សិង្ហ​បុរី​ចាប់​បាន​ភ្លុក​ដំរី​និង​ស្រកាពង្រូល​ជាង​២០​តោន​តំលៃ​៦៦​លាន​ដុល្លារ​

556
ចែករម្លែក

​ស្រកាពង្រូល​និង​ភ្លុក​ដំរី​ទម្ងន់​ជាង​២០​តោន និង​មាន​តំលៃ​ជាង​៦៦​លាន​ដុល្លារ ត្រូវបាន​អាជ្ញាធរ​សិង្ហ​បុរី​ចាប់​បាន​កាលពី​ថ្ងៃអាទិត្យ​ទី​២១​កក្កដា​។​

វា​ជា​ការ​ចាប់បាន​ក្នុង​បរិមាណ​​ច្រើន​បំផុត​នៅក្នុង​ប្រវត្តិសាធារណរដ្ឋ​នេះ និង​ការចាប់​បាន​លើក​ចុងក្រោយ​នេះ​ធ្វើអោយ​ស្រកាពង្រូល​សរុប​៣៧,៥​តោន​ត្រូវបាន​រឹបអូស​ចាប់តាំងពី​ខែ​មេសា​ឆ្នាំ​២០១៩​មក​។​

​នៅក្នុង​ប្រតិបត្តិការ​រួម មន្ត្រី​មកពី​គយ អន្តោប្រវេសន៍​និង​អាជ្ញាធរ​កំពង់ផែ បាន​ពិនិត្យ​ទំនិញ​៣​កុង​តេនឺ មក​ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។​កុង​តេនឺ នេះ​ត្រូវ​​បាន​រាយការណ៍​ថា​ដាក់​ឈើ​និង​ត្រូវ​ដឹក​ឆ្លងកាត់​សិង្ហ​បុរី​ឆ្ពោះទៅ​កាន់​វៀតណាម​។​

​ក្នុងពេល​ត្រួតពិនិត្យ ស្រកា​ពង្រូល​២៣៧​បាវ ទម្ងន់​១១,៩​តោន​ត្រូវបាន​រកឃើញ​នៅក្នុង​កុងតេ​នឺមួយ​ក្នុងចំណោ​មកុង​តេនឺ​៣​។​វា​មានតំ​លៃ​ប្រមាណ​៣៥,៧​លាន​ដុល្លារ និងអាច​ចេញពី​សត្វ​ពង្រូល​ប្រមាណ​២.០០០​។​

​ក្នុង​ទំនិញ​នេះ​ក៏​មាន​បង្កប់​ភ្លុក​ដំរី​៨,៨​តោន នៅក្នុង​១៣២​បាវ និង​មាន​តំលៃ​ប្រមាណ​១២,៩​លាន​ដុល្លារ​។​ភ្លុក​ទាំងនេះ​ត្រូវ​គេ​ជឿ​​ថា ត្រូវ​កាត់​ចេញពី​ដំរី​អាហ្វ្រិក​ជិត​៣០០​ក្បាល​។​

​កាលពី​ខែ​មេសា សិង្ហ​បុរី​ក៏​ចាប់​បាន​ស្រកា​ពង្រូល​១៣​តោន​និង​ភ្លុក​១៧៧​គីឡូក្រាម​។​

​សត្វ​ពង្រូល​និង​ដំរី ជា​ប្រភេទ​សត្វ​ត្រូវការពារ​ក្រោម​អនុសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​សត្វ​ប្រឈម​គ្រោះថ្នាក់​និង​សត្វព្រៃ(CITES)​ ហើយជំនួញ​សត្វ​ឬ​ផ្នែក​នៃ​សត្វ​នេះ​ត្រូវ​ហាម​​ឃាត់​៕​ដោយ​៖​វាសនា​

ផ្នែក​នៃ​ភ្លុក​ដំរី​ទម្ងន់​៨,៨​តោន ដែល​សិង្ហ​បុរី ចាប់​យក​ចេញ​ពី​កុង​តេនឺ​