សូម​គាំទ្រ​! វិធានការ​ការពារ​ប្រសើរ​ជាង​ព្យាបាល​!

208
ចែករម្លែក

ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ សម្តេចតេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ជា​ផ្លូវការ​ពី​ផ្អាក​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​យើង​ឆ្នាំ​២០២០​នេះ​។ មូលហេតុ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វីត​១៩​។ បន្ត​មក​គឺ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ប្រកាស​ជា​ផ្លូវការ​ទៅកាន់​ផ្នែក​ឯកជន​អំពី​ការលើក​ពេល​ឈប់សម្រាក​ក្នុងឱកាស​បុណ្យចូលឆ្នាំ​នេះ​ដែរ​។​

​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​បានប្រកាស​ឱ្យ​គ្រប់​ស្ថាប័ន​ទាំងអស់ ទាំង​រដ្ឋ និង​ទាំង​ឯកជន ត្រូវធ្វើ​ការធម្មតា ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី រយៈពេលបួន​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៣-១៦ ខែមេសា ដោយ​មិនមាន​ការឈប់​សម្រាក​នោះទេ​។ ក្នុងនោះ​រាជរដ្ឋាភិបាល​នឹង​សង​ថ្ងៃ​ឈប់សម្រាក​ចំនួនប្រាំ​ថ្ងៃ​មកវិញនៅពេល​ក្រោយ បន្ទាប់ពី​វីរុស​កូ​វីត ១៩ បាន​ធូរស្បើយ​។​

​ក្នុងអំឡុងពេល​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​កាត់បន្ថយ​ការធ្វើដំណើរ ទៅ​ស្រុកកំណើត និង​ទៅ​តំបន់​រមណីយដ្ឋា​ន​នានា ព្រមទាំង​ទីប្រជុំជន​។ តែ​ទោះជា​យ៉ាងណា សម្តេច​តេ​ជោ បានប្រកាស​អនុញ្ញាតឲ្យ​ប្រជាពលរដ្ឋ អាច​ប្រារព្ធ​ពិធី​សាសនា រៀបចំ​ទទួល​ទេវតា ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​នៅតាមផ្ទះ​រៀងៗ​ខ្លួន​។​

​បន្ទាប់ពី​សម្តេច​តេ​ជោ ប្រកាស​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ដូច្នេះ កាលពី​ថ្ងៃទី​៧​មេសា ឆ្នាំ​២០២០ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ចេញ​សេចក្តីជូនដំណឹង ជម្រាបជូន​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​បងប្អូន​កម្មករនិយោជិត​ទាំងអស់ សូម​ឲ្យ​បន្ត​ធ្វើការ ដូច​ថ្ងៃ​ធម្មតា នៅតាម​សហគ្រាស គ្រឹះស្ថាន​របស់ខ្លួន នាឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខ​។​

​នៅ​ថ្ងៃទី​៧​មេសា​ដដែល ក្រសួងសុខាភិបាល បានប្រកាសថា នៅ​កម្ពុជា​យើង​មាន​អ្នក​ព្យាបាល ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ កើនឡើង​ដល់ ៥៨​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ៥៧​នាក់​។ កាលពី​ថ្ងៃទី​៧​មេសា មាន​អ្នក​ឆ្លង​ជំងឺ​នេះ តែ​ម្នាក់​ប៉ុណ្ណោះ​ ខណៈដែល​កាលពី​បី​ថ្ងៃ​ជាប់​គ្នា ពោលគឺ​ថ្ងៃទី​៤-៦​មេសា នៅ​កម្ពុជា​យើងមិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​នោះទេ​។​

​ជា​ការពិតហើយ ក្នុងស្ថានភាព​បច្ចុប្បន្ន ដែល​ជំងឺ​កូ​វីដ​១៩ កំពុងតែ​កើតឡើង មិន​ថា នៅ​កម្ពុជាយើង និង​នៅលើ​ពិភពលោក​នោះទេ គឺ​ទាំង​គេ ទាំង​យើង ខ្លាច​គ្នា​ទៅវិញទៅមក​។ ជំងឺ​កូ​វីដ​នេះ យើង​មិនអាច​មើលឃើញថានរណាម្នាក់ រាប់ទាំង​ខ្លួន​យើង​ផង មាន​ផ្ទុកមេរោគ​ឆ្លង​ដ៏​កាចសាហាវ​នេះ​ឬទេ​? ព្រោះថា ភ្លាមៗ រោគសញ្ញា​ជំងឺ​កូ​វីដ​១៩​នេះ​ដែលមាន​រោគសញ្ញា​ស្រដៀង​នឹង ជំងឺ​ផ្តាសាយ​នេះ មិន​បានចេញ​រូបរាង​ទេ ទាល់តែ​ជំងឺ​ធ្វើទុក្ខ ទើប​គេ​ឃើញ​រោគសញ្ញា​គ្រុនក្តៅ ក្អក ពិបាក​ដកដង្ហើម ជាដើម​។​
​ ​
​ម្យ៉ាងទៀត នៅពេលនេះ ក្នុងពេលដែល​ប្រជាជន​យើង ធ្វើដំណើរ​ទៅ​ស្រុកកំណើត ដើម្បី​ជួបជុំ ក្រុមគ្រួសារ ដូច​ទម្លាប់​ពេល​បុណ្យទាន ក៏​ហាក់ដូចជា មិន​ស្និទ្ធ​ស្នាល ដូច​ពេលកន្លងមកឡើយ​។ អ្នក​ទៅ​ពី​ចម្ងាយ ខ្លាច​អ្នក​នៅ​ស្រុក​។ រីឯ​អ្នក​នៅ​ស្រុក ខ្លាច​អ្នក​ទៅ​ពី​ចម្ងាយ​។ ដោយ សារ​តែ​ការភ័យខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​នេះ ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួនធំ មិនបាន​ទៅលេង​ស្រុក ក្នុងពេល​សែន​ឆេង​ម៉េង កាលពី​អាទិត្យ​មុននេះ​ឡើយ​។ បើ​ទៅ​ស្រុក​ហើយ ក៏​មិន​ហ៊ាន​ដើរលេង​ញា​ត្តិ​មិត្ត​បងប្អូន​ក្នុងភូមិ​ដូច​សព្វដង​ទេ​។​
​ ​
​ដូច្នេះ​បើ​គង់​ទៅ​មាន​អារម្មណ៍​ភ័យខ្លាច​គ្នា​ដូច្នេះ ហើយ​នៅផ្ទះ​រៀងៗ​ខ្លួន​យ៉ាងនេះ​យើង​គួរតែ​បន្ត ធ្វើ​ការងារ​រកស៊ី​តាម​ទម្លាប់​ធម្មតា​។ ចាំ​ផុត​ជំងឺ​កូ​វីដ រាតត្បាត​ហើយ ចាំ​យើង​ឈប់​សង​ហើយ​ទៅ លេង​ស្រុក​វិញ ក៏​ទាំង​យើង ទាំង​គេ នឹងមាន​អារម្មណ៍ លែង​ខ្លាច​គ្នា​ទៀត​ដែរ​។​
​ ​
​យ៉ាងណា​ក៏ដោយចុះ បើសិនជា​ស្ថានភាព​ជំងឺ​កូ​វីដ​នៅក្នុង​ប្រទេស​យើង ដូច​សព្វថ្ងៃនេះ គឺ​យើងនឹង​អាច​ធូរស្បើយ ឆ្លង​ផុត​ដំណាក់កាល​រាតត្បាត​ជំងឺឆ្លង​នេះឆាប់ៗ​។ ប៉ុន្តែ​ក៏​គួរតែ​ទប់​ឲ្យ​ជាប់​អ្នកចំណូល​ថ្មី ពិសេស​ក្នុងពេល​ចូល​ឆ្នាំនេះ​តែម្តង​។

​សូម​បងប្អូន​ជនរួមជាតិ បន្ត​អនាម័យ លាងដៃ​នឹង​សាប៊ូ អាល់កុល ជែ​ល ពាក់​ម៉ាស់​ពេល​ជួប មនុស្ស​ច្រើន និង​រក្សា​គម្លាត​សង្គម តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ការបន្ត​រក្សា អនាម័យ រក្សា​គម្លាត​សង្គម​នេះ ដើម្បី​សុខភាព​ខ្លួនឯង​ផង ដើម្បី​ក្រុមគ្រួសារ​ផង និង​ដើម្បី សង្គមជាតិ​យើង​ផង​៕ ដោយៈ ម៉េង​ឆៃ​/Ha