សារភាព​កំហុស និង​ធ្វើលិខិត​សុំទោសចប់​រឿង​?

202
ចែករម្លែក

កាលពី​ប៉ុន្មាន​មុននេះ រូបថត​មួយ​សន្លឹក របស់​បុរស​ម្នាក់ ដែល​ដៃ​ម្ខាង កាន់​កាំភ្លើង​បាញ់​សត្វ និង​ដៃ​ម្ខាង​ទៀត យួរ​បង្ហាញ​សត្វ​កេងកង​មួយ​ក្បាល ដែល​ខ្លួន​បាញ់​បាន ត្រូវបាន​គេ​បង្ហោះ ផ្សព្វផ្សាយ នៅលើ​ហ្វេ​ស​ប៊ុ​ក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។​
​ ​
​កាលពី​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ បុរស​ម្នាក់ ដែល​បាន​បាញ់សម្លាប់​សត្វ​កេងកង ដ៏​កម្រ​មួយ​ក្បាល នៅ​ខេត្តកំពត បាន​ចូល​សារភាព ទទួលកំហុស និង​ធ្វើលិខិត ផ្តិតមេដៃ សូមទោស​សាធារណៈជន​។ ចំពោះមុខ​សមត្ថកិច្ច​បរិស្ថាន នៅ​ទីស្តីការក្រសួង បុរស​នេះ ក៏បាន​ធ្វើ​កិច្ចសន្យា ឈប់​ប្រព្រឹត្ត​កំហុស បាញ់សម្លាប់​សត្វព្រៃ​ដូច្នេះ​ទៀតហើយ​។​
​ ​
​ក្នុង​លិខិត​សុំទោស បុរស​ឈ្មោះ គ្រុយ ចំរើន អាយុ ៣៣​ឆ្នាំ បានទទួល​ស្គាល់​ការពិត​ដែល​បាញ់ សម្លាប់សត្វ​កេងកង ចំនួន ១​ក្បាល ស្ថិតនៅ​រមណីយដ្ឋាន ទឹកជ្រោះ ៩​ជាន់ នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត​។ បុរស​រូបនេះ បាន​សូមទោស​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ និង​ស្នើ​សូម​ឲ្យ ប្រជាពលរដ្ឋ អភ័យទោស​ដល់​រូបគេ ដោយ​រូបគេ សន្យាថា ឈប់​ប្រព្រឹត្ត​កំហុស​បែបនេះ ទៀតហើយ ហើយក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​យក​គំរូ​តាម​រូបគេ​។​

​បុរស គ្រុយ ចំរើន ក៏បាន​សន្យាថា នឹង​ប្រគល់​អាវុធ​បាញ់​សត្វ​កេងកង​មួយ​ដើម មក​ក្រសួងបរិស្ថាន យ៉ាងយូរបំផុត ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​។​ ​

​តាមរយៈ​ការទទួល​ទោសកំហុស​នេះ គឺ​ក្រសួងបរិស្ថាន ទទួលយក និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ ប្រព្រឹត្ត​នេះ ជា​រៀងរហូត​។ នេះ​គឺជា​គំរូ​អាក្រក់​មួយ ដែល​អ្នក​ផ្សេងទៀត ត្រូវ​ជៀសវាង​។​

​សត្វ​កេងកង គឺជា​ប្រភេទ​សត្វ​ស្លាប​ដ៏​កម្រ​ជិត​ផុត​ពូជ​។ បច្ចុប្បន្ន គេ​ឃើញ​សត្វ​កេងកង​មាន​វត្តមាន នៅក្នុង​តំបន់​មួយចំនួន ដូចជា នៅ​ភ្នំ​បូកគោ តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស កម្ពុជា​យើង​។​
​ ​
​គេ​នៅ​ចាំបាន​ថា កាលពី​ប៉ុន្មាន​ឆ្នាំមុន មាន​បុរស​ម្នាក់​រស់នៅ​ភ្នំពេញ បាន​ជិះឡាន​ទៅ​បាញ់សម្លាប់ សត្វ​ទន្សោង​នៅក្នុង​ព្រៃ នៅ​ភ្នំ​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ កាលណោះ បុរស​នោះ ក៏បាន​ថតរូប​បង្ហោះ ហ្វេ​ស​ប៊ុ​ក ដែល​ចុងក្រោយ នាំ​ដល់​ការឃាត់ខ្លួន និង​មហាជន​ទិតៀន​នឹង​ទង្វើ​បំផ្លិចបំផ្លាញ​សម្បត្តិ ធម្មជាតិ​ដ៏​កម្រ​នេះ​ផងដែរ​។​

​ដូច្នេះ​ប្រជាពលរដ្ឋ ដែល​ទៅ​ទស្សនា​កម្សាន្ត នៅតាម​រមណីយដ្ឋាន​ធម្មជាតិ​នានា ក៏ដូចជា​ប្រជា ពលរដ្ឋ​រស់នៅ​តាម​សហគមន៍ ព្រៃភ្នំ ដែលមាន​សត្វព្រៃ សូមកុំ​ប្រព្រឹត្ត​បទល្មើស​បរបាញ់​សត្វ ទុកជា​ការកម្សាន្ត​ក្តី ឬក៏​ធ្វើជា​អាជីវកម្ម ដើម្បី​លក់ដូរ​ក្តី​។

​ប្រជាពលរដ្ឋ​យើង ក៏​កុំ​បរិភោគ​សាច់សត្វ​ព្រៃ កុំ​ទិញ កុំ​លក់​សត្វព្រៃ​គ្រប់​ប្រភេទ រាប់ទាំង​ស្វា ហើយ​ត្រូវ​ចូលរួម​ការពារ​អភិរក្ស​សត្វព្រៃ ឱ្យបាន​គង់វង្ស សម្រាប់​បម្រើ​ដល់​ទេសចរណ៍ធម្មជាតិ និង​ការពារ​ជីវៈចម្រុះ ប្រព័ន្ធ​អេកូឡូស៊ី នៅ​កម្ពុជា​។

​ជាងនេះទៅទៀត អាជ្ញាធរ​សមត្ថកិច្ច ក៏​គួរតែ​ដាក់ទោស​តឹងរឹង​លើ​ជនល្មើស​ដែល​បាន​ជួញដូរ សត្វព្រៃ រហូតដល់​បាញ់សម្លាប់​សត្វព្រៃ​ដ៏​កម្រ​នេះ ដើម្បី​កុំ​ឲ្យ​មាន​ករណី​ល្មើសច្បាប់​ដដែល​នេះ កើតឡើង​ទៀត​។ ធ្វើ​ខុស​ហើយ គ្រាន់តែ​សូមទោស ធ្វើ​កិច្ចសន្យា​ផ្តិតមេដៃ ចប់​រឿង​នោះ ហាក់ដូចជា​ការលើកទឹកចិត្ត​ដល់​ជនល្មើស​ដទៃ​ផ្សេងទៀត ទៅ​ថ្ងៃ​ខាងមុខ​៕ ដោយៈ ម៉េង​ឆៃ​