សូម​ឈ្វេងយល់​ព័ត៌មាន​ពិត ច្បាស់​ការណ៍ កុំ​ទាន់​ជឿ ពេលលឺ​គេ​និយាយ​!

327
ចែករម្លែក

ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ នេះ​តទៅ ប៉ូលិសចរាចរណ៍ នៅ​ទូទាំងប្រទេស​ចាប់​ផ្តើមចេញ អនុវត្ត​វិធានការ​រឹតបន្តឹង​ការអនុវត្ត​ន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​អនុក្រឹត្យ លេខ​៣៩​។​ជា​អនុក្រឹត្យ​ថ្មី ដែល​សម្រេច​កែសម្រួល​លើ​អនុក្រឹត្យ​ចាស់​មួយចំនួន ដោយ​បង្កើន​ប្រាក់​ផាកពិន័យ និង​ទោសទណ្ឌ​ធ្ងន់ធ្ងរ​ជាង​មុន ចំពោះ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​។​
​ ​
​កាលពី​ថ្ងៃទី​៣០​មេសា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសអំពាវនាវ សូម​បង ប្អូន​ជនរួមជាតិ មាន​សុវត្ថិភាព ក្នុងការ​បើកបរ​នៅ​ទូទាំងប្រទេស ហើយ​សូម​គោរព​ច្បាប់ចរាចរណ៍ ទាំងអស់គ្នា​។ ក្នុងនោះ ក្នុងពេល​បើកបរ​យាន​យន្ត សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ត្រូវមាន​ឯកសារ​ចាំបាច់​បំផុត ពីរ​គឺ​ប័ណ្ណបើកបរ និង​ឆៀករថយន្ត​។​
​ ​
​សម្តេច​តេ​ជោ បញ្ជាក់ថា ប្រសិនបើ​ប័ណ្ណបើកបរ​ផុតកំណត់ គឺ​ត្រូវ​បន្ត​សុពលភាព​ឡើងវិញ​។ ហាម​ដាច់ខាត​បញ្ជា​យានយន្ត​នៅលើ​ដងផ្លូវ ដោយ​គ្មាន​ប័ណ្ណបើកបរ ឬ​ប័ណ្ណបើកបរ​ផុតកំណត់ ដោយ​មិនបាន​បន្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ ដែល​អាច​ប្រឈម​នឹង​ការផាកពិន័យ​ធ្ងន់​។

​ពាក់ព័ន្ធ​នឹង​វិធានការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ ក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមេសា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ប៉ូលិសនឹង​ឃាត់​ដំណើរ ហើយ​សួរនាំ​រក​ឯកសារ​ផ្សេងៗតែ​ទៅលើ​អ្នក​ទាំងឡាយណាដែល​បំពាន​ច្បាប់ ស្ដីពី ចរាចរណ៍​ផ្លូវគោក​ប៉ុណ្ណោះ​។

​ជាមួយគ្នានេះ ក្នុង​សន្និសីទកាសែត រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល កាលពី រសៀល​ថ្ងៃទី​៣០​មេសា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ចរាចរ​ណ៍ បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១​ឧសភា​ស្អែក​នេះ ប៉ូលិស​ចរាចរណ៍ នឹង​ចេញ​ប្រតិបត្តិការ​រឹតបន្តឹង​ការអនុវត្ត​ន៍ច្បាប់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ដូច​ការគ្រោងទុក​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន លើកឡើងថា ការកំណត់​ឲ្យ​អ្នកបើកបរ​ឡាន​យក​ឯកសារច្បាប់ដើម​តាម​ខ្លួន គឺ​ប័ណ្ណបើកបរ និង​១​ទៀត លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​។ ក្រៅពីនោះ ដូចជា កាត​គ្រី និង​ឯកសារ​ផ្សេងទៀត ម្ចាស់​យានយន្ត អាច​ទៅប្រើ​ប្រាស់​ឯកសារ​ថតចម្លង​ដោយមាន​ការបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន ឃុំ​សង្កាត់ ស្រុក​ខណ្ឌ​ក្រុង បាន​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បន្ថែមថា ចាប់ពី​ថ្ងៃទី​១​ឧសភា​នេះ ប៉ូលិស​ចរាចរណ៍ បានកំណត់​ត្រួតពិនិត្យ និង​អនុវត្ត​នូវ​វិធានការ​រឹតបន្តឹង​នេះ លើ​តែ​យានយន្ត​ណាដែល​ល្មើសច្បាប់ប៉ុណ្ណោះ​។ ក្នុងនោះ ចំពោះ​ម៉ូតូ កំណត់​យក​បទល្មើស​អា​ទិ​ភាព​ចំនួន ៧​បទល្មើស ក្នុងចំណោម ៣៣​បទល្មើស ដែល​ត្រូវ​ផាកពិន័យ​។ រីឯ​រថយន្ត កំណត់​យក​បទល្មើស​អា​ទិ​ភាព ៩​បទល្មើស ក្នុងចំណោម​បទល្មើស ៤៨ ដែល​ត្រូវ​ផាកពិន័យ​។​

​បទល្មើស​អាទិភាព ទាំង ៧ សម្រាប់​ម៉ូតូ ដែល​ប៉ូលិស​ចរាចរណ៍ នឹង​អនុវត្ត​វិធានការ​ផាកពិន័យ ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ រួមមាន​៖ ១-​មិន​ពាក់មួក​សុវត្ថិភាព​, ២-​ស្រវឹងពេល​បើកបរ ,៣-​មិន​គោរព​ភ្លើង ផ្លាក​សញ្ញា​ចរាចរណ៍​, ៤-​ល្មើស​ក្នុង​ការបត់ ឬ​វ៉ា​ជែង​, ៥-​ដឹក​លើស​ចំណុះ​,៦-​គ្មាន​ផ្លាកលេខ​និង ៧-​ប្រើ​ទូរស័ព្ទ ក្នុងពេល​បើកបរដោយ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង​។

​រីឯ​បទល្មើស​អាទិភាព ទាំង ៩ ដែល​ប៉ូលិស​ចរាចរណ៍ នឹង​អនុវត្ត​ផាកពិន័យ លើ​រថយន្ត ចាប់ពីថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២០ រួមមាន ១-​ល្មើស​ល្បឿន​, ២-​ស្រវឹង​, ៣-​មិនមាន​ប័ណ្ណបើកបរ​ឬ​ប័ណ្ណ បើកបរ​ហួស​សុពលភាព​, ៤-​មិន​គោរព​ភ្លើង ផ្លាក​សញ្ញា​ចរាចរណ៍​, ៥-​ល្មើស​ក្នុង​ការបត់ វ៉ា​ជែង​, ៦-​មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​, ៧-​ការដឹក​លើស​ចំណុះ​, ៨-​គ្មាន​ផ្លាក​លេខ និង​៩-​អ្នកបើកបរ ប្រើប្រាស់​ទូរស័ព្ទ ដោយ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង​។​

​ក្រៅពីនោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បន្ថែមថា ប៉ូលិស​ចរាចរណ៍ក៏​នឹង​អនុវត្ត​នូវ បទល្មើស​បន្ទាប់បន្សំ ដូចជាចត​ខុសច្បាប់ នាំ​ឲ្យ​កកស្ទះ​ចរាចរណ៍ រថយន្ត​មិនមាន​ឆៀក ឬក៏​ឆៀក ហួស​សុពលភាព ជាដើម​។​

​វិធានការ​រឹតបន្តឹង​ការអនុវត្ត​ន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក ចាប់ពី​ថ្ងៃទី​១ ខែឧសភា​ត្រូវបាន​លោកនាយឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់ថា ក្នុង​គោលបំណង ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យ​បានជា​អតិបរិមា ក៏ដូចជា​ការកាត់បន្ថយ​នូវ​គ្រោះថ្នាក់ ដែល​នាំ​ដល់​ការបាត់​បង់ជីវិត និង​ខូច ខាត​ទ្រព្យសម្បត្តិ ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​។​

​សូម​រម្លឹកថា ក្នុង​អនុក្រឹត្យ លេខ​៣៩ ដែល​បាន​កែសម្រួល​អនុក្រឹត្យ​ចាស់ ហើយ​ត្រូវ​ប៉ូលិស ចរាចរណ៍ យកមកអនុវត្ត​ក្នុងការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចាប់ពី​ថ្ងៃទី​១​ឧសភា​នេះ បានកំណត់​ពី​ការបង្កើន​ប្រាក់​ផាកពិន័យ លើ​យានយន្ត​ល្មើសច្បាប់​។ ក្នុងនោះ ច្បាប់​ចាស់ បានកំណត់​ពី​ការផាកពិន័យ​អ្នកបើកបរ និង​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ដូចជា​មិន​ពាក់មួក​សុវត្ថិភាព ទាប​បំផុត ១៥.០០០ រៀល តែ​ច្បាប់​ថ្មី​បានកំណត់​ផាក ពិន័យ​ម៉ូតូ​ទាប​បំផុត ៦០.០០០ រៀល​។ រីឯ​រថយន្ត ច្បាប់​ចាស់ កំណត់​ផាកពិន័យ​ទាប​បំផុតលើ​អ្នកបើកបរ និង​អ្នក​អង្គុយ​កៅអី​ខាងមុខ មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ២៥.០០០ រៀល តែ​ច្បាប់​ថ្មី បានកំណត់​ទាប​បំផុត ៧៥.០០០ រៀល​។​

​ដូច្នេះ សូម​បងប្អូន​អ្នកបើកបរ និង​អ្នកធ្វើដំណើរ​តាម​យានយន្ត​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ច​រាចរណ៍ ដោយ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ត្រូវ​ពាក់មួក​សុវត្ថិភាព គោរព​ភ្លើង និង​ផ្លាក​សញ្ញា​ចរាចរណ៍ ជាដើម​។ រីឯ​អ្នកបើកបរ​រថយន្ត ក៏ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព បើកបរ​កុំ​លឿន​ពេក​ត្រូវមាន​ប័ណ្ណ បើកបរ បើ​ស្រវឹង​កុំ​បើកបរ និង​កុំ​ដឹក​លើស​ចំណុះ ជាដើម នោះ​គឺ​មិនមាន​ប៉ូលិស​ណា​យក​ស្ទាក់ ឃាត់ ហៅ​ចាប់​ផាក​នោះឡើយ​៕ ដោយ​:​ម៉េង​ឆៃ​/Ha