សាលាដំបូង​ខេត្តកោះកុង ប្តេជ្ញា​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ ឱ្យបាន​ឆាប់រហ័ស​

105
ចែករម្លែក

ដោយ​៖ សុ​ផានី​តា​
​កោះកុង​៖
សាលាដំបូង និង​អយ្យការ អម​សាលាដំបូង​ខេត្តកោះកុង បាន​ប្តេជ្ញាចិត្ត​អនុវត្ត​ផែនការ ព​ន្លឿ​ន​ការដោះស្រាយ សំណុំរឿង​ក្តី​នានា ជាពិសេស​សំណុំរឿង​ព្រហ្មទណ្ឌ ក្នុង​ខេត្ត ឱ្យបាន​ឆាប់រហ័ស ប្រកបដោយ​ភាពត្រឹមត្រូវ និង​យុត្តិធម៌ មិនឱ្យ​ទុក​សំណុំ​រឿងក្តី ចោល​ជាដាច់ខាត​។​

​លោក រស់ សា​រាំ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកោះកុង បានឱ្យដឹង​នៅ​រសៀល ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ ស្តីពី​យុទ្ធនា​ការដោះស្រាយ ការកកស្ទះ​សំណុំរឿង​នានា នៅតាម​សាលាដំបូង​រាជធានី និង​ខេត្ត​ថា រូបលោក និង​ប្រធាន​សាលាដំបូង​ខេត្ត ព្រមទាំង​ក្រុមការងារ​ជំនាញ នឹង​កំពុងមាន​ចំណាត់ការ លើ​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​ចុះបញ្ជី​ព្រហ្មទណ្ឌ ក៏ដូចជា ចាត់ចែង​ការកោះហៅ ដើមបណ្តឹង ភាគី​ពាក់ព័ន្ធ​តាម​ទូរស័ព្ទ ឬ​ប្រព័ន្ធ​អេឡិចត្រូនិក តែ​តម្រូវឱ្យមាន​ដីកា​កោះហៅ ជា​លាយ​លក្ខ​អក្សរ ជាប់​ជានិច្ច​។​

​លោក​ព្រះរាជអាជ្ញា សាលាដំបូង​ខេត្តកោះកុង ក៏បាន​ពន្យល់​ដែរ​ថា ការងារ​ព​ន្លឿ​ន​ដោះស្រាយ​សំណុំរឿង ឱ្យបាន​ឆាប់រហ័ស​នេះ ដោយ​ឈរលើ​ភាពត្រឹមត្រូវ យុត្តិធម៌ ពោលគឺ​មិន​ទុកចោល​សំណុំ​រឿងក្តី​ដាច់ខាត​។ ពិសេស​ឆ្លើយតប​នឹង​យុទ្ធនាការ ដោះស្រាយ ការកកស្ទះ​សំណុំរឿង តាម​សាលាដំបូង រាជធានី ខេត្ត ទូទាំងប្រទេស​កម្ពុជា​។​

​បើតាម​លោក រស់ សា​រាំ ក្រុមការងារ​របស់លោក កំពុង​ព​ន្លឿ​ន​ការស៊ើបអង្កេត​បឋម ចំពោះ​បណ្តឹងផ្ទាល់ មក​អយ្យការ រួច​ជ្រើស​រើសយក​វិធី​ចោទប្រកាន់ តាមរយៈ​កា​រប​ញ្ចូ​ន ទៅ​ជំនុំជម្រះ​ផ្ទាល់ ប្រសិនបើ​មាន​ភស្តុតាង​គ្រប់គ្រាន់​។ ម្យ៉ាងទៀត ពិនិត្យ​លទ្ធភាព​ប្រើប្រាស់​វិធី នៃ​ការចោទប្រកាន់ តាមរយៈ​ការបង្ហាញ​ខ្លួន​ភ្លាម ករណី​មាន​លក្ខខណ្ឌ គ្រប់គ្រាន់​ដូចគ្នា​។​

​បច្ចុប្បន្ន អយ្យការ អម​សាលាដំបូង​ខេត្តកោះកុង ពង្រឹង​ការទំនាក់ទំនង​ល្អ​ថែមទៀត ជាមួយ​ស្ថាប័ន​នគរបាល​យុត្តិធម៌ ក្នុង​ការជួយ​លើ​ការងារ ប​ញ្ចូ​ន​ដីកា​គ្រប់​ប្រភេទ ដើម្បី​គាំទ្រ​ដល់ ដំណើរការ​រឿងក្តី ប្រព្រឹត្តទៅបាន​លឿន​។ ស្ថា​ប័​ន្ត​យុត្តិធម៌​មួយ​នេះ បន្ត​តាមដាន​សំណុំរឿង​ស៊ើបសួរ និង​សំណុំរឿង​ជំនុំជម្រះ ដែល​អាច​ទុកចោល កប់​ចោល ឬ​ភ្លេច​ជាយថាហេតុ ដោយ​ចៅ​ក្រុម ឬ​ក្រឡាបញ្ជី ដែល​ទទួលបន្ទុក ចាត់ការ​រឿងក្តី​។​

​ចំណែកឯ​លោក ជិន ម៉ា​លីន ប្រធាន​គណៈកម្មការ ដឹកនាំ​យុទ្ធនា​ការដោះស្រាយ ការកកស្ទះ​សំណុំរឿង នៅ​សាលាដំបូង​ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ព្រះសីហនុ និង​ខេត្តកំពត បាន​ថ្លែងថា យុទ្ធនាការ​ដោះស្រាយ ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត របស់​ក្រសួងយុត្តិធម៌ បានប្រកាស​ដំណើរការ ចាប់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ តទៅ ។​

​លោក ជិន ម៉ា​លីន បាន​សង្កត់ធ្ងន់ថា យុទ្ធនាការ​នេះដែរ ធ្វើឡើង​គោលបំណង ដើម្បី​ធានាបាន​នូវ ការអនុវត្ត​យុទ្ធនាការ ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រា​ធានី​-​ខេត្ត ពិសេស​ដើម្បី​ជួយ​ដល់ សាលាដំបូង ឱ្យ​អនុវត្ត​យុទ្ធនាការ បាន​ជោគជ័យ និង​ត្រឹមត្រូវ​នោះ ចាំបាច់​ត្រូវ​ប្រកាន់ខ្ជាប់ នូវ​គោលការណ៍​ច្បាប់ ព្រមទាំង​មាន​ភាពជា​ម្ចាស់ការ និង​មាន​ឆ​ន្ទះ​ខ្ពស់​ផងដែរ​។​

​ទន្ទឹម​នោះ ក្រសួងយុត្តិធម៌ គាំទ្រ​ពេញទំហឹង នូវ​ធនធានមនុស្ស មធ្យោបាយ និង​សម្ភារ ដែលមាន​ស្រេច និង​ផ្លាស់ប្តូរ​ឥរិយា​ថ មន្ត្រី​ធ្វើការ​ងារ ដោយ​ជំរុញ​បង្កើន​ប្រសិទ្ធភាព អនុវត្ត​ការងារ រីឯ​សវនាការ​ជំនុំជម្រះ​ក្តី​វិញ ជា​នីតិវិធី​របស់​តុលាការ​ផ្ទាល់​។ ករណី​បញ្ហា​ប្រឈម​នានា ចំពោះ​អនុវត្ត​នីតិ​វ​ធី ក្រសួង នឹង​ជួយ​សម្របសម្រួល​បន្ថែម​។​

​ក្រសួងយុត្តិធម៌ បានប្រកាស​បើក​យុទ្ធនាការ ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ខណៈ​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​កំពុង​ចាត់ការ សរុប​មាន​ចំនួន​ជិត ៤ ម៉ឺន​សំណុំរឿង ក្នុងនោះ មាន​សំណុំរឿង​គ្រឿងញៀន ៦.២៦០ ករណី ដែល​នឹងត្រូវ​ដោះស្រាយ ក្នុង​យុទ្ធនាការ​នេះ​។


​ក្រសួង​យុត្ដិធម៌ រំពឹងថា យុទ្ធនាការ​នេះ អាច​នឹង​កាត់បន្ថយ ការកកស្ទះ​សំណុំរឿង​បាន ប្រមាណ​ពី ៥០ ទៅ ៧០ ភាគរយ ក្នុងការ​អនុវត្ដ​យុទ្ធនាការ រយៈពេល ៦ ខែ ៕​v