សុខចិត្ត​ដើរទៅ​ផ្ទះ​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ ក្រោយ​ត្រឡប់​ពី​ជប៉ុន ព្រោះ​ខ្លាច​ចម្លង​កូ​វីដ​-១៩ ទៅ​អ្នកផ្សេង​

179
ចែករម្លែក

​រឿងរ៉ាវ​បុរស​ជនជាតិ​ម៉ាឡេស៊ី ម្នាក់​ដើរ​៣ យប់ ៣​ថ្ងៃ​ដាច់បាយ​ក្រហាយ​ទឹកជា​មួយ​សុនខ របស់គាត់​ឈ្មោះ ហា​ឈិ​កុ (Hachiko) ពី​ក្រុង​កូតា គី​ណា​បា​លូ (Kota Kinabalu) ស្ថិតក្នុង​រដ្ឋ សា​បាស (Sabah) ប្រទេស​ម៉ាឡេស៊ី ទៅកាន់​ស្រុកកំណើត​នៅ​កូតា ម៉ា​រូ​ឌូ (Marudu) ចម្ងាយ ប្រមាណ ១២០ គីឡូម៉ែត្រ​ពីគ្នា​កំពុង​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់ បណ្ដាញ​ទំនាក់ទំនង​សង្គម​។
​ ​
​បុរស​ឈ្មោះ អា​លី​ក​សុន ម៉ាន​ហ្គុ​ន​ដុក (Alixson Mangundok) វ័យ ៣៤​ឆ្នាំ​ខាងលើនេះ​ទើបតែ វិល​ត្រលប់​ពី​ធ្វើការ​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​២៥ ខែមីនា​ហើយដោយ​ខ្លាច​ចម្លង​វីរុស​ផ្លូវ ដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ ទៅ​អ្នកផ្សេង គាត់​សុខចិត្ត​ដើរ​ថ្មើរជើង ព្រោះ​មិន​ហ៊ាន​ប្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ និង​មិន​ហ៊ាន​ឱ្យ​បងប្អូន​មក​ទទួល​។​
​ ​
​បុរស​នេះ​និយាយថា​”​បន្ទាប់ពី​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​កូតា គី​ណា​បា​លូ (Kota Kinabalu International Airport) ខ្ញុំ​បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​សុខភាព ហើយ​មន្ត្រី​សុខាភិបាល និយាយថា ខ្ញុំ​មិន​អី​ទេ ព្រោះ​មិន​បង្ហាញ​អាកា​រៈ​វីរុស​នេះ​។ ប៉ុន្តែ​គ្រូពេទ្យ​បាន​សុំឱ្យ​ខ្ញុំ​ទៅ​មន្ទីរពេទ្យ Queen Elizabeth Hospital ដើម្បី​ពិនិត្យ​បន្ថែមទៀត​”​។​
​ ​
​បន្ទាប់ពី​ផ្ដល់​សំណាក​តេស្ត​នៅ​មន្ទីរពេទ្យ វេជ្ជបណ្ឌិត​ប្រាប់ថា​គាត់​គួរតែ​ដាក់ខ្លួន​ឱ្យនៅ​ដាច់​ដោយ ឡែក​នៅផ្ទះ ខណៈ​រង់ចាំ​លទ្ធផល​តេស្តរ​កកូ​វីដ​-១៩​។ គាត់​បាន​បន្តថា “​ដើម្បី​បញ្ចៀស​ហានិភ័យ ចម្លង​វីរុស​ទៅ​អ្នកផ្សេង ខ្ញុំ​បានសម្រេច​ចិត្ត​ដើរ​ថ្មើរជើង​មកកាន់​កូតា ម៉ា​រូ​ឌូ ដោយសារ​ខ្ញុំ​សាំ​នឹង ការដើរ​ចម្ងាយ​ច្រើន​គីឡូ​ដី ពេល​បរបាញ់ និង​ធ្វើ​កិ​សកម្ម​”​។​
​ ​
​គាត់​បាន​បន្ថែមថា “​ខ្ញុំ​មិនបាន​ទៅ​ជួប​ឪពុកម្ដាយ​ខ្ញុំ​ទេ ពេលទៅដល់​កូតា ម៉ា​រូ​ឌូ​ប៉ុន្តែ​បាន​សំដៅទៅ កាន់​ខ្ទម​តូច​មួយ​នៅឯ​កសិដ្ឋាន ព្រោះ​វា​មាន​សុវត្ថិភាព​ជាង​សម្រាប់​អ្នក​គ្រប់គ្នា​”​។​
​ ​
​ជា​សំណាងល្អ ការធ្វើ​តេស្ត​លើក​ទី​១ បង្ហាញ​អវិជ្ជមាន ហើយ​កាលពី​ថ្ងៃទី​៧ ខែមេសា គាត់​បាន ធ្វើតេស្ត​លើក​ទី​២ នៅ​មន្ទីរពេទ្យ​នៅ​កូតា ម៉ា​រូ​ឌូ​។
​ ​
​គាត់​និយាយ​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​គួរឱ្យ​សរសើរ​ថា “​ខ្ញុំ​មិន​សម្រាក​ទេ ហើយ នឹង​មិន​ជួប គ្រួសារ​ខ្ញុំ​ដាច់ខាត​រហូត​ទាល់តែ​មន្ទីរពេទ្យ​បញ្ជាក់ថា​ខ្ញុំ​គ្មាន វីរុស​នេះ​។ ពេលនេះ ហា​ឈិ​កុ (​សុនខ​) និង​ខ្ញុំ​នៅ​ជាមួយគ្នា​ក្នុងផ្ទះ​ខ្ទម​”​។
​ ​
​សូមបញ្ជាក់ថា បុរស​កូន​ពីរ និង​ជា​កូនពៅ​ក្នុងចំណោម​បងប្អូន​បង្កើត ១២ នាក់​រូបនេះ​បានចេញ ទៅ​ធ្វើការ​ក្រៅប្រទេស​ដូចជា​នៅ​សិង្ហ​បុរី អាល់​ហ្សេ​រី អូស្ត្រាលី កូ​រ៉ូ​ខាងត្បូង និង​ជប៉ុន តាំងពី​វ័យ ១៨ ឆ្នាំ​៕ ប្រែ​សម្រួលៈ​ខុម​