា​៤០​ភាគរយ​តែបើ​គិត​លទ្ធផល​រួម​គឺ​សម្រេចបាន​ជាង​៥៥​ភាគរយ​នៃ​គម្រោង​ហើយ​។​

​លោក​គួច​ចំរើន​ឱ្យដឹងទៀតថា​ការងារ​ចាក់​បេតុង​ទាំង​៨​ក្រុមហ៊ុន​នៅលើ​ផ្លូវ​ទាំង​៣៤​ខ្សែ​ក្នុង​មួយថ្ងៃ​បាន​ជាង​មួយ​ម៉ឺន​ម៉ែត្រការ៉េ​។​បេតុង​ដែល​ត្រូវ​ចាក់​នៅលើ​ផ្លូវ​តូចធំ​ទាំង​៣៤​ខ្សែ​មាន​ចំនួន​ប្រមាណ​ជា​១.៤១១.៣៨៥​ម៉ែត្រការ៉េ គិត​ត្រឹម​ថ្ងៃទី​១​ខែមេសា​ផ្លូវ​បេតុង​ដែល​បាន​ចាក់​រួច​មាន​ចំនួន​៥៥៩.១៤២​ម៉ែត្រ​កា រ៉េ​ហើយ​។​ចំណែក​លូ​ដែល​ត្រូវដាក់​នៅលើ​ផ្លូវ​ទាំង​៣៤​ខ្សែ​មាន​ប្រវែង​៩៣.៣២៣​ម៉ែត្រ​គិត​ត្រឹម​ថ្ងៃទី​០១​ខែមេសា​ដាក់​បាន​ប្រវែង​៥៥.៤៣៥​ម៉ែត្រ ស្មើនឹង​៥៩ .៤០ ភាគរយ​នៃ​ប្រវែង​លូ​ទាំង​អស់ហើយ​។​

​ទោះជា​យ៉ាងណា​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ​មិនទាន់មាន​ផ្លូវ​មួយ​ខ្សែ​ណា​បាន​រួចរាល់​ទាំងស្រុង​នៅឡើយ​ទេ​។​គ្រប់​ក្រុមហ៊ុន​ទាំង​៨​បាន​សម្រុក​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ​ដោយមាន​ក្រុម​អ្នកបច្ចេកទេស​តាម​ត្រួត​ពិ និត្យ​យ៉ាង​ល្អិតល្អន់​និង​ក៏មាន​កន្លែង​ដែល​ធ្វើ​មិនបាន​ត្រឹមត្រូវ​តាម​ការកំណត់​បាន ឈូស​ចោល​វិញ​ជា​បន្តបន្ទាប់​ដែរ​។​

​រំលឹក​ឱ្យដឹងថា​ផ្លូវ​ចំនួន​៣៤​ខ្សែ​មាន​ប្រវែង​សរុប​៨៤.៥០៥​ម៉ែត្រ​កំពុង​ត្រូវបានធ្វើ​ការសាងសង់​ដោយ​ក្រុមហ៊ុន ចំនួន​៨​រួមមាន​ក្រុម​ហេង​សម្បត្តិ ក្រុមហ៊ុន SCE​ក្រុមហ៊ុន​សាជីវកម្ម​ពិស្ណុការ​អន្តរជាតិ​ក្រុមហ៊ុន​K.B.H Construction Co.,LTD ក្រុម ហ៊ុន​VT Engineering Construction ក្រុមហ៊ុន​រ៉ូយ៉ាល​មេគង្គ​ខ​ស្ត្រា​ក់សិន​&​ឌី វើ​ឡុ​ប​មែន​។​

កងវិស្វកម្ម​សម្តេច​តេ​ជោ​ហ៊ុនសែន​សៀមរាប​និង​កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​ថ្នល់​នៃ​ក្រសួងការពារជាតិ​នៅ​ក្រុងព្រះសីហនុ​នេះ​បាន​បើក​ការ ដ្ឋា​ន​ជា ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច អ​គ្ក​មហា​សេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០២៩​។​

ជា​គម្រោង​ដែល​បានលើកឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ដែលមាន​លោក​ឧបនាយករដ្ឋមន្ត្រី​ជា​សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ជា​ប្រធាន​តាំងពី​ឆ្នាំ​២០១៨​។​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ​នៅក្នុង​គម្រោង​ចាក់​ដោយ​បេតុង​កម្រាស់​០.២៥​ម៉ែត្រ​និង​អ៊ុត​បេ​ទី​ម​បន្ថែម​ពីលើ​កម្រាស់​០.០៦​ម៉ែត្រ​៕S/

​លោក​គួច​ចំរើន​ពិនិត្យមើល​ការចាក់​បេតុង​ផ្លូវ​នៅក្នុង​ក្រុងព្រះសីហនុ​ផ្លូវ​បេតុង​ដែល​បាន​សាងសង់​រួច​ក្នុង​ក្រុងព្រះសីហនុ​