សូម​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ និង​រថយន្ត​ធុន​ធំ ដឹកទំនិញ​គ្រប់​ប្រភេទ គោរព​ម៉ោង​ពេល​ថ្មី​!

853
ចែករម្លែក
  • 1
    Share

អាជ្ញាធរ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​កោះអញ្ជើញ​អាជ្ញាធរ​ខណ្ឌ ទាំង​១២ រួមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍ ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ គ្រប់​ប្រភេទ នៅក្នុង​រាជធានី​ភ្នំពេញ ចូលរួម​ប្រជុំ ដើម្បី​ណែនាំ​ពីបទ​បញ្ជា​ថ្មី ដែល​ហាម​រថយន្ត​ធំៗ ចេញចូល​ក្នុង​រាជធានី​ភ្នំពេញ​។

​ក្នុង​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានប្រកាស​ពី ការកំណត់​ម៉ោង​ពេលធ្វើ​ចរាចរណ៍​ថ្មី ដល់​រថយន្ត​ដឹកជញ្ជូន​ធុន​ធំ​ទាំងនេះ​។ ក្នុងនោះ​រថយន្ត ក្រឡុក​ស៊ីម៉ង់ត៍ អាចធ្វើ​ចរាចរ​នៅ​ភ្នំពេញ ចាប់ពី​ម៉ោង ៩​ព្រឹក ប៉ុន្តែ​ត្រូវ​ផ្អាក​នៅ​ម៉ោង ដែល​កម្មករ បុគ្គលិក សិស្សានុសិស្ស ចេញពី​ធ្វើការ និង​ចេញពី​សាលារៀន គឺ​នៅ​ម៉ោង ១១​ព្រឹក​ç ម៉ោង ២​រសៀល និង​ម៉ោង ៥​ល្ងាច​។ ដោយឡែក រថយន្ត​ធុន​ធំ ដឹកទំនិញ​គ្រប់​ប្រភេទ អាជ្ញាធរ​រាជធានី ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ចេញចូល​រាជធានី​ភ្នំពេញ នៅពេល​ថ្ងៃជា​ដាច់ខាត ពោលគឺ​ចាប់ពី​ម៉ោង ៦ ព្រឹក រហូតដល់​ម៉ោង ៩​យប់​។

ជាមួយនឹង​ការកំណត់​ពេលវេលា​ថ្មី សម្រាប់​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ និង​រថយន្ត​ធុន​ធ្ងន់​ដឹកជញ្ជូន ទំនិញ​គ្រប់​ប្រភេទ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​ខាងលើនេះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន ណែនាំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍ និង​ក្រុមហ៊ុន​រថយន្ត​ធុន​ធ្ងន់​ដឹកជញ្ជូន​ទំនិញ​ទាំងអស់ ត្រូវ​តាមដាន និង​ត្រួតពិនិត្យ​ទៅលើ​អ្នកបើកបរ​រថយន្តរ​បស់​ខ្លួន​ចៀសវាង​ឱ្យបាន​នូវ​ការប្រើ ប្រាស់​គ្រឿងញៀន និង​ត្រូវគោរព​ច្បាប់ទម្លាប់ ពិសេស​ម៉ោង​ពេល​ថ្មី​នេះ ដើម្បី​ចូលរួម​ធ្វើយ៉ាងណា ឲ្យ​រាជធានី​ភ្នំពេញ មាន​សណ្ដាប់ធ្នាប់​ល្អប្រសើរ​។​

​ក្រៅពី​ប្រកាស​ពី​ការកំណត់​ម៉ោង​ពេលធ្វើ​ចរាចរ​ថ្មី ដល់​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ និង​រថយន្ត​ធុន​ធំ ដឹកទំនិញ​គ្រប់​ប្រភេទ​នេះ ក្នុង​កិច្ច​ប​ប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ក៏បាន​ប្រកាស​ព្រមាន​ដល់​អភិបាលខណ្ឌ​ទាំង ១២ ត្រូវ​ត្រួតពិនិត្យ និង​ដាក់ បទបញ្ជា​ទៅកាន់​អាជ្ញាធរ​សមត្ថកិច្ច ដែល​ឈរជើង តាម​គោលដៅ​ទាំងអស់​ត្រូវ​ពិនិត្យ​ឲ្យ​បាន ម៉ត់ចត់ ចំពោះ​ការចេញចូល​រថយន្ត​ធុន​ធំ និង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ទាំងអស់​ប្រសិនបើ​មាន បញ្ហា​រថយន្ត​ធំ ធ្លាយ​ចេញចូល​ក្រុង តាម​គោលដៅ ខុសពី​ម៉ោង​ពេល​កំណត់​ខាងលើនេះ គឺ​គោលដៅ និង​អភិបាលខណ្ឌ​នោះ ជា​អ្នកទទួលខុសត្រូវ​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ព្រឹក​ព្រលឹម​ម៉ោង​ប្រមាណ ៧​ព្រឹក ថ្ងៃទី​២០ ខែកុម្ភៈ នៅ​មហាវិថី ព្រះមុនីវង្ស មុខ​វិទ្យាល័យ​បឹងត្របែក ក្នុង​រាជធានី​ភ្នំពេញ គឺ​ឡាន​ក្រឡុក​ស៊ីម៉ង់ត៍​មួយគ្រឿង ដោយ​មូល​ហេតុថា ឡាន​ដាច់​ហ្វ្រាំង បាន​បុក​រះ​អ្នកដំណើរ ដែល​កំពុង​កកកុញ​លើផ្លូវ បណ្តាល​ឲ្យ​លោកគ្រូ​បង្រៀន​ម្នាក់​ស្លាប់ និង​របួស​ជាច្រើន​នាក់​ផ្សេងទៀត​។​

​ករណី​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​ឡាន​ធុន​ធំ ក្រឡុក​ស៊ីម៉ង់ត៍​នេះ ត្រូវបាន​មហាជន បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង ដោយសារ​ថា កន្លងមក អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានដាក់​បទបញ្ជា រួចហើយ គឺ​ហាម​មិន​ឲ្យ​ឡាន​ធុន​ធំ ដឹកទំនិញ ឡាន​កុងតឺន័រ និង​ឡាន​ក្រឡុក​ស៊ីម៉ង់ត៍​ជាដើម ចរាចរណ៍​ក្នុង​ក្រុង ពោលគឺ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ឡាន​ធុន​ធំ​ទាំងនោះ ធ្វើចរាចរ​តែ​នៅពេល​យប់ ប៉ុណ្ណោះ​។ ការតម្រូវ​បែបនេះ ដើម្បី​កុំ​ឲ្យ​កកស្ទះ​ចរាចរ​ផង និង​ដើម្បី​ជៀសវាង​គ្រោះថ្នាក់ ជាយថាហេតុ​ផង​។​

​រំលង​ហេតុការណ៍​នេះ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ពោលគឺ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ទី​២៥ ខែកុម្ភៈ ឡាន​កុងតឺន័រ ដឹកទំនិញ​ខុស​ខ្នាត​មួយគ្រឿង​ទៀត បាន​ផ្ទុកទំនិញ​សំពីងសំពោង​ខ្ពស់​ហួសហេតុ ហើយ​កុងតឺន័រ​វែង​ជាង​ទ្រុង​ឡាន បាន​បើកបរ​ខុស​ម៉ោង​កំណត់​ផង​ក៏​មិនអាច​បើក​ចូល​ក្រោម​ស្ពាន បាន និង​បាន​ថយក្រោយ ប៉ះ​បង្កាន់ដៃស្ពាន​បណ្តាល​ឲ្យ​រង​ការខូចខាត​។ ករណីនេះ បាន​បង្ក​ការ កកស្ទះ​ចរាចរ​យ៉ាងខ្លាំង ដោយសារតែ​រថយន្ត​កុងតឺន័រ​នោះ​។​

​គេ​នៅ​ចាំបាន​ថា កន្លងមក អាជ្ញា​រាជធានី​ភ្នំពេញ បាន​ហាមឃាត់​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ជាពិសេស​រថយន្ត​កុងតឺន័រ មិនឱ្យ​បើកបរ ចូលក្នុង​ក្រុង ចាប់ពី​ម៉ោង ៥​ព្រឹក ដល់​ម៉ោង ៩​យប់ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ព្រមទាំង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ នៅក្នុង​ក្រុង ខណៈដែល​ចរាចរណ៍​សព្វថ្ងៃ កំពុង​កកស្ទះ​យ៉ាងខ្លាំង ស្ទើរ​គ្រប់​ផ្លូវ នៅ​ភ្នំពេញ​។ ក្នុងនោះ រថយន្ត​ធុន​ធំ​ទាំងអស់ ក៏​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​បើកបរ នៅពេល​ថ្ងៃ ចូលក្នុង​ខណ្ឌ​ចំនួន ៤ ក្នុង​រាជធានី​ភ្នំពេញ រួមមាន ខណ្ឌ ៧​មករា ខណ្ឌដូនពេញ ខណ្ឌទួលគោក និង​ខណ្ឌចំការមន ក៏ប៉ុន្តែ​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញចូល​បាន នៅតាម​តំបន់​ជាយក្រុង ដូចជា នៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៤ ផ្លូវ​វ៉េងស្រេង និង​ផ្លូវ​លេខ ២៧១ ជាដើម​។​

​ប៉ុន្តែ​សម្រាប់​ពេលនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានកំណត់​ជាថ្មី​ថា រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ អាចធ្វើ​ចរាចរណ៍ នៅ​ភ្នំពេញ ចាប់ពី​ម៉ោង ៩​ព្រឹក ប៉ុន្តែ​ត្រូវ​ផ្អាក​នៅ​ម៉ោង ដែល​កម្មករ បុគ្គលិក សិស្សានុសិស្ស ចេញពី​ធ្វើការ និង​ចេញពី​សាលារៀន គឺ​នៅ​ម៉ោង ១១​ព្រឹក ម៉ោង ២​រសៀល និង​ម៉ោង ៥​ល្ងាច​។ ដោយឡែក រថយន្ត​ធុន​ធំ ដឹកទំនិញ​គ្រប់​ប្រភេទ អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ចេញចូល​រាជធានី​ភ្នំពេញ នៅពេល​ថ្ងៃជា​ដាច់ខាត ពោលគឺ​ចាប់ពី​ម៉ោង ៦ ព្រឹក រហូតដល់​ម៉ោង ៩​យប់​។

​ដូច្នេះ​មានតែ​ក្រុមហ៊ុន​ដឹកជញ្ជូន ក្រុមហ៊ុន​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ និង​អ្នកបើកបរ​ខ្លួនឯង ត្រូវតែ​អនុវត្ត​នូវ​បទបញ្ជា​ម៉ោង​ពេល​ថ្មី​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ការកកស្ទះ ចរាចរណ៍​ផង និង​ជាពិសេស​ជៀង​វាង​គ្រោះថ្នាក់​ជាយថាហេតុ​ដែល​អាច​មាន​ដល់​ការបាត់បង់ ជីវិត​អ្នកដំណើរ​ផង​។ បើសិន​ជាមាន​ហេតុការណ៍​អាក្រក់​ទាំងនេះ​កើតឡើង នោះ​គឺ​ក្រុមហ៊ុន​រថយន្ត ដឹកជញ្ជូន​ទំនិញ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ និង​ជាពិសេស​អ្នកបើកបរ​ខ្លួនឯង នឹងត្រូវ​មាន​បញ្ហា ប្រឈមមុខ​ផ្លូវច្បាប់ ត្រូវ​ខាតបង់​ទ្រព្យសម្បត្តិ ពេលវេលា​ហើយ​បើ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​បង្ក​ឲ្យ​មាន អ្នករបួស និង​ស្លាប់ គឺ​ត្រូវ​ជាប់ទោស​តាមច្បាប់​ថែមទៀត​។​

​រីឯ​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​ប៉ូលិស​ចរាចរណ៍ ដែល​ត្រូវបាន​ដាក់ពង្រាយ​ប្រចាំការ​តាម គោលដៅ​នានា នៅ​ផ្លូវ​ចេញ​ចេញ​សំខាន់ៗ​គ្រប់​ច្រក ក្នុង​រាជធានី​ភ្នំពេញ​ក៏ត្រូវ​អនុវត្ត​នូវ​បទបញ្ជា​នេះ ឲ្យ​ម៉ឹងម៉ាត់​។ កុំ​ឡើយ​ដោយសារតែ​លុយ​ប៉ុន្មាន​ពាន់ ឬក៏​ថា ដល់​រាប់ម៉ឺន​រៀល បែរជា​បើក​ប៉ា​រ៉ា​ស់ អនុញ្ញាត​ឲ្យ​ឡាន​ក្រឡុក​ស៊ីម៉ង់ត៍ និង​ឡាន​ធុន​ធំ ដឹកទំនិញ បើក​ចេញចូល​ក្រុង ក្នុង​ម៉ោង​ហាមឃាត់ ដែល​នាំ​ដល់​ការបង្ក​ការកកស្ទះ​ចរាចរណ៍​ម្យ៉ាង​ហើយ តែ​បើសិនជា​ហេតុការណ៍​អាក្រក់ គឺ​ឡាន​ធុន​ធំ​ទាំងនោះ បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារតែ​ដាច់​ហ្វ្រាំង ជាប់​ហ្គែ​បុក​រះ​ចូល​ផ្ទះ នៅជាប់​ផ្លូវ ឬក៏​បើក​បុក​ស្ពាន​អាកាស បាក់​ស្ពាន​។​ល​។ និង​។​ល​។ នោះ​គឺជា​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ដែល​មិនគួរ​កើតមាន​ទាល់តែសោះ​។​

​ជារួម សូម​ក្រុមហ៊ុន​ដឹកជញ្ជូន ដែល​ប្រើប្រាស់​រថយន្ត​ធុន​ធំ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ និង​រថយន្ត កុងតឺន័រ ព្រមទាំង​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ទាំងនោះ ពិសេស​អាជ្ញាធរ​សមត្ថ​កិច្ច​ត្រូវ​អនុវត្តន៍​ឲ្យ បាន​នូវ​ម៉ោង​ពេល ធ្វើ​ចរាចរណ៍​រថយន្ត​ធុន​ធំ​នៅក្នុង​ក្រុង ព្រមទាំង​បើកបរ​ដោយ​បង្កើន​ការ​ប្រុង ប្រយ័ត្ន​ខ្ពស់ ជៀសវាង​គ្រោះថ្នាក់​ណាមួយ ជាយ​ហេតុ​។ ផ្ទុយទៅវិញ បើសិនជា​នៅតែមាន​ឡានធំ ចេញចូល​ក្រុង ខុស​ម៉ោង គឺ​ងាយស្រួល​តើ ដោយ​អាជ្ញាធរ​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ ចាប់យក ឡាន​នោះ ហើយ​ខុស​លើក​ទី​១ រង​នូវ​ការព្រមាន ។​បើ​ខុស​លើក​ទី​២ ត្រូវ​ពិន័យ​ជា​ប្រាក់ និង​ផ្អាក ការបើកបរ​មួយរយៈ ហើយ​បើ​នៅតែ​បំពាន ឈានដល់​ខុស​លើក​ទី​៣ គឺ​ត្រូវ​ឈប់​ឲ្យ ឡាន​នោះ បើកបរ​ចរាចរណ៍​តែម្តង​។ រីឯ​អាជ្ញាធរ​សមត្ថកិច្ច ប្រចាំការ​នៅ​ច្រក​ផ្លូវចេញចូល ដែល​អនុញ្ញាត ឲ្យ​ឡានធំ​ធ្វើ​ចរាចរណ៍​ខុស​ម៉ោង​ពេល ក៏ត្រូវ​ទទួលរង​នូវ​វិន័យ​ធ្ងន់ធ្ងរ និង​បើក​ញឹក ញាប់​ពេក ក៏​អាច​ដក​បញ្ឈរជើង​ហើយ​អាចនឹងទទួល​រង​នូវ​ការបណ្តេញ​ចេញពី ការងារ​ថែមទៀត​ផង​។ ធ្វើ​ដូច្នេះ នោះ​បទបញ្ជា​ថ្មី​របស់​អភិបាលក្រុង នឹងមាន​ប្រសិទ្ធភាព​ជាក់​ជាមិនខាន​។​

​ក៏ប៉ុន្តែ​គេ​ក៏ត្រូវ​ប្រយ័ត្ន​ដែរ គឺ​ប្រយ័ត្ន​ករណី​ឡាន​ដឹកទំនិញ​ធំៗ របស់​អ្នកមានអំណាច​ឈ្មួញ​មួយ ចំនួន ដែលមាន​អ្នកធំ​ការពារ​។ តើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ហ៊ាន​ឃាត់ ហ៊ាន​ហាម មិន​ឲ្យ​បើកបរ នៅ​ម៉ោង​ពេល​ហាមឃាត់ ដែរឬទេ​? នេះ​ជា​សំណួរ​មួយ ដែល​ត្រូវមាន​ចម្លើយ​ពី​ថ្នាក់ដឹកនាំ​កំពូល ផុត​លេខ ទើប​អាច​ទប់ស្កាត់​ឡាន​ដឹកទំនិញ​ធំៗ របស់​ឈ្មួញ និង​អ្នកមានអំណាច ដែលមាន​អ្នកធំ ការពារ​ពីក្រោយ ដូច​ករណី​ឡានធំៗ​ទាំងនោះ មិន​ចូល​ជញ្ជីង​ថ្លឹង​ទម្ងន់​រថយន្ត​ដឹក​លើស​ចំណុះ ដូច្នោះ​ដែរ​៕ ដោយ​: ម៉េង​ឆៃ​