សូ​ដា នី​តា ធ្លាប់​ប្រកាស​ទារលុយ​ពី​អ្នកដឹកនាំ​ល្បី​ក្នុង​ផលិតកម្ម​ភាពយន្ត​មួយ​

193
ចែករម្លែក

​ភ្នំពេញ​៖ តារា​សម្តែង​អ្នកនាង សូ​ដា នី​តា ដែល​ទើបនឹង​ជួប​ទុក្ខ​ធំ​ដោយសារតែ​បាត់បង់​ម្តាយ កាលពី​ថ្មីៗ​នេះ ធ្លាប់បាន​ប្រកាស​ទារលុយ​ពី​ផលិតករ​ប្រចាំ​ផលិតកម្ម​ថោ​ន លោក រិ​ទ្ធ អូ​មេ​ហ្គា (Rith Omega) ចំនួន​៦.៥០០​ដុល្លារ​អាម៉េរិក ​ដោយ​ការប្រកាស​នេះ​បានធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើលជាថ្មី​គឺ​ក្រោយពី​ពិធីករ សុខ រ៉ាស៊ី ទើបនឹង​ប្រកា​សទា​លុយ​ពី​អ្នកដឹកនាំ​ដដែល​នេះ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០​កន្លងមក​។​

​ដោយ​ទើបនឹង​បាត់បង់​ម្តាយ​ជាទី​ស្រលាញ់ មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង សូ​ដា នី​តា នឹង​រៀបចំ​ពី​ធី​បុណ្យគម្រប់​៧​ថ្ងៃ​ជូន​អ្នក​ម្តាយ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយនេះ​។ អ្វីដែល​កាន់តែ​ភ្ញាក់ផ្អើល​មុន​ពិធី​នេះមកដល់ នាង​បានប្រកាស​ចំៗ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទៅកាន់​លោក ឃុន ធា​រិ​ទ្ធិ ហៅ រិ​ទ្ធិ អូ​មេ​ហ្គា​ឲ្យ​ចេញមុខ​មក​ដោះស្រាយ​បំណុល​ចំនួន ៦.៥០០​ដុល្លារ​អាម៉េរិក​។

​នាង​លើកឡើងថា ​ជា​អតីត​អ្នកដឹកនាំ​សម្ដែង​ផលិតកម្ម​ក្នុងស្រុក​មួយ​នោះ បាន​ជំពាក់​ប្រា​ក់នាង ចំនួន ៦.៥០០ ដុល្លារ​អាម៉េរិក ហើយ​មិន​ព្រម​សង ដោយបាន​ត្រឹម​សន្យា​ចោលៗ​ជាច្រើនលើក​។ ដូច្នេះហើយ នាង​បានស្នើ​ឲ្យ​ភាគី​កូនបំណុល​របស់​នាង​ចេញ​មកជួប​ដោះស្រាយ​ជាមួយ​នាងម្ដងទៀត​។ ក្នុង​សំណេរ​នោះ​ដដែល តារា​ម៉ូ​ដែល​បញ្ជាក់ថា លោក Rith Omega មិន​លើក​ទូរស័ព្ទ របស់​នាង​។ ដូច្នេះហើយ នាង​ថា បើ​លោក ធា​រិ​ទ្ធ មិនចេញមក​ដោះស្រាយ​ជាមួយ​នាង នាង​នឹងដាក់ បណ្ដឹង​ឡើងដល់​តុលាការ​។​

​លោក រិ​ទ្ធ អូ​មេ​ហ្គា បាន​ឲ្យ​ដឹងថា ចំពោះ​លុយ​ដែល​លោក​ជំពាក់ គឺជា​លុយ​ដែល​ភាគី​ខាង​ស្រី ជា​អ្នក​កក់​លើ​ការទិញ​ម៉ាស់ ១​ម៉ឺន​ដុល្លារ​អាម៉េរិក (​សង​បាន ៣.៥០០​ហើយ​) ហើយ​ហេតុដែល​លោក​ភ្លាត់​ធ្លាក់​ជា​កូនបំណុល គឺ​ដោយសារតែ​លោក​ចាញ់បោក​គេ​បន្ត​ដែរ ទោះយ៉ាង​ណាលោក នៅតែ​ទទួលខុសត្រូវ​ចំពោះ​លុយ​នោះ ជាក់ស្ដែង​លោក​ក៏បាន​សង​ខ្លះ​ហើយ​។

​តប​នឹង​ការប្រកាស​របស់ សូ​ដា នី​តា លោក រិ​ទ្ធ អូ​មេ​ហ្គា បាន​បញ្ជាក់ថា លោក​មិនបាន​គេចវេះ ឬ​រត់​ទៅណា​ទេ ពេលខ្លះ​លោក​មិនបាន​លើក​ទូរស័ព្ទ​ព្រោះតែ​លោក​រវល់ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​នៅតែ​ព្យាយាម​តប​ទៅ​ភាគី​តារា​ស្រី​ជា​រហូតមក មិនបាន​គេចវេះ​នោះទេ​។ លោក បញ្ជាក់ថា ល្ងាច​នេះ មេធាវី​លោក នឹង​ទាក់ទង​ទៅ​ភាគី សូ​ដា នី​តា វិញ​ដើម្បី​បញ្ជាក់​។​

​ប៉ុន្តែ​សម្រាប់​តារា​ស្រី សូ​ដា នី​តា បានលើកឡើង​ទៀតថា នាង​ប្រកាន់​ត្រង់​ថា លោក រិ​ទ្ធ អូ​មេ​ហ្គា បាន​ខកខាន​ក្នុង​ការសង​ប្រាក់​នាង​ត្រឡប់មកវិញ​ម្ដង​ហើយ​ម្ដងទៀត ពោលគឺ​បានត្រឹមតែ​សន្យាៗ ប៉ុន្តែ​មិន​សង ក្នុងនោះ នាង​បញ្ជាក់ទៀតថា ភាគី​កូនបំណុល​មាន​ទាំង​ផ្ដិតមេដៃ​ធានា​សង​ប្រាក់នាង​ម្ដង​ជា​ពីរដង​ទៀត ប៉ុន្តែ​នៅតែ​មិនឃើញ​លោក​សង​ដដែល​៕ ដោយ​: បូ​រិ​ន​